ខ្សែបម្រើ Kevin de Bruyne ដែលកំពុងលេងឲ្យក្រុមមេឃខៀវ Manchester City បានទទួលការវះកាត់តិចតួចលើរបួសផ្ទៃមុខរបស់គាត់ដោយជាសះស្បើយ ហើយនឹងចូលរួមជាមួយក្រុមជម្រើសជាតិបែលហ្ស៊ិកនៅថ្ងៃចន្ទនេះ។
កីឡាករវ័យ២៩ឆ្នាំរបស់ក្រុម Manchester City រូបនេះបានបាក់ខ្ទង់ច្រមុះនិងរបួសភ្នែកខាងឆ្វេងនៅក្នុងការប៉ះទង្គិចគ្នាជាមួយកីឡាករ Antonio Rudigerរបស់ក្រុមតោខៀវ Chelsea នៅវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League កាលពីថ្ងៃសៅរ៍សប្តាហ៍កន្លងទៅ។
គ្រូបង្វឹកក្រុមបែលហ្ស៊ិកលោក Roberto Martinez មានប្រសាសន៍ថា“ប្រតិបត្តិការនេះចំណាយពេលតែ ២០នាទីប៉ុណ្ណោះ។ វាដំណើរការទៅយ៉ាងល្អ និងវិជ្ជមានសម្រាប់កីឡាករឆ្នើមរបស់យើង”។
លោក Martinez បានបន្ថែមថា “ការវះកាត់តូចតាចនេះគឺចាំបាច់សម្រាប់ការគិតគូររយៈពេលវែង។ គាត់នឹងមិនត្រូវការការព្យាបាលយូរទេ។បុគ្គលិកពេទ្យពេញចិត្តនឹងលទ្ធផលនេះ យើងទន្ទឹងរងចាំថ្ងៃចន្ទនៅពេលដែលគាត់នឹងចូលរួមជាមួយក្រុមរបស់យើង។ យើងត្រូវតែបង្ហាញថាយើងបានបោះជំហានទៅមុខក្នុងការរៀបចំនេះ។ យើងកំពុងប្រឈមមុខនឹងក្រុមខ្លាំងដែលមានបទពិសោធន៍ និងគុណភាពបច្ចេកទេសជាច្រើននៅតំបន់បម្រើ”។
សូមបញ្ជាក់ថា ក្រុមជម្រើសជាតិបែលហ្ស៊ិកនឹងប៉ះក្រុមរុស្ស៊ីក្នុងការបើកឆាកការប្រកួតយូរ៉ូ២០២០ របស់ពួកគេនៅថ្ងៃទី ១២ ខែមិថុនាមុនពេលប្រឈមមុខនឹងក្រុមដាណឺម៉ាក (ថ្ងៃទី១៧ មិថុនា) និងប៉ះហ្វាំងឡង់ (ថ្ងៃទី២១ មិថុនា) ។ ការប្រកួតកម្តៅសាច់ដុំចុងក្រោយរបស់បែលហ្ស៊ិកគឺទទួលក្រុមភ្ញៀវក្រូអាតនៅថ្ងៃអាទិត្យនេះបន្ទាប់ពីប្រកួត ១-១ ក្នុងការប្រកួតមិត្តភាពជាមួយប្រទេសក្រិក។
បែលហ្ស៊ិកគឺជាក្រុមដែលមានចំណាត់ថ្នាក់ខ្ពស់ជាងគេនៅលើពិភពលោកក្នុងតារាង FIFA ហើយ De Bruyne ត្រូវបានគេកំណត់ថា ជាតួអង្គសំខាន់ក្នុងការបង្ហាញមុខសម្រាប់ការប្រកួតដ៏ធំនៅអឺរ៉ុបមួយនេះ ៕ដោយ ៖ ភារៈ