ភ្នំពេញ ៖ ជនសង្ស័យពីនាក់ធ្វើសកម្មភាពឆក់ទូររស័ព្ទដៃរបស់ជនបរទេសម្នាក់បានសម្រេចមួយគ្រឿង ហើយត្រូវមិត្តភក្តិរបស់ជនរងគ្រោះបើករថយន្តបុកពីក្រោយ រួចចុះពីក្នុងរថយន្តមកវាយជនសង្ស័យ តែត្រូវជនសង្ស័យទាញកាំបិទដេញកាប់ ភ័យរត់គេចពីកន្លែង ហើយជនសង្ស័យបើកទ្វារថយន្តយកទូរស័ព្ទបីគ្រឿងបន្ថែមទៀតរត់គេចខ្លួនបាត់ស្រមោល។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ នឹង០០នាទីយប់ ថ្ងៃទី៦ ខែមិថុនាឆ្នាំ២០២១ ដែលស្ថិតនៅក្នុងសង្កាត់ផ្សារកណ្ដាលទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេបានឃើញជនសង្ស័យចំនួន២នាក់ជិះម៉ូតូ msx មួយគ្រឿងគ្មានស្លាកលេខបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីបុរសជនជាតិបរទេសម្នាក់បានសម្រេច ភ្លាមៗនោះស្រាប់តែមិត្តភក្កិរបស់ជនជាតិបរទេសដូចគ្នាម្នាក់ទៀតបានបើករថយន្តមួយគ្រឿងម៉ាកKAIពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2BI 9426ដេញតាមជនសង្ស័យទាំងពីរនាក់ពីក្រោយ លុះមកដល់ត្រង់ចំណុចកើតហេតុបានបុកពីក្រោយម៉ូតូជនសង្ស័យបណ្ដាលឲ្យជាប់ទៅនិងរថយន្ត ហើយមិត្តភក្កិរបស់ជនរងគ្រោះបានចុះពីក្នុងរថយន្តវាយទៅលើជនសង្ស័យទាំងពីរនាក់ ភ្លាមនោះស្រាប់តែជនសង្ស័យបានដកកាំបិតដេញកាប់ម្ចាស់រថយន្ត ធ្វើឲ្យម្ចាស់រថយន្តភ័យបានរត់គេចពីកន្លែងកើតហេតុឲ្យប្រជាពលរដ្ឋជួយ ដោយឃើញឱកាសល្អជនសង្ស័យទាំងពីរនាក់បានបើកទ្វាររថយន្ត ហើយយកទូរសព្ទរបស់ម្ចាស់រថយន្តចំនួនបីគ្រឿងបន្ថែមទៀតរួចរត់គេចខ្លួនបាត់ស្រមោលទាំងពីរនាក់បាត់តែម្តង បន្សល់ទុកតែម៉ូតូដែលជិះធ្វើសកម្មភាព ដែលត្រូវមិត្តភក្កិរបស់ជនរងគ្រោះបុកជាប់នឹងរថយន្តនៅនឹងកន្លែងកើតហេតុ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទៅដល់កន្លែងកើតហេតុ រួចបានយករថយន្តជនរងគ្រោះ និងម៉ូតូជនសង្ស័យទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ ចំណែកជនសង្ស័យទាំងពីរសមត្ថកិច្ចកំពុងតែធ្វើការតាមស្វែងរកបន្ត៕
ដោយ៖ និន សុភ័ស្ត