កំណាត់ផ្លូវជាតិលេខ៣ ពីខេត្តកំពត-វាលរេញ​ ត្រូវ​បានរាជរដ្ឋាភិបាល សម្រេចកាយស្តារឡើងវិញ

ចែករំលែក៖

ភ្នំពេញ​៖​ បេីតាមការ​បញ្ជាក់ពី​​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា​៖​ បានអនុញ្ញាតឱ្យក្រុមហ៊ុនជំនាញធ្វើការសិក្សាឡើងវិញ​ ទៅលើកំណាត់ផ្លូវជាតិលេខ៣ ត្រង់ចំណុចចាប់ពីកំពត-វាលរេញប្រវែង២០គីឡូម៉ែត្រ ដើម្បីកាយស្តារគ្រឹះជួសជុលឡើងវិញ ខណៈកំណាត់ផ្លូវមួយនេះ ធ្វើក្រោយខូចមុខធ្វើមុខខូចក្រោយជាប្រចាំ។ នេះបេីយោងតាមការចុះផ្សាយរបស់ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែង​បន្តថា ផ្លូវ​ប្រវែង២០គីឡូម៉ែត្រ ក្នុងចំណោមប្រវែងផ្លូវពីកំពតទៅវាលរេញសរុបជាង៥៤គីឡូ ម៉ែត្រ ត្រូវតែធ្វើការជួសជុលពង្រឹងឡើងវិញ ដោយធ្វើការលើកតួថ្នល់កម្ពស់៤៥សង់ទីម៉ែត្រ ដើម្បីពង្រឹងតួថ្នល់ និងការពារជំនន់ទឹកភ្លៀងហូរកាត់ នៅរដូវវស្សា។

ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ៤១ កាលពីចុងសប្តាហ៍នេះ លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ក្រសួងបានអនុញ្ញាតឱ្យក្រុមហ៊ុនជំនាញធ្វើការសិក្សាឡើងវិញទៅលើកំណាត់ផ្លូវ២០គីឡូម៉ែត្រ ហើយគ្រោងនឹងបញ្ចប់ការសិក្សានៅចុងឆ្នាំ២០២១ និងស្វែងរកកញ្ចប់ថវិកាប្រមាណ ៦០លានដុល្លារ ដើម្បីសាងសង់តាមស្តង់ដារ និងរឹងមាំបានយូរ។

បន្ថែមពីនេះ​ រដ្ឋមន្ត្រីក្រសួងសាធារណការ បន្តថា តាមរយៈការ សិក្សា គម្រោងនេះអាចធ្វើការបែងចែកកំណាត់ផ្លូវ២០គីឡូម៉ែត្រជាពីរ ដោយផ្នែកទី១ ប្រវែង១៥គីឡូម៉ែត្រ នឹងត្រូវកាយគ្រឹះឡើងវិញរួចចាក់ដី និងក្រាលបេតុងកម្រាស់២៦សង់ទីម៉ែត្រ និងទទឹង១២ម៉ែត្រ ក្នុងចំណាយ៣០លានដុល្លារ និងផ្នែកទី២ ប្រវែង៥គីឡូម៉ែត្រ ដែលមានស្ថានភាពដីស្អុយផ្នែកខាងក្រោមជម្រៅពី១១ម៉ែត្រទៅ ១៧ម៉ែត្រ ហើយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសកំពុងសិក្សាវិធីសាស្រ្ដវាយសសរគ្រឹះ ដើម្បីពង្រឹងគ្រឹះផ្នែកខាងក្រោម និងផ្ទៃថ្នល់ដោយក្រាលបេតុងកម្រាស់២៦សង់ទីម៉ែត្រ និងទទឹង១៦ម៉ែត្រ ក្នុងគម្រោងចំណាយ៣០លានដុល្លារ។

គួរបញ្ជាក់ថា គម្រោងថែទាំ និងពង្រឹកគុណភាពកំណាត់ផ្លូវជាតិលេខ៣ (កំពត-វាលរេញ) ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តព្រះសីហនុ មានប្រវែងសរុប៥៤,៣គីឡូម៉ែត្រ ត្រូវបានអនុវត្តគម្រោងដោយក្រុមហ៊ុន Sichuan Road and Bridge (Group) Corporation Co., Ltd និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Korea Consultants International Co., Ltd។

ជាមួយគ្នានេះ​ លោកទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន​ នៅថ្ងៃចន្ទ ១២រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ បានដឹកនាំគណៈប្រតិភូក្រសួង ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវជាតិលេខ១៤៦B និងផ្លូវជាតិលេខ១៤៨ ដើម្បីតាមដានការងារបច្ចេកទេសសាងសង់ របស់ក្រុមហ៊ុន សំដៅឱ្យការសាងសង់ប្រព្រឹត្តទៅស្របតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យាសាងសង់ ធានាឱ្យផ្លូវនេះមានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង។

