ខេត្តព្រៃវែង៖ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា នៅរសៀលថ្ងៃអាទិត្យទី៦ ខែមិថុនា ឆ្នាំ២០២១នេះ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ( ស.ស.យ.ក.) ដឹកនាំប្រជុំតាមដានវឌ្ឍនភាពការងារប្រចាំខែឧសភា និងលើកទិសដៅបន្តខែមិថុនា របស់ ស.ស.យ.ក. ខេត្តបាត់ដំបង តាមប្រព័ន្ធ Zoom ។
ក្នុងកិច្ចប្រជុំនេះ លោក ស សុខា សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ ស.ស.យ.ក. ខេត្ត ស្រុក ក្រុង និងសមាជិក សមាជិកាទាំងអស់ ជាពិសេសក្រុមការងារចុះជួយស្រុក ក្រុងទាំង១៤ ចំពោះខិតខំប្រឹងប្រែងយ៉ាងសកម្ម និងការលះបង់ទាំងពេលវេលា កម្លាំងកាយចិត្ត និងថវិកាផ្ទាល់ខ្លួន ដើម្បីរួមចំណែកជួយដល់យុវជន និងប្រជាពលរដ្ឋនៅក្នុងខេត្តបាត់ដំបង ឲ្យកាន់តែប្រសើរឡើងថែមទៀត។
ក្នុងនោះ លោកស្នើសុំឱ្យ ស.ស.យ.ក. ខេត្ត ស្រុក ក្រុង និងក្រុមការងារចុះជួយស្រុក ក្រុង ព្រមទាំងសមាជិក សមាជិកាទាំងអស់ បន្តកិច្ចការងារមួយចំនួនទៀត ដើម្បីយុវជន និងប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង ដូចខាងក្រោម ៖
១. រៀបចំបើកវគ្គសិក្សាពីចម្ងាយ (ការសិក្សាតាមគន្លងថ្មី) លើជំនាញខ្លីៗ ដែលឆ្លើយតបទៅនឹងតម្រូវការរបស់យុវជន ក្នុងបរិបទកូវីដ-១៩ ។
២. បន្តចូលរួមសកម្មភាពផ្សព្វផ្សាយសារអប់រំអំពីវិធានការសុខាភិបាល ៣ការពារ និង ៣កុំ ដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន ដើម្បីការពារ ទប់ស្កាត់ និងបង្ការពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បើទោះបីជាកម្ពុជាយើង បាន និងកំពុងអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំងក៏ដោយ ។
៣. បន្តចូលរួមសហការជាមួយអាជ្ញាធរដែនដី ក្នុងការជួយរៀបចំបងប្អូនប្រជាពលរដ្ឋចំណាកស្រុក កំពុងតែធ្វើចត្តាឡីស័ក តាមមណ្ឌលនានា និងជួយឧបត្ថម្ភជាគ្រឿងឧបភោគ-បរិភោគ ឬសម្ភារៈប្រើប្រាស់ ឬសម្ភារៈការពារជំងឺកូវីដ-១៩ ជាដើម ។
៤. បន្តពន្យល់ណែនាំ និងផ្សព្វផ្សាយកុំឱ្យប្រជាពលរដ្ឋធ្វើចំណាកស្រុកទៅប្រទេសថៃ ព្រោះប្រទេសថៃ បច្ចុប្បន្ននេះ កំពុងតែប្រឈមនឹងជំងឺកូវីដ-១៩ ខ្លាំងដែរ ។
៥. បន្តជួយសម្របសម្រួលបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសគ្រោះមហន្តរាយធម្មជាតិ ដូចជា ៖ ខ្យល់ព្យុះ ខ្យល់កន្រា្តក់ គ្រោះអគ្គីភ័យ ។ល។ និង។ល។
៦. បន្តបំផុសឱ្យបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន បង្កើនការដាំដុះបន្លែ ដំណាំហូបផ្លែ និងផលិតផលកសិកម្មនានា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ “បង្កើននូវការដាំដុះផលិតផលក្នុងស្រុក កាត់បន្ថយការនាំចូលផលិតផលដែលមានសារជាតិគីមីពីបរទេស” ។
៧. បន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន ឲ្យចូលរួមសម្អាតបរិស្ថានតាមផ្ទះ កម្ទេចទីជម្រក ឬសម្ភារៈដក់ទឹក ដែលមូសខ្លាអាចជ្រក និងអាចបង្កកំណើតបាន ព្រោះរដូវនេះ ជារដូវភ្លៀង សំបូរមូសខ្លា ដែលអាចបណ្តាលអោយកើតជំងឺគ្រុនចាញ់៕ដោយ៖សហការី