នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដូសទីពីររបស់ក្រុមហ៊ុន AstraZeneca នៅមជ្ឈមណ្ឌល Francis Crick នៅទីក្រុងឡុងដុង។ នាយករដ្ឋមន្ត្រីបានបង្ហោះរូបភាពលើបណ្តាញសង្គម Twitter បង្ហាញឲ្យឃើញថាលោកបានពាក់ម៉ាស់ ពេលចូលចាក់វ៉ាក់សាំង។
នាយករដ្ឋមន្ត្រីអង់គ្លេសបានបញ្ជាក់ក្រោយការចាក់វ៉ាក់សាំងថា លោកនឹងប្រុងប្រយ័ត្នខ្ពស់ចំពោះ ការឆ្លងថ្មី ក្រោយបញ្ចប់ការបិទខ្ទប់នៅថ្ងៃទី២១ខែមិថុនា ។ នៅពេលនេះដែរ អង់គ្លេសអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំង Pfizer ចំពោះក្មេងអាយុចន្លោះពី១២ ដល់១៥ឆ្នាំផងដែរ។
រដ្ឋាភិបាលអង់គ្លេសបានអនុម័តឱ្យប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន Pfizer/ BioNTech ចំពោះកុមារដែលមានអាយុចាប់ពី១២ ដល់១៥ឆ្នាំដោយនិយាយថា វ៉ាក់សាំងនេះមានសុវត្ថិភាពនិងមានប្រសិទ្ធភាពសម្រាប់អាយុក្រុមនេះ ហើយអត្ថប្រយោជន៍របស់វាទៀតសោតមានច្រើនជាងហានិភ័យ។
ទីភ្នាក់ងារត្រួតពិនិត្យផលិតផលឱសថ និងសុខាភិបាល (MHRA) របស់អងគ្លេសបាននិយាយថា ខ្លួនបានធ្វើការត្រួតពិនិត្យយ៉ាងហ្មត់ចត់លើវ៉ាក់សាំងនេះសម្រាប់ក្មេងជំទង់។ ទោះជាយ៉ាងណា គណៈកម្មការចម្រុះសម្រាប់ការចាក់វ៉ាក់សាំងនឹងធ្វើការសម្រេចចិត្តថា តើកុមារគួរទទួលចាក់វ៉ាក់សាំងទាំងនោះ ឬអត់។
គួរបញ្ជាក់ថា នៅពេលថ្មីៗនេះ សហភាពអឺរ៉ុបបានអនុម័តឱ្យប្រើប្រាស់វ៉ាក់សាំង Pfizer ចំពោះក្មេងជំទង់អាយុចន្លោះពី ១២-១៥ ឆ្នាំរួចស្រេចទៅហើយ ខណៈដែលសហរដ្ឋអាមេរិក និងកាណាដាបានចាប់ផ្តើមចាក់វ៉ាក់សាំងលើកុមារនៅក្នុងក្រុមអាយុនេះ កាលពីដើមខែនេះមកម៉្លេះ៕
រូបភាព៖ VOV