ភ្នំពេញ៖ ជនសង្ស័យមួយក្រុមជិះម៉ូតូជាច្រើនគ្រឿង បានបើកដេញតាមស្ទាក់ម៉ូតូមួយគ្រឿងដែលជិះដោយយុវជនប្រុសស្រីចំនួន៣នាក់ ហើយពេលដេញតាមទាន់ហើយជនទាំងនោះបានដកខ្សែក្រវាត់វាយបណ្ដាលឲ្យរបួសយុវជនពីរនាក់ រួចដកកាំភ្លើងខ្លីបាញ់គំរាម១គ្រាប់ទៀត។ អំពើហិង្សានេះគេសង្ស័យថាជាការប៉ុនប៉ងប្លន់យកម៉ូតូតែមិនបានសម្រេច បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ ២០២១ នៅចំណុចមុខច្រកចូលមន្ទីរពេទ្យកាល់ម៉ែតចំហៀងខាងជើង តាមផ្លូវលេខ៨០ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍នេះបានប្រាប់ឱ្យដឹងថា មុនកើតហេតុគេឃើញមានរថយន្តស៊េរីទំនើបម៉ាកអូឌីមួយគ្រឿង និងម៉ូតូម៉ាកស្គូពីពណ៌ខ្មៅមួយគ្រឿងគ្មានស្លាកលេខ ជិះដោយយុវជនប្រុសស្រីចំនួន៣នាក់(ស្រីម្នាក់) ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ដោយរថយន្តធ្វើដំណើរនៅខាងមុខ លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែលេចមុខជនសង្ស័យមួយក្រុមមានគ្នាចំនួន៥នាក់ជិះម៉ូតូចំនួន៤គ្រឿង ក្នុងនោះម៉ាកហុងដាឌ្រីមចំនួន២គ្រឿងម៉ាកហុងដាស្គូពី១គ្រឿង និងម៉ូតូធំម៉ាកXRមួយគ្រឿងធ្វើដំណើរមកពីក្រោយ។
ប្រភពដដែលបានបន្តទៀតថា ភ្លាមៗនោះជនសង្ស័យដែលជិះម៉ូតូធំបានមកស្ទាក់ពីមុខម៉ូតូជនរងគ្រោះ រួចដកខ្សែក្រវាត់វាយទៅលើជនរងគ្រោះបណ្ដាលឲ្យរងរបួសយុវជន២នាក់ រួចហើយដកកាំភ្លើងខ្លីបាញ់គំរាមឡើងលើ១គ្រាប់ទៀត ធ្វើឲ្យជនរងគ្រោះរត់ចូលក្នុងមន្ទីរពេទ្យឱ្យគេជួយ។បន្ទាប់មកជនសង្ស័យបម្រុងលើកម៉ូតូជនរងគ្រោះជិះចេញ តែត្រូវបានប្រជាពលរដ្ឋលក់ដូរនៅក្បែរកន្លែងកើតហេតុមានការផ្អើលឆោឡោធ្វើឲ្យជនសង្ស័យគ្មានឱកាសរួចក៏នាំគ្នាជិះម៉ូតូគេចខ្លួនចេញពីកន្លែងកើតហេតុខាងលើបាត់ស្រមោលអស់ទៅ។ ប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុបានដាក់ការសង្ស័យទៅលើករណីខាងលើនេះថាជាករណីប្លន់យកម៉ូតូតែមិនបានសម្រេច។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅដល់និងនាំជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចកដើម្បីងាយស្រួលឲ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវតាមរកមុខជនសង្ស័យយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕
ដោយ៖ សុខាសែនជ័យ