ក្រុមជម្រើសជាតិអេស្ប៉ាញបានកោះហៅកីឡាករចំនួន៤នាក់ ឲ្យចូលរួមក្នុងការហ្វឹកហាត់ស្របគ្នា បន្ទាប់ពីការធ្វើតេស្តវិជ្ជមានកូវីដ-១៩ របស់ប្រធានក្រុម Sergio Busquets កាលពីចុងសប្តាហ៍កន្លងទៅ។ នេះបើយោងតាមការប្រកាសរបស់សហព័ន្ធបាល់ទាត់ជាតិអេស្ប៉ាញនៅថ្ងៃអង្គារ។
សារព័ត៌មាន CNA បានផ្សាយថា ការបន្ថែមបញ្ជីឈ្មោះកីឡាករថ្មីនេះរួមមាន Rodrigo Moreno មកពីក្លិប Leeds United, Pablo Fornals មកពីក្លិប West Ham United, Carlos Soler មកពីក្លិប Valencia និង Brais Mendez មកពីក្លិប Celta Vigo នឹងមិនស្នាក់នៅមូលដ្ឋានហ្វឹកហាត់នៅ Las Rozas របស់អេស្ប៉ាញ ឬមិនជាប់ពាក់ព័ន្ធនឹងកីឡាករដែលឆ្លងកូវីដនោះទេ។
ដោយសារតែមានវិធានការចំពោះផលវិបាកដែលអាចកើតមានពីការធ្វើតេស្តវិជ្ជមានរបស់កីឡាករ Sergio Busquets បុគ្គលិក, គ្រូបង្វឹកបានសំរេចចិត្តកោះហៅក្រុមកីឡាករ៤នាក់ដើម្បីបំពេញបន្ថែមវគ្គបណ្តុះបណ្តាលក្នុងរយៈពេល២-៣ថ្ងៃខាងមុខក្រោមការណែនាំរបស់គ្រូបង្វឹកលោក Luis Enrique ។
អេស្ប៉ាញបានយកឈ្នះក្រុមលីទុយអានី ៤ទល់០ ក្នុងការប្រកួតមិត្តភាពមួយកាលពីថ្ងៃអង្គារនេះជាមួយក្រុមបាល់ទាត់អាយុក្រោម២១ឆ្នាំរបស់ពួកគេដែលទើបតែបញ្ចប់ការប្រកួតក្នុងពានរង្វាន់អឺរ៉ុប (យូរ៉ូU21) ដែលពួកគេបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយគ្រូបង្វឹកលោក Luis de la Fuente បញ្ជូនកីឡាករវ័យក្មេងទាំងនោះដើម្បីបំពេញចន្លោះក្នុងការឡើងទៅប្រកួតក្នុងក្រុមឈុតធំ។
ការបញ្ចូលរបស់កីឡាករវ័យក្មេងទៅក្នុងក្រុមសម្រាប់យូរ៉ូ២០២០ នឹងអាស្រ័យលើលទ្ធផលដែលនឹងវិលត្រឡប់មកវិញក្នុងរយៈពេលពីរបីថ្ងៃខាងមុខនេះ បើសិនជាកីឡាករដែលជាប់ពាក់ពន្ធនឹងកីឡាករឆ្លងកូវីដ ធ្វើតេស្តអវិជ្ជមាន។
សូមបញ្ជាក់ថា ក្រុមជម្រើសជាតិអេស្ប៉ាញនឹងត្រូវជួបក្រុមជម្រើសជាតិស៊ុយអែតក្នុងការប្រកួតបើកឆាកក្នុងពូល E របស់ពួកគេនៅថ្ងៃចន្ទសប្តាហ៍ក្រោយក្នុងព្រឹត្តិការណ៍យូរ៉ូ២០២០ ៕ ដោយ៖ ភារៈ