ខេត្តស្វាយរៀង៖ វ៉ាក់សាំងSinopharm ត្រូវចាក់ជូនប្រជាការពារចំនួន១.២២៤នាក់ទូទាំង១៦ឃុំ ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង ដូសលើកទី២ ជំហានទី១ បានដំណើរការហើយ។
លោកវេជ្ជបណ្ឌិត ភាវ សុសត្តា ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិរមាសហែកបានឱ្យដឹងនៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ថា អំណោយរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុករមាសហែក បានផ្តល់វ៉ាក់សាំង Sinopharmចំនូន ១.២២៤ដូស និងស៊ីរាំុង១.២២៤ដើម តាមរយៈលោក សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង ដើម្បីចាក់ជូនបងប្អូនប្រជាការពារទាំង១៦ឃុំ ក្នុងស្រុករមាសហែកលើកទី២ ជំហានទី១ ចំនួន១.២២៤នាក់លើ២.៤៤៨នាក់ ។
លោកបន្តថា ការចាក់វ៉ាក់សាំងនេះគឺចាប់ផ្ដើមកាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ ២០២១ វេលាម៉ោង៨ព្រឹកនៅទីតាំងមន្ទីរពេទ្យបង្អែករមាសហែកតែម្ដង។
ក្នុងឱកាសនោះលោកវេជ្ជបណ្ឌិត ភាវ សុសត្តា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកនាយឧត្តម
សេនីយ៍ សៅ សុខា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុករមាសហែកដែលបានផ្តល់វ៉ាក់សាំងដើម្បីចាក់ជូនដល់បងប្អូនប្រជាការពារទាំង១៦ឃុំ ក្នុងស្រុករមាសហែក ដោយលោកប្រធានក្រុមការងារតែងតែមានការយកចិត្តទុកដាក់អាណិតស្រលាញ់ដល់បងប្អូនក្នុងស្រុកក៏ដូចជាជួយឧបត្ថម្ភសាងសង់អគារមន្ទីរពេទ្យបង្អែករមាសហែកដ៏ស្អាត ធំទូលាយសម្រាប់ពិនិត្យនិងសម្រាកព្យាបាលដល់អ្នកស្រុកនាពេលខាងមុខនេះផងដែរ។
លោកបានបន្តថា បន្ទាប់ពីអស់លោកបានចាក់វ៉ាក់សាំងរួចហើយលោកអ្នកអាចនឹងមានផលរំខានខ្លះដូចជាឈឺតិចតួចនៅកន្លែងចាក់ ក្ដៅខ្លួនស្រៀវស្រាញអស់កម្លាំង ឈឺក្បាល ឈឺសាច់ដុំ ឈឺនៅសន្លាក់ វិលមុខ តែវានឹងបាត់ទៅវិញក្នុងរយៈពេល២ឬ៣ថ្ងៃដោយលោកអ្នកអាចលេបថ្នាំបំបាត់ការឈឺចាប់ឬថ្នាំបញ្ចុះកម្តៅប្រសិនអ្នកមិនមានបញ្ហាសុខភាពដែលពេទ្យហាមមិនឲ្យលេបថ្នាំប្រភេទនោះ។ លោកបានបន្ថែមទៀតថា
ប្រសិនបើអ្នកឈឺនៅចំកន្លែងចាក់អ្នកអាចស្អំជាមួយកំណាត់សើមត្រជាក់ដែលស្អាត កុំលេបថ្នាំបំបាត់ការឈឺចាប់ឬថ្នាំបញ្ចុះកម្ដៅមុនពេលចាក់វ៉ាក់សាំងដើម្បីការពារផលរំខាន។ ផឹកទឹកឲ្យបានច្រើននិងបរិភោគអាហារដែលមានជីវជាតិគ្រប់គ្រាន់ ពិសេសលោកអ្នកត្រូវបន្តអនុវត្ត ៣ការពារ ៣កុំឱ្យបានខ្ជាប់ខ្ជួនផងដែរ៕
ដោយ៖ យឹម សុថាន