សូមជម្រាបថា​ ផ្លូវលេខ១៤៦B និងផ្លូវខេត្តលេខ១៤៨ ចាប់ផ្តើមពីចំណុចប្រសព្វលើផ្លូវជាតិលេខ៤ (ត្រង់ គីឡូម៉ែត្រ ១៧៨ +១៦៥)
រួចឆ្លងកាត់លើផ្លូវខេត្តលេខ១៤៨ បញ្ចប់ក្នុងចំណុចប្រសព្វលើផ្លូវជាតិលេខ៤ (ត្រង់ គីឡូម៉ែត្រ ២២៥ +៥៥០)
ផ្លូវជាតិលេខ១៤៦B ចាប់ផ្តើមពីចំណុចប្រសព្វលើផ្លូវជាតិលេខ៤ (ត្រង់គីឡូម៉ែត្រ ១៧៨ +១៦៥) រួចឆ្លងកាត់លើផ្លូវខេត្តលេខ១៤៨ បញ្ចប់ក្នុងចំណុចប្រសព្វលើផ្លូវជាតិលេខ៤ (ត្រង់គីឡូម៉ែត្រ ២២៥ +៥៥០) ប្រវែងសរុប ៤៣,០២៥គីឡូម៉ែត្រ ចុះកិច្ចសន្យាសាងសង់នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ដែលចាប់ផ្តើមសាងសង់ ក្នុងកំឡុងខែមេសា ឆ្នាំ២០២០ និងគ្រោងបញ្ចប់នៅក្នុងខែ សីហា ឆ្នាំ២០២២។

គម្រោងនេះសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន-ថ្នល់ចិន (Brach of China Road and Bridge Cooperation in Cambodia) ក្រោមគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ស្ថិតនៅក្នុងខេត្តព្រះសីហនុ ក្នុងក្របខណ្ឌប្រើប្រាស់កញ្ចប់ថវិកាសន្សំរបស់ជាតិ។

មិនតែប៉ុណ្ណោះ​ លោកទេសរដ្ឋមន្ត្រី បានចុះពិនិត្យម៉ាស៊ីនលាយបេតុងស៊ីម៉ងស្វ័យប្រវត្តិដែលអាចសាងសង់បានប្រវែង ៥០០ម៉ែត្រក្នុងមួយថ្ងៃ និងកំរាស់ ២៦សង់ទីម៉ែត្រ និងពិនិត្យការធ្វើតេស្តគុណភាពផ្លូវ ដោយម៉ាស៊ីនតេស្តគុណភាពទ្រនាប់ផ្លូវ FWD ផ្នែកខាងក្រោម( Bases Course)។ លោកទេសរដ្ឋមន្ត្រី ក៏បានបន្តដំណើរចុះពិនិត្យការដ្ឋានផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុត្រង់ចំនុចប្រសព្វផ្លូវ ១៤៦B និងបន្តចុះត្រួតពិនិត្យស្ថានីយចម្រោះទឹកកខ្វក់ទី២ ដែលស្ថិតនៅក្នុង សង្កាត់ទី៣ ក្រុងព្រះសីហនុ តាមបណ្តោយអូរសុខា។

លេីសពីនេះ​ លោកទេសរដ្ឋមន្ត្រី បានធ្វើការផ្តាំផ្ញើទៅក្រុមហ៊ុន សាងសង់ និងត្រួតពិនិត្យលក្ខណៈបច្ចេកទេស ឱ្យធ្វើការយកចិត្តទុកដាក់ខ្ពស់ ទៅលើគុណភាពនៃការស្ថាបនាផ្លូវ និងផ្តាំផ្ញើទៅបងប្អូន ប្រជាពលរដ្ឋ ព្រមទាំងក្រុមហ៊ុនដឹកជញ្ជូន ឱ្យគោរពច្បាប់ចរាចរណ៍ កុំបើកបរលើសល្បឿន ឬដឹកលើសទម្ងន់ ដែលជាកត្តាបង្កឱ្យមាន ការខូចខាតផ្លូវមុនអាយុកាល ការគ្រោះថ្នាក់ចរាចរណ៍ នាំឱ្យបាត់បង់អាយុជីវិត និងបាត់បង់ថវិកាជាតិផងដែរ៕ដោយ​៖សហការី​

...

រូបភាព​៖ហ្វេសប៊ុក​ផ្លូវការ​របស់​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print