ភ្នំពេញ៖ ថវិកាជាង១ម៉ឺនដុល្លារ និងជាង២លានរៀល ត្រូវបានលោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ប្រគល់ជូន រដ្ឋបាលរាជធានីភ្នំពេញដើម្បីទុកប្រើប្រាស់ក្នុងការជួយទ្រទ្រង់ជីវភាពរបស់ប្រជាពលរដ្ឋ និងឧបត្ថម្ភដល់កងកម្លាំងដែលកំពុងបំពេញការងារប្រយុទ្ធនិងទប់ស្កាត់ជំងឺកូវីដ-១៩ នៅក្នុងរាជធានីភ្នំពេញ។
ពិធីប្រគល់និងទទួលនេះបានធ្វើឡើង
កាលពីព្រឹកថ្ងៃទី០៧ មិថុនា ឆ្នាំ២០២១នេះ ក្រោមវត្តមាន លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ និងលោក អ៊ុំ សុថា រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍តំណាង លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ នៅសាលារាជធានីភ្នំពេញ។
លោក កើត ឆែ ក្នុងឱកាសនោះ បានមានប្រសាសន៍ថា៖ ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់នៅរាជធានីភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ដែលបានឧបត្ថម្ភថវិកាជាប្រាក់រៀលចំនួន ២,២៦៣,៤០០៛ (ពីរលានពីររយហុកសិបបីពាន់បួនរយរៀលគត់) និងប្រាក់ដុល្លារ ចំនួន ១០,៨៧៥$ (ដប់ពាន់ប្រាំបីរយចិតសិបប្រាំដុល្លារអាមេរិកគត់)ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីប្រើប្រាស់ក្នុងការជួយទ្រទ្រង់ជីវភាពរបស់ប្រជាពលរដ្ឋ និងឧបត្ថម្ភដល់កងកម្លាំងដែលកំពុងបំពេញការងារប្រយុទ្ធ និងទប់ស្កាត់ជំងឺកូវីដ-១៩ នៅក្នុងរាជធានីភ្នំពេញ។
លោកបន្តថា៖ ការផ្តល់នូវជំនួយជាថវិកាខាងលើនេះ ពិតជាមានសារៈសំខាន់ និងស្ដែងឱ្យឃើញពីទឹកចិត្តសប្បុរសដ៏ថ្លៃថ្លាបំផុតនិងមនោសញ្ចេតនា ប្រកបដោយក្តីអាណិតរបស់លោក កិត្តិសេដ្ឋាបណ្ឌិត ក្នុងការគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដូចជាកងកម្លាំងគ្រប់ប្រភេទដែលកំពុងបំពេញការងារយ៉ាងសស្រាក់សស្រាំក្នុងគោលដៅកាត់បន្ថយឱ្យបានជាអតិបរមានូវការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ” នៅរាជធានីភ្នំពេញ។
លោក អ៊ុំ សុថា បានមានប្រសាសន៍លើកឡើងថា៖ ថវិកាខាងលើនេះ មិនច្រើនទេ តែវាជាការចូលរួមចែករំលែករបស់លោក កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីជួយទ្រទ្រង់ជីវភាពរបស់ប្រជាពលរដ្ឋ និងឧបត្ថម្ភដល់កងកម្លាំងដែលកំពុងបំពេញការងារប្រយុទ្ធ និងទប់ស្កាត់ជំងឺកូវីដ-១៩ ដោយលោកទេសរដ្ឋមន្ត្រីជឿជាក់ថា រដ្ឋបាលភ្នំពេញនឹងទប់ស្កាត់បាននូវជំងឺកូវីដ-១៩ ឱ្យទទួលបានជោគជ័យ៕
ដោយ៖ សំរិត