ភ្នំពេញ៖ ឃាតករវ័យក្មេង ជាជនជាតិវៀតណាមម្នាក់ បន្ទាន់ពីសមត្ថកិច្ចស្រាវជ្រាវតាមចាប់ឃាត់ខ្លួនយកមកសាកសួរពាក់ព័ន្ធករណីឃាតកម្ម(ប្រេីកាំបិតកាប់សម្លាប់មនុស្ស) សង្ស័យរឿងស្នេហាត្រីកោណ លុះនៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ បានបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការតាមច្បាប់។
យុវជនដៃដល់ ឈ្មោះ សុខ ហៃ ហៅ យ៉ាវ អាយុ១៨ឆ្នាំ ជនជាតិវៀតណាម មុខរបរជាងធ្វើសោរ មានទីលំនៅផ្ទះជួល ផ្លូវលំ ភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះ ឈ្មោះ គីម សុខខឿន ហៅ ទ្រឹង ភេទប្រុស អាយុ២១ឆ្នាំ ជាជនជាតិ វៀតណាម ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរ ជាងមាស (ស្លាប់)។
សូមរម្លឹកថា ករណីឃាតកម្ម (ប្រើកាំបិតបុ័ងតោ ដេញកាប់ បណ្តាលឲ្យម៉ូតូ បុកបង្គោលភ្លើង បំភ្លឺផ្លូវ ប៉ះទង្គិចក្បាល និងខ្លួនប្រាណធ្ងន់ធ្ងរ រហូតដល់ស្លាប់) នៅនឹងកន្លែងកើតហេតុ កាលពីវេលាម៉ោង ៧និន៤០នាទីយប់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ នៅចំណុច មុខការដ្ឋានបូមខ្សាច់ លើផ្លូវជាតិលេខ២ ក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា ក្នុងពេលចាប់ឃាត់ខ្លួនជនដៃដល់ កម្លាំងសមត្ថកិច្ច បានដកហូតកាំបិតបុ័ងតោ ដងដែក ចំនួន១ ម៉ូតូ១គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ លេខតួ+លេខម៉ាស៊ីន ៨០៩៧០៧១ ពាក់ស្លាកលេខ ភ្នំពេញ 1O 4408 (ជារបស់ជនសង្ស័យ ឈ្មោះ សុខ ហៃ ហៅ យ៉ាវ) ។
របាយការណ៍ដដែល បន្តថា តាមដំណេីររឿងហេតុ កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង៧ និង៤០នាទីយប់ ជនរងគ្រោះ ឈ្មោះ គីម សុខខឿន ហៅ ទ្រឹង បានជិះម៉ូតូ១ គ្រឿងម៉ាកហុងុដា និច ពណ៌ផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ 1GN 2249 មកឌុបនារីជាសង្សារ ឈ្មោះ ង្វៀង ធីង៉ុក ហៅ ល័ក្ខ (ត្រូវជាប្អូនថ្លៃ របស់ជនសង្ស័យ ឈ្មោះ ង្វៀង យុំាងតាំ) មកឈប់និយាយគ្នា នៅមុខហាង សាំងកាល់តិច ផ្លូវជាតិលេខ២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ពីរឿងសុំ ចែកផ្លូវគ្នា ។
