រដ្ឋបាលរាជធានីភ្នំពេញ ៖ ផ្ទះបណ្តែតទឹក តាមដងទន្លេបានចាប់ផ្តើមរុះរើជាបណ្តើរៗហើយ ខណៈ​ថ្ងៃឱសាន​វាទ​​​ ដល់នៅថ្ងៃទី០៩ មិថុនា នេះ

ចែករំលែក៖

ភ្នំពេញ៖ ម្ចាស់ផ្ទះបណ្តែតទឹក ផ្ទះតូចៗ និង សំណង់មិនរៀបរយ តាមដងទន្លេមួយចំនួនបានស្ម័គ្រចិត្ត​រុះ​រើជាបណ្តើរៗហើយ នៅថ្ងៃទី៧និងទី៨ មិថុនានេះ ខណៈ ថ្ងៃឱសាន​វាទ​​​ នៃការអនុវត្តវិធានរដ្ឋបាលរបស់រដ្ឋបាលរាជធានីភ្នំពេញ កាន់តែខិតជិ​ត​មក​ដល់​​ បន្ទាប់ពីរដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសទុកពេលមួយសប្តាហ៍ឱ្យម្ចាស់បែចិញ្ចឹមត្រី ម្ចាស់ផ្ទះបណ្តែតទឹក ម្ចាស់ផ្ទះតូចៗ និងម្ចាស់សំណង់មិនរៀបរយនៅលើផ្ទៃទន្លេទាំងអស់ ត្រូវរុះរើ ឬចល័តចេញជាបន្ទាន់ពីទន្លេក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនោះ ។
លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌឬស្សីកែវ បានបញ្ជាក់ឱ្យដឹងថា ៖ ថ្ងៃទី៨ខែ មិថុនា ឆ្នាំ២០២១ លោកបានដឹកនាំ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌប្ញស្សីកែវ ដែលមាន កម្លាំងចម្រុះ ចុះរដ្ឋបាលត្រួតពិនិត្យ បែរត្រី និងផ្ទះបណ្តែតទឹក ក្នុងភូមិសាស្រ្តខណ្ឌប្ញស្សីកែវ ។ ក្នុងការចុះរដ្ឋបាលត្រួតពិនិត្យ នោះឃើញថា ផ្ទះបណ្តែតទឹក ម្ចាស់ផ្ទះតូចៗ និងម្ចាស់សំណង់មិនរៀបរយ តាមដងទន្លេបានស្ម័គ្រចិត្តរុះរើបាន៤ទៅ៥កន្លែងហើយ ហើយក្រៅពីនោះពួកគាត់ក៏បានសន្យាថា នឹងរុះរើជាបណ្តើរៗទៀត ។លោកបន្តតថា៖ រដ្ឋបាលខណ្ឌបានកំណត់យកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ ជាថ្ងៃដែល អាជ្ញាធរប្រេីវិធានការរដ្ឋបាល​ ចុះទៅរុះរើ ដោយមិន​ទទួល​ការ​ខុស​ត្រូវ​រាល់​ការ​ខូចខាត​ និងប្រឈមមុខច្បាប់ថែមទៀត។
ចំណែក លោករស់ សុភ័ក្រ អភិបាលរង
ខណ្ឌច្បារអំពៅ បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី០៨ មិថុនានេះដែរថា ជុំវិញវិធានការទៅផ្ទះបណ្តែតទឹក ម្ចាស់ផ្ទះតូចៗ និងម្ចាស់សំណង់មិនរៀបរយ តាមដងទន្លេនេះ ចំពោះអាជ្ញាធរខណ្ឌច្បារអំពៅ តែងបានចុះផ្សព្វផ្សាយ និងប្រគល់ជូនសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញជូនទៅពួកគាត់គ្រប់គ្នាដើម្បីឱ្យពួកគាត់ រុះរើសំណង់ទាំងអស់នោះចេញមុន១សប្តាហ៍។ ប៉ុន្តែបើគិតមកដល់ត្រឹមថ្ងៃទី០៨មិថុនានេះ បងប្អូន ម្ចាស់ផ្ទះបណ្តែតទឹក ម្ចាស់ផ្ទះតូចៗ និងម្ចាស់សំណង់មិនរៀបរយ តាមដងទន្លេមួយចំនួនបានរុះរើជាបណ្តើរៗហើយ ពិសេសគឺបែត្រីតែម្តង។
