ភ្នំពេញ, ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចតេជោ ហ៊ុនសែន នឹងត្រូវទទួលវ៉ាក់សាំងបន្ថែមទៀតដើម្បីចាក់ជូនប្រជាពលរដ្ឋនៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស ការពារជំងឺកូវីដ-១៩ ហើយចាត់ទុកថាជាដំណឹងរីករាយ, ! ខណ:កម្ពុជា នឹងទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ស៊ីណូវ៉ាក់ ចំនួន ៥០ មុឺនដូស បន្ថែមទៀត ដែលនឹងដឹកមកដល់ នៅថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២១ ខាងមុខនេះ ! ។ បើយោងតាមការបញ្ជាក់របស់ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឲ្យដឹងថា នៅថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២១ខាងមុខនេះ កម្ពុជា នឹងទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សុីណូវ៉ាក់ ចំនួន ៥០ មុឺនដូស ក្នុងចំណោម ៤ លាន ៥សែនដូស ដែលនឹងដឹកមកដល់កម្ពុជាជាបន្តបន្ទាប់ទៀត។
សូមជម្រាបជូនផងដែរថា, បើតាមការអះអាងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលបានបញ្ជាក់ក្នុងសារសំឡេងពិសេសកាលពីថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២១កន្លងទៅនេះ ក្នុងនោះសម្តេចតេជោបានមានប្រសាសន៍ថា យើងនឹងមានវ៉ាក់សាំងគ្រប់គ្រាន់ដើម្បីចាក់ ហើយតាមគម្រោងនឹងមកប្រមាណ ៤លាន ៥សែនដូសទៀត សម្រាប់ខែមិថុនា ឆ្នាំ ២០២១ ហើយនិងមកជាបន្តបន្ទាប់ទៀត។
សម្តេចតេជោ បញ្ជាក់ទៀតថា យើងនឹងអាចចាក់យ៉ាងហោចណាស់ក្នុង ៥លាន ទៅ ៦លាននាក់ មុនដំណាច់ឆ្នាំនេះ ក្នុងចំណោម ១០លាននាក់ ហើយយើងនឹងខិតខំធ្វើឱ្យសម្រេចនូវការចាក់វ៉ាក់សាំង ១០លាននាក់នៅក្នុងឆ្នាំនេះ ឬយឺតបំផុត នៅដើមឆ្នាំក្រោយតែម្តង ដើម្បីឱ្យប្រជាពលរដ្ឋរបស់យើងទទួលបាននូវ៉ាក់សាំងគ្រប់ៗគ្នា។
សូមបញ្ជាក់ថា, គិតត្រឹមថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២១នេះ នៅទូទាំងប្រទេសបងប្អូនប្រជាពលរដ្ឋកម្ពុជាបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សរុបបានចំនួន ២,៧៣៥,១៩៩នាក់ ហើយ ស្មើនឹង ២៧.៣៥ភាគរយ ក្នុងគោលដៅ ចំនួន ១០លាននាក់។
សូមបញ្ជាក់ថា វ៉ាក់សាំង ចិន សុីណូវ៉ាក់ ត្រូវបានអនុម័តឱ្យប្រើផ្លូវការរួចហើយ ដោយអង្គការសុខភាពពិភពលោក។ជាងនេះទៀត ប្រទេសចិនបានសម្រេចអោយប្រើវ៉ាក់សាំងរបស់ក្រុមហ៊ុន Sinovac Biotech បង្ការកូវីដ១៩ លើមនុស្សចាប់ពី ៣ ឆ្នាំដល់ ១៧ ឆ្នាំហើយ ។ ទន្ទឹមនេះ សាធារណរដ្ឋប្រជាមានិតចិន ក្នុងដើមខែមិថុនា ឆ្នាំ ២០២១នេះ បានចាក់វ៉ាក់សាំងដល់ពលរដ្ឋខ្លួនបានប្រហែល ៧២៤ លានដូសហើយ តែនេះសម្រាប់តែអ្នកដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅតែប៉ុណ្ណោះ។
ដោយឡែក ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃអាទិត្យទី៦ ខែមិថុនា ឆ្នាំ២០២១នេះ បានបញ្ជាក់ពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីចំនួន ៦៣១នាក់ ខណៈឣ្នកជាសះស្បើយចំនួន ១០៦៩នាក់ និងករណីស្លាប់ ១១នាក់។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា។
សូមជម្រាបថា នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ រកឃើញអ្នកឆ្លងថ្មី ៦៣១នាក់ទៀត ជាសះស្បើយ ១០៦៩នាក់ និងស្លាប់ ១១នាក់៖
– ករណីឆ្លងសហគមន៍ ៦១៦នាក់
– អ្នកដំណើរពីបរទេស ១៥នាក់
គិតត្រឹមព្រឹក ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១
– អ្នកឆ្លងសរុប= 34,244 នាក់
– អ្នកជាសះស្បើយ= 27,147 នាក់
– អ្នកស្លាប់= 263 នាក់
កំណត់សម្គាល់៖ក្រសួងសុខាភិបាលបានផ្ញើលទ្ធផល និងទម្រង់ស្នើសុំធ្វើពិសោធន៍ (Laboratory Request Form) គ្រប់ករណីវិជ្ជមានកូវីដ-១៩ និងករណីជាសះស្បើយ ទៅមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត មន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល តាមប្រព័ន្ធអេឡិចត្រូនិកដើម្បីគ្រប់គ្រងបន្តរួចហើយ៕
ដោយ, សុខ ខេមរា