ខណៈនោះមានជនសង្ស័យចំនួន ២នាក់ ឈ្មោះ ង្វៀង យុំាងតាំ និងឈ្មោះ សុខ ហៃ ហៅ យ៉ាវ បានជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1O 4408 មកឈប់ក្បែរ ហើយជនសង្ស័យ ឈ្មោះ សុខ ហៃ ហៅ យ៉ាវ បានចុះពីលើម៉ូតូ ដើរចូលទៅសួរនាំ ក៏មានទំនាស់ពាក្យសំដី និងវាយប្រតាយ ប្រតប់គ្នា ។ ពេលនោះជនសង្ស័យ ឈ្មោះ សុខ ហៃ ហៅ យ៉ាវ បានដកកាំបិត បុ័ងតោ កាប់ទៅលើជនរងគ្រោះ ឈ្មោះ គីម សុខខឿន បណ្តាលឲ្យរបួសដៃ ខាងឆ្វេង ហើយជនរងគ្រោះ បានហៅសង្សារឈ្មោះ ង្វៀង ធីង៉ុក ហៅ ល័ក្ខ ឲ្យឡើងជិះម៉ូតូជាមួយ ជិះរត់គេចខ្លួន តាមបណ្តោយផ្លូវជាតិលេខ២ (ឆ្ពោះទៅ ទិសដៅ ស្ពានអាកាសក្បាលថ្នល់) ។
បន្ទាប់មកជនសង្ស័យទាំង ២នាក់ ឈ្មោះ ង្វៀង យុំាងតាំ និង ឈ្មោះ សុខ ហៃ ហៅ យ៉ាវ បានជិះម៉ូតូដេញ តាមពីក្រោយ រហូតដល់ចំណុចមុខការដ្ឋានបូមខ្សាច់ ផ្លូវជាតិលេខ២ ភូមិព្រែកតាគង់ សង្កាត់ចាក់ អង្រែលើ ខណ្ឌមានជ័យ (ចំណុចកើតហេតុ) ម៉ូតូជនរងគ្រោះ បានជ្រុលទៅបុក បង្គោលភ្លើងបំភ្លឺផ្លូវ ធ្វើឲ្យជនរងគ្រោះ ឈ្មោះ គីម សុខខឿន ដួលបោកប៉ះ ទង្គិចក្បាល និង ខ្លួនប្រាណធ្ងន់ធ្ងរ បណ្តាលឲ្យស្លាប់ ។ ក្នុងពេលនោះ ជនសង្ស័យ ឈ្មោះ សុខ ហៃ ហៅ យ៉ាវ បានចុះទៅកាប់ជនរងគ្រោះ ចំនួន១កាំបិត បន្ថែមទៀត ត្រូវចំចង្កេះខាងឆ្វេង។ ចំណែកជនសង្ស័យ ឈ្មោះ ង្វៀង យុំាងតាំ បានទៅនាំនារី ជាប្អូនថ្លៃឈ្មោះ ង្វៀង ធីង៉ុក ហៅ ល័ក្ខ ឲ្យឡើងជិះម៉ូតូ ជាមួយគេចខ្លួនបាត់។ លុះមកដល់វេលាម៉ោង ៩ យប់ថ្ងៃដដែល ឈ្មោះ បាវ ស្រី (ជាម្តាយរបស់ ជនរងគ្រោះ) បានមកពិនិត្យមើល សាកសពជនរងគ្រោះ ហើយបានដាក់ពាក្យ បណ្តឹងឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់។
ក្រោយពីសមត្ថកិច្ចបានទទួលព័ត៌មានគ្រប់ជ្រុងជ្រោយ ធ្វើការស្រាវជ្រាវ រហូតមកដល់វេលាម៉ោង ៩យប់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែលើ ចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សុខ ហៃ ហៅ យ៉ាវ នៅចំណុចផ្លូវបេតុង ភូមិ អូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ យកមកសាកសួរ នៅស្នាក់ការនគរបាល ប៉ុស្តិ៍ចាក់អង្រែលើ ដើម្បីចាត់ការតាមនីតិវិធី។ ចំណែកបក្ខពួកជនសង្ស័យ ឈ្មោះ ង្វៀង យុំាងតាំ កំពុងព្យាយាមរត់គេចខ្លួនបាត់។
បច្ចុប្បន្ន យុវជនដៃដល់ ឈ្មោះ សុខ ហៃ ហៅ យ៉ាវ ត្រូវបានបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការតាមនីតិវិធី៕ដោយ៖សហការី
រូបថត៖ សមត្ថកិច្ចបញ្ជូនខ្លួនជនដៃដល់ ទៅតុលាការ