ដោយឡែក សម្រាប់ខណ្ឌព្រែកព្នៅវិញ ពាក់ព័ន្ធនឹងការអនុវត្តសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីខាងលើនេះដែរ បើតាមមន្ត្រីរដ្ឋបាលខណ្ឌបានបញ្ជាក់ឱ្យដឹងថា ៖នៅក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ មានផ្ទះបណ្តែតទឹក ផ្ទះតូចៗ និងម្ចាស់សំណង់មិនរៀបរយ តាមដងទន្លេ ចំនួន២៩២កន្លែងស្មើចំនួន ៣០៨គ្រួសារ ពួកគាត់ទាំងអស់ត្រូវបានអាជ្ញាធរខណ្ឌប្រគល់សេចក្តីជូនដំណឹងដល់ដៃគ្រប់គ្នាហើយ ។ប៉ុន្តែទោះបីជាយ៉ាងណាក្តីមន្ត្រីនោះ មិនបានបញ្ជាក់ពីការរុះរើផ្ទះទឹកទាំងនេះបានប៉ុន្មាននូវឡើយទេ។
សូមបញ្ជាក់​ថា ៖យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដែលចុះហត្ថលេខាដោយលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានឱ្យ​ដឹង​ថា ៖កន្លង​មក​មាន​ជន​ឱកាសនិយម​មួយ​ចំនួន​បាន​លប​លួច​ធ្វើ​ប​ចិញ្ចឹម​ត្រី ផ្ទះ​បណ្តែត​ទឹក ផ្ទះ​តូច​ៗ និង​សំណង់​មិន​រៀបរយ​នៅ​លើ​ផ្ទៃ​ទន្លេ ហើយ​កន្លែង​ខ្លះ​បាន​ប្រែ​ក្លាយជា​កន្លែង​ស្នាក់​នៅ​ដោយ​ខុសច្បាប់​យ៉ាង​អាណា​ធិ​ប​តេ​យ្យ​ដែល​បង្ក​ឱ្យ​បាត់បង់​សណ្តាប់ធ្នាប់ ប៉ះពាល់​ដល់​ផ្លូវ​នាវាចរ ប៉ះពាល់​ដល់​ប្រព័ន្ធ​អេកូ​ឡូ​ហ្ស៊ីមាន​ចរន្តទឹក​ហូរ គោក​រាក់ ពិសេស​ការ​ប្រើប្រាស់​ចំណី​សម្រាប់​ចិញ្ចឹម​ត្រី និង​ការ​បញ្ចេញ​កាក​សំណល់ ការបន្ទោបង់​ពាស​វាល​ពាស​កាល​ក្នុង​ទន្លេ ធ្វើ​ឱ្យ​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ជីវៈចម្រុះ​ក្នុង​ទឹក ខូចគុណភាព​ទឹកបំពុលបរិស្ថាន និង​ប៉ះពាល់​ដល់​សោភ័ណ​ភាព​រាជធានី​ភ្នំពេញ ព្រមទាំង​ប៉ះពាល់​ដល់​សុខភាព​នៃ​ប្រជាពលរដ្ឋដែល​បាន​ប្រើប្រាស់​ទឹក​មិន​ស្អាត​ផង​ដែរ​ ។
សេចក្តីជូនដំណឹងបានឱ្យ​ដឹង​ទៀត​ថា ចំពោះ​មុខ ដើម្បី​រក្សា​បរិស្ថាន ជីវៈចម្រុះ គុណភាព​ទឹក និង​លុប​បំបាត់​បាតុភាព​អសកម្ម​ខាងលើរដ្ឋបាល​​រាជធានី​ភ្នំពេញ តម្រូវ​ឱ្យ​ម្ចាស់​បែ​ចិញ្ចឹម​ត្រី ផ្ទះ​បណ្តែត​ទឹក ម្ចាស់ផ្ទះ​តូច​ៗ និង​ម្ចាស់​សំណង់​មិនរៀបរយ​នៅ​លើ​ផ្ទៃ​ទន្លេ​ទាំងអស់ ត្រូវ​រុះរើ ឬ​ចល័ត​ចេញ​ជា​បន្ទាន់ ដោយ​ទុក​រយៈពេល ០១ (​មួយ​) ស​ប្ដា​ហ៍ គិត​ចាប់ពី​កាលបរិច្ឆេទ​ចេញ​សេចក្តីជូនដំណឹង​នេះ​តទៅ​។ ផុត​រយៈពេល​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ចាត់វិធានការ​រដ្ឋបាល​ដោយ​ពុំ​ទទួលខុសត្រូវ​រាល់​ការ​ខូចខាត ឬ​ការ​បាត់បង់​ណាមួយ​ឡើយ ហើយ​ក្នុង​ករ​ណ៏​រឹងរូស អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ជំនាញ​នឹង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​តាម​ផ្លូវច្បាប់​។ទន្ទឹម​នឹង​នេះ រ័​ដ្ឋ​បាល​រាជធានី​ភ្នំពេញ​ស្នើ​បងប្អូន​ប្រជាពលរដ្ឋ​ប្តូរ​ទ​ម្លា​ប័​ពី​ការ​ចិញ្ចឹម​ត្រី​តាម​បែ​លើផ្ទៃ​ទន្លេ នៅ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​មក​ចិញ្ចឹម​ត្រី​តាម​ស្រះ​វិញ​៕ សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print