ខេត្តកំពង់ចាម ៖ ទោះបីកម្ពុជាកំពុងជួប វិបត្តិកូវីដ-១៩ ឆ្លងក្នុងសហគមន៍យ៉ាងណាក្តី ក៏ការអភិវឌ្ឍនៅតែបន្តកេីតមានជានិច្ច នោះគឺការទទួលខុសត្រូវក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់ខ្លួន ។ ចំពោះលោកឧត្ដមសេនីយ៍ទោ ឯម កុសលវិញ ក្នុងនាមលោកជាស្នងការនគរបាលខេត្តកំពង់ចាមលោកបានខិតខំពុះពារកៀរគរស្វែងរកថវិកាពីសប្បុរសជននានា ក៏ដូចជាស្នេីសុំពីថ្នាក់លេីនិងថវិកាផ្ទាល់ខ្លួនរបស់លោកខ្លះ ដេីម្បីកសាងប៉ុស្តិ៍នគរបាលរដ្ឋបាលក្នុងស្រុកចំនួន៣ដែលប៉ុស្តិ៍ខ្លះសម្រេចបាន១០០ភាគរយ ខ្លះ៣០ភាគរយ និងខ្លះទៀតបាន៦០ភាគរយ ។
ដំណេីរទស្សនកិច្ចត្រួតពិនិត្យការសាងសង់អគារថ្មីនៃប៉ុស្តិ៍នគរបាលរដ្ឋបាល របស់លោកឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាមនេះធ្វេីឡេីងនៅនៅព្រឹកថ្ងៃចន្ទ ទី០៧ ខែមិថុនា ឆ្នាំ២០២១ ។
លោកឧត្ដមសេនីយ៍ទោបានបញ្ជាក់ប្រាប់ពីលទ្ធផលនៃការសាងសង់អគារ ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៣ដូចខាង ក្រោមនេះថា ៖
១-អគារប៉ុស្តិ៍នគរបាលរដ្ឋបាលកោះមិត្ត នៃអធិការដ្ឋាននគរបាលស្រុកកំពង់សៀម មានទំហំ៧ម៉ែត្រគុណ៩ម៉ែត្រសាងសង់សម្រេចបាន៣០ភាគរយ ។
២-អគារប៉ុស្តិ៍នគរបាលរដ្ឋបាលមហាខ្ញូង នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន មានទំហំ៩ម៉ែត្រគុណ១១ម៉ែត្រសាងសង់សម្រេចបាន៦០ភាគរយ ។
សូមបញ្ជាក់ថា ចំពោះអគារប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មីទាំងពីរនេះទទួលបានការចូលរួមឧបត្ថម្ភគាំទ្រក្រោមការផ្ដួចផ្ដេីមពីលោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គអគ្គស្នងការនគរបាលជាតិ លោកអ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម លោកឧត្ដមសេនីយ៍ស្នងការទោ ឯម កុសល លោកស្នងការរងទទួលពង្រឹងស្រុក លោកអធិការ-អធិការរង រហូតដល់មន្រ្តីនៃអធិការដ្ឋាននគរបាលស្រុកទាំងពីរ និងសប្បុរសជននានា ដែលគ្រោងចំណាយអស់ថវិកាប្រមាណជាង ២០០លានរៀល ។
៣-អគារប៉ុស្តិ៍នគរបាលរដ្ឋបាលសូគង នៃអធិការដ្ឋាននគរបាលស្រុកកងមាស មានទំហំ ៩ម៉ែត្រគុណ១១ម៉ែត្រ សាងសង់សម្រេចបាន១០០ភាគរយ ដែលជាអំណោយរបស់ក្រសួងមហាផ្ទៃ និងបានរៀបចំចាក់ដីបំពេញបន្ថែម តសំយាបចង្រ្កានបាយ និងកន្លែងស្នាក់របស់កងកម្លាំង ដែលត្រូវចំណាយថវិកាបន្ថែមប្រមាណជាង១០លានរៀល ក្នុងនោះក៏មានការជួយឧបត្ថម្ភថវិកាពីលោក យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី តាមរយៈលោកអភិបាលស្រុកកងមាសនូវថវិកាចំនួន២លានរៀលដេីម្បីជួយសម្រួលក្នុងការចំណាយផ្សេងៗផងដែរ ។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ស្នងការក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិនូវថវិកានិងគ្រឿងឧបភោគបរិភោគមួយចំនួន ឧបត្ថម្ភដល់កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងបីនេះ សរុបជាថវិកាអស់ ១,៦៨០,០០០រៀល ៕
ដោយ៖ វណ្ណៈ