ភ្នំពេញ÷ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាប្រធាន គ.វ.ក១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានបញ្ជាក់ អំពីយុទ្ធសាស្រ្តចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពល រដ្ឋនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយអនុវត្តតាម “យុទ្ធសាស្រ្តផ្ការីក” របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺត្រូវចាប់ផ្តើមពីរាជធានីភ្នំពេញឱ្យរួចរាល់ ហើយបន្តទៅ កាន់ខេត្តទាំង២៤បន្តទៀត។
លោកស្រី ឱ វណ្ណឌីន បានបន្តថា សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានមានប្រសាសន៍ថា នឹងស្រោចវ៉ាក់សាំងជូនដល់បងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញជាមុន ដើម្បីបង្កើតភាពស៊ាំហើយបន្ទាប់ មកនឹងផ្តោតទៅលើខេត្តដែលមានហានិភ័យឆ្លងខ្ពស់។ ដូច្នេះហើយគ.វ.ក១៩ នឹងអនុវត្តទៅតាមយុទ្ធសាស្រ្តនេះ ដោយក្នុងនោះ គ.វ.ក១៩ នឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការវីរុសកូវីដ-១៩ បង្ហើយខណ្ឌដែលនៅសេសសល់ទាំង០៣ គឺខណ្ឌដូនពេញ ខណ្ឌព្រែកព្នៅ និងខណ្ឌជ្រោយចង្វារ ដោយរំពឹងថាបងប្អូនប្រជាពលរដ្ឋដែលមានអាយុ ១៨ឆ្នាំឡើង នឹងទទួលបាននូវវ៉ាក់សាំងគ្រប់ៗគ្នា។
យោងតាមផែនការមេរបស់ គ.វ.ក១៩ គឺនឹងបញ្ចប់ការចាក់វ៉ាក់សាំងដល់បងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញឱ្យបានចប់សព្វគ្រប់(ទាំងដូសទី០២) នៅក្នុងខែកក្កដា លោកស្រីបានមានប្រសាសន៍បញ្ជាក់បន្ថែមថា ៖ “បន្ទាប់ពីចាក់វ៉ាក់សាំងនៅរាជធានីភ្នំពេញចប់ទាំង១៤ ខណ្ឌរួចហើយ យើងនឹងបន្តបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនដល់បងប្អូនប្រជាពលរដ្ឋនៅក្រុងតាខ្មៅ នៃខេត្តកណ្តាល នៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២១ខាងមុខនេះ។ បន្ថែមពីលើនេះ គ.វ.ក១៩ និងសិក្សាពីលទ្ធភាពវ៉ាក់សាំងដែលនៅសល់ដើម្បីអាចចាក់ជូនដល់ស្រុកដែលមