ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ ការបិទខ្ទប់លំនៅឋានរបស់បងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ គឺរដ្ឋបាលរាជធានីធ្វើឡើងដោយការបង្ខំចិត្តតែប៉ុណ្ណោះ មិនមានចេតនាណាមួយធ្វើបាបបងប្អូននោះទេ ពោលគឺចង់ឱ្យបងប្អូនប្រជាពលរដ្ឋ មានសុខុមាលភាព ជៀសវាងបាននូវការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ខណៈដែលជំងឺនេះបាននិងកំពុងវាយលុកនៅក្នុងរាជធានីនិងនៅតាមបណ្តាខេត្តនានានៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
មានប្រសាសន៍លើកឡើងបែបនេះរបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ខណៈ ដែលលោកដឹកនាំអាជ្ញាធរនិងមន្ត្រីនាំយកអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនប្រជាពលរដ្ឋ និងកម្មករ-កម្មការិនីចំនួន៧.៩៨៨ គ្រួសារ នៅក្នុងតំបន់បិទខ្ទប់នៅភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១។
លោក ឃួង ស្រេង បានមានប្រសាសន៍ថា៖ ការបិទខ្ទប់លំនៅឋានរបស់បងប្អូនប្រជាពលរដ្ឋគឺធ្វើឡើងដោយការបង្ខំចិត្ត ដើម្បីទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ។ ដូច្នេះសូមបងប្អូនមេត្តាយោគយល់ និងរួមគ្នាទប់ស្កាត់ឲ្យបាននូវការរីករាលដាលជំងឺកូវីដ១៩ទាំងអស់គ្នា។
លោក ឃួង ស្រេង មានប្រសាសន៍ទៀតថា បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនីរោងចក្រ រស់នៅក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ដែលត្រូវបានអាជ្ញាធរបង្ខំចិត្តបិទ
ខ្ទប់ភូមិឋាន និងនាំយកអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មកប្រគល់ជូននេះ មានចំនួ៧.៩៨៨គ្រួសារស្មើនឹង៧.៩៨៨បន្ទប់ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ២៥ គីឡូក្រាម, មី១កេស,ត្រីខ១យួរ ទឹកត្រីទឹកស៊ីអ៊ីវ១យួរ និងទឹកបរិសុទ្ធ១កេស ។
លោកបានបន្ដថា សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ណាស់ចំពោះប្រជាពលរដ្ឋកម្ពុជាទាំងមូល សម្តេចមិនត្រឹមតែរំដោះប្រជាពលរដ្ឋចេញពីការកាប់សម្លាប់នៃរបបប៉ុលពតប៉ុណ្ណោះទេ គឺសម្តេចនៅបានកសាងប្រទេសជាតិមួយនេះពីបាតដៃទទេ រហូតមានការអភិវឌ្ឍរីកចម្រើន មានទាំងរោងចក្រ សហគ្រាស,កម្មករ,កម្មការីនីបានប្រាក់ខែខ្ពស់ថែមទៀត។ ជាក់ស្តែងអ្វីដែលយើងបានឃើញនៅពេលនេះ សម្តេចតេជោ ហ៊ុន សែន បានពុះពារគ្រប់បែបយ៉ាងក្នុងការលុបបំបាត់និងកាត់ផ្តាច់ឱ្យបាននូវការរីករាលដាលជំងឺកូវីដ-១៩ ដោយមានទាំងការបង្ខំចិត្តបិទខ្ទប់តំបន់មានហានិភ័យមួយចំនួន ការផ្តល់ស្បៀងអាហារនិងការស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនបងប្អូនប្រជាពលរដ្ឋដោយមិនយកប្រាក់ថែមទៀត ។ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនីទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តវិធានការរបស់ក្រសួងសុខាភិបាលនិងអនុវត្ត ៣កុំ ៣ការពាររបស់សម្តេចតេជោហ៊ុន សែន។
ក្នុងឱកាសនោះដែរលោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ បានមានប្រសាសន៍បញ្ជាក់ថា៖ អំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត
ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានអាជ្ញាធររាជធានី ខណ្ឌ នាំទៅចែកជូនប្រជាពល រដ្ឋរងគ្រោះនិងងាយរងគ្រោះដោយជំងឺកូវីដ-១៩នេះបានចំនួនជាង១០ម៉ឺន៥ពាន់គ្រួសារហើយ ។ ជាក់ស្តែងនៅពេលនេះយើងបានបន្តការចែកជូនប្រជាពលរដ្ឋចំនួន៧៩៨៨គ្រួសារទៀតនៅតំបន់បិទខ្ទប់នៃភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យនេះ ថែមទៀត៕
ដោយ៖ សំរិត