ក្នុង​រយៈពេល​មួយ​ថ្ងៃ​! នៅទូទៅសហរដ្ឋអាមេរិក​ អ្នកជំងឺកូវីដ​-១៩​ ស្លាប់​ជាង​ ៤០០នាក់​,​ ខណៈ​រកឃើញអ្នកឆ្លងថ្មីជាង ១៣ម៉ឺននាក់​

ចែករំលែក៖

អន្តរជាតិ​៖ បើតាមការដកស្រង់ទិន្នន័យ​ ចេញពីគេហទំព័រ Worldometers បានចុះផ្សាយ​នៅព្រឹកថ្ងៃពុធ ទី០៩ ខែមិថុនា ឆ្នាំ២០២១នេះថា​ នៅទូទាំងសហរដ្ឋអាមេរិក​ បន្តរកឃេីញមនុស្សសរុប ១៣,៥៤២នាក់នាក់ថ្មីទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៤០១នាក់បានស្លាប់ គិតត្រឹម​រយៈពេល ២៤ម៉ោងកន្លងទៅនេះ។

គេហទំព័រ Worldometers បាននិយាយបន្តថា​ ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិក កើនឡើងដល់ ៣៤,២៤២,៨៦៦ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦១៣,០៥២នាក់ និងជាសះស្បើយឡើងសរុប ២៨,២២០,៨៦៣លាននាក់។ ខណៈ​ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិក គឺជាង ៣៣២លាននាក់។

បើតាម​អ្នកជំនាញ​ កាលពីថ្ងៃអង្គារម្សិលមិញនេះ​ បានមើលឃើញថា សហរដ្ឋអាមេរិកទំនងជាមិនអាច ឈានដល់គោលដៅតាមការចង់បានរបស់លោក ចូ បៃដិន ក្នុងការចាក់វ៉ាក់សាំងជូនដល់ជនជាតិអាមេរិក ឱ្យបានប្រមាណ ៧០ភាគរយនៅតាមរដ្ឋនីមួយៗនៅត្រឹមថ្ងៃទី០៤ ខែកក្កដាខាងមុខនេះទេ។

ដោយឡែក​រដ្ឋបាលរបស់លោក ចូ បៃដិន បានអះអាងថា ទោះបីជាគោលមិនត្រូវបានសម្រេចក៏ដោយ ក៏វានឹងមានផលប៉ះពាល់តិចតួចបំផុត ដល់ការងើបឡើងវិញរបស់សហរដ្ឋអាមេរិកទាំងមូល ដែលកំពុងឈានទៅមុខជាបន្តបន្ទាប់ រួចទៅហើយនោះដែរ។

គួរជម្រាបថា​ សហរដ្ឋអាមេរិក​ គិតត្រឹមថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ បានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង ៣០៣លានដូសហើយ ជូនដល់ប្រជាជនទូទាំងប្រទេស ក្នុងនោះមនុស្សសរុប ១៧១.៣១លាននាក់ (៥២.២%នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និងជិត ១៤០លាននាក់ (៤២.៦% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print