ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចកំណត់តម្លៃតាមរូបមន្ត ដែលនឹងអាចឡើងចុះថ្លៃទៅតាមតម្លៃទីផ្សារអន្តរជាតិ និងរៀងរាល់១០ថ្ងៃម្តងនឹងមានការកំណត់តម្លៃអតិបរមាជាថ្មីឡើងវិញ។
តាមសេចក្ដីជូនដំណឹងដែលចុះកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦ បញ្ជាក់ថា យោងតាមប្រកាសអន្តរក្រសួង លេខ ០៩៨ ពណ. អវឯ. ប្រក. ចុះថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៦ ស្ដីពីការកំណត់រូបមន្តសម្រាប់កែសម្រួលថ្លៃលក់រាយប្រេងឥន្ធនៈនៅក ម្ពុជា។ ក្រសួងពាណិជ្ជកម្មបានប្រកាសថា ចាប់ពីពេលនេះតទៅ តម្លៃលក់រាយប្រេងសាំង ប្រេងម៉ាស៊ូត នៅតាមស្ថានីយប្រេងឥន្ធនៈនៅកម្ពុជានឹងត្រូវបានកំណត់តាមរូបមន្ត ដែលនឹងអាចធ្វើការឡើងចុះថ្លៃទៅតាមតម្លៃទីផ្សារអន្តរជាតិ។
តាមរយៈការកំណត់រូបមន្តនេះបានធ្វើឲ្យតម្លៃ -ប្រេងសាំងស៊ុបពែរ ចុះថ្លៃពី៣៦៥០៛ ដល់ ៣.១៥០៛/លីត្រ-ប្រេងសាំងធម្មតា ចុះថ្លៃពី ៣៣៥០៛ ដល់ ៣.០៥០៛/លីត្រ-ប្រេងសាំងម៉ាស៊ូត ចុះថ្លៃពី៣១០០៛ ដល់២.៧០០៛/លីត្រ។
សេចក្ដីជូនដំណឹងនោះបានបញ្ជាក់ថា សម្រាប់ស្ថានីយ ប្រេងឥន្ធនៈ ជាដេប៉ូឯកជន ផ្ទាល់ខ្លួន ដែលមានលទ្ធភាពអាចលក់រាយ ប្រេងសាំង ម៉ាស៊ូត ក្នុងតម្លៃថោក ជាងតម្លៃដែលបានកំណត់តាមរូបមន្ត ដូចបានបញ្ជាក់ខាងលើ សូមមេត្តាលក់ក្នុងតម្លៃថោកជាធម្មតាទៀតទៅ។
សូមបញ្ជាក់ថា ប្រេងឥន្ធនៈស្ទើរទាំងអស់ ដែលដាក់លក់នៅកម្ពុជា គឺមានប្រភពពីនាំចូលពីប្រទេសសឹង្ហបុរីដូចគ្នា។ ដោយឡែក ប្រជាពលរដ្ឋអាចមើលតម្លៃប្រេងឡើងចុះបានរាល់ថ្ងៃតាមរយៈ ហ្វេកប៊ុករបស់ ក្រសួងពាណិជ្ជកម្ម ៕ វិបុល