ភ្នំពេញ៖ បេីតាមប្រសាសន៍របស់សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងនៅព្រឹកថ្ងៃអង្គារទី៨ ខែមិថុនា ឆ្នាំ២០២១នេះថា ដំណក់ប្រេងដំបូងនេះ គឺមានសារៈសំខាន់ជាប្រវត្តិសាស្ត្ររបស់កម្ពុជា។ដូច្នេះស្អែកនេះនៅថ្ងៃទី៩ ខែមិថុនា ត្រូវយកមករៀបចំទុកដាក់នៅវិមានឈ្នះឈ្នះ ដែលជាកន្លែងតម្កល់នៅកិច្ចការប្រវត្តិសាស្ត្រទាំងឡាយរួមគ្នាតែម្តង ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ “រឿងនេះ គឺជារឿងប្រវត្តិសាស្ត្រដ៏សំខាន់ណាស់សម្រាប់ជាតិមាតុភូមិគឺត្រូវយកមកតម្កល់ទូកនៅវិមាន ឈ្នះឈ្នះ”។ បន្ថែមពីនេះសម្តេចពិជ័យសេនា បានថ្លែងបន្តថា ក្រសួងរ៉ែ និងថាមពល បានរៀបចំរួចហើយនៅនិម្មិតសញ្ញាតំណក់ប្រេង ហើយនៅថ្ងៃទី៩ខែមិថុនា ឆ្នាំ២០២១ គេនឹងយកមកប្រគល់ជូនក្រុមការងារដើម្បីតម្កល់ទូកនៅវិមានឈ្នះឈ្នះតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។
សូមជម្រាបថា កាលពីថ្ងៃទី២៩ ខែធ្នូឆ្នាំ ២០២០ ដែលត្រូវជាថ្ងៃខួបលើកទី ២២ នៃនយោបាយឈ្នះឈ្នះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា ការរកឃើញដំណក់ប្រេងដំបូងគឺស្ថិត នៅប្លុកអេ(A)នៃឈូងសមុទ្រ កម្ពុជា រកឃើញដោយក្រុមហ៊ុន គ្រីស អេនណូជី ដែលបានខួងរណ្តៅប្រេងពីបាតសមុទ្រ នៃខេត្តព្រះសីហនុ ។ សមិទ្ធផលដែលបានពីអាជីវ កម្មប្រេងកាតកម្ពុជា និងត្រូវផ្តល់ជាអាទិភាពលើវិស័យអប់រំ វិស័យសុខាភិបាលហើយគាប់ ជួនខ្លាំងណាស់ជាមួយនឹងខួបលើកទី២២ឆ្នាំនៃការបញ្ចប់សង្គ្រាមនៅកម្ពុជា មោទនភាពសម្រាប់កម្ពុជាជាប្រទេសតូច”។
សម្តេចតេជោ បានបញ្ជាក់ពីការបូមប្រេងពីបាតសមុទ្រស្ថិតនៅក្នុងប្លុកអេ(A)ដែលបានបូមចេញជាដំណក់ប្រេងលើកដំបូងនៅលើទឹកដីដ៏កម្សត់មួយនេះទើបសម្តេចតេជោ ជ្រើសរើសយកថ្ងៃទី២៩ខែធ្នូដែលជាថ្ងៃនៃការបញ្ចប់ សង្គ្រាមនាំមកនូវសន្តិភាពនិងការឯកភាពជាតិ ជាលើកដំបូងក្នុងរយៈពេលដ៏យូរលង់របស់កម្ពុជា។ បើគ្មានសន្តិភាពទេ វាក៏អត់មានផងដែរវនូវការឯកភាពជាតិ គ្មានទេនៅព្រឹត្តិការណ៏ដំណក់ប្រេងដំបូងនៅថ្ងៃ ទី២៩ធ្នូឆ្នាំ២០២០។
ជាមួយគ្នានេះ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ដដែល លិខិតអបអរសាទររបស់លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និង ថាមពលគោរពជូនសម្តេចតេជោ ហ៊ុន សែន ដោយបានបញ្ជាក់ថា ដំណក់ប្រេងដំបូងដែលកម្ពុជាទទួលបានថ្ងៃនេះ ជាលទ្ធផលប្រវត្តិសាស្ត្រ ហើយក៏ជានិមិត្តរូបនៃជោគជ័យ របស់ជាតិកម្ពុជាទាំងមូលដែលយើងខ្ញុំព្រមទាំងប្រជាពលរដ្ឋ ទូទាំងប្រទេសបានទន្ទឹមរង់ចាំជាច្រើនជំនាន់ មកហើយ។
ថ្ងៃនេះកម្ពុជា បានក្លាយជាប្រទេសផលិតប្រេងមួយដែរក្នុងចំណោមប្រទេសមួយចំនួនតូចក្នុងពិភពលោកដែលកូនខ្មែរ សម័យតេជោគួរមានមោទនភាព។ ក្នុងនាមថ្នាក់ដឹកនាំមន្ត្រីរាជការក្រសួងរ៉ែនិងថាមពល យើងខ្ញុំសូមអបអរសាទរដោយ ស្មោះអស់ពីដួងចិត្តចំពោះសមិទ្ធផលថ្មីនៃនយោបាយឈ្នះ ឈ្នះ របស់ សម្ដេចតេជោនាយករដ្ឋមន្ត្រីដែលបង្ហាញចេញ ជាផ្លែផ្កាក្នុងថ្ងៃនេះ។ ក្ដីស្រមៃជាយូរមកហើយបានក្លាយ ជាការពិតក៏អាស្រ័យដោយសន្តិភាពយូរអង្វែង ដែល សម្តេចតេជោបានកសាងនិងថែរក្សាដោយយកជីវិតជាដើមទុនលើសពីនេះទៅទៀតការដឹកនាំដ៏ភ្លឺស្វាងបានផ្តល់នូវទំនុកចិត្តសម្រាប់វិនិយោគិនជាតិនិងអន្តរជាតិ ក្នុងការដាក់ទុនដ៏សន្ធឹកសន្ធាប់និងជាបន្តបន្ទាប់ សម្រាប់អភិវឌ្ឍសេដ្ឋកិច្ចជាតិ។
គួរបញ្ជាក់ថា បើទោះជាវិស័យប្រេងកាតដែលត្រូវការវិនិយោគខ្ពស់ហើយត្រូវប្រឈមហានិភ័យខ្ពស់ដូចគ្នាក៏តួអង្គទាំងឡាយនៅ ក្នុងជោគជ័យថ្ងៃនេះ នៅតែជំនះបានដោយក្តីជឿជាក់ក្នុងចិត្តនិងក្នុងការដឹកនាំរបស់សម្ដេចតេជោ។ ដំណក់ប្រេងដំបូងរបស់កម្ពុជា ក្នុងបរិបទសេដ្ឋកិច្ចពិភពលោកដ៏លំបាកគំរាមកំហែងដោយមេរោគរាតត្បាតកូវីដ-១៩ គឺជាសក្ខីភាពនៃការខំប្រឹងប្រែងអំណត់ព្យាយាម និងពុះពារលុះត្រាសម្រេចបានរបស់រាជរដ្ឋាភិបាល និងវិនិយោគិនដែលយើងខ្ញុំទាំងអស់គ្នាសូមចូលរួមកោតស្ញប់ស្ញែង៕ដោយ៖សហការី