ខេត្តកំពង់ស្ពឺ៖ ផ្ទះឈើរបស់ប្រជាពលរដ្ឋ១ខ្នង រួមនឹងទ្រព្យសម្បត្តិ សម្ភារៈប្រើប្រាស់មួយចំនួនធំបានរងការឆាបឆេះបំផ្លាញគ្មានសល់ដោយសារឆ្លងចរន្តអគ្គិសនី។
ឧបទ្ទវហេតុនេះកើតឡើងនៅថ្ងៃចន្ទ ១២រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១២និង៤៤នាទីរសៀល នៅចំណុចភូមិក្រាំងត្បែង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាម្ចាស់ផ្ទះមានឈ្មោះ មាន ម៉ាញ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកសិករ និងប្រពន្ធឈ្មោះ អ៊ូញ សុខគា អាយុ២៩ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុ បានចេញទៅរកស៊ីនៅខាងក្រៅបាត់ទុកឲ្យម្តាយចាស់ជរានៅផ្ទះតែឯង។តែពេលមានហេតុការណ៍នេះកើតឡើងត្រូវបានអ្នកជិតខាងចូលជួយរំដោះយកមកចេញក្រៅទាន់។
ប្រភពដដែលបានឲ្យដឹងទៀតថាផ្ទះរងគ្រោះសាងសង់ខ្ពស់ផុតពីដីអំពីឈើដំបូលប្រក់ស័ង្កសី ជញ្ជាំងក្តារ ដំបូល(យ៉ាក ឆ័ត្រ) ស័ង្កសីប្រវែង៥ម៉ែត្រសងខាងហើយឆេះដោយសារឆ្លងចរន្តអគ្គិសនី ។
ករណីនេះ ប្រជាពលរដ្ឋបាននាំគ្នារាយការណ៍ជូនសមត្ថកិច្ចដែរតែមានភាពយឺតយឺតយ៉ាវបន្តិចទើបសមត្ថកិច្ចជំនាញចេញទៅជួយអន្តរាគមន៍មិនទាន់ តែត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចប៉ុស្តិ៍ត្រពាំងជោ ជួយប្រមូលសម្ភារ:បានខ្លះៗ ដែរ។
ក្នុងហេតុការណ៍នេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកឱរ៉ាល់០១គ្រឿង ទៅពន្លត់ងើកភ្លើងរលត់ជាស្ថាពរទើបមិនបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាង និងបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្សឡើយ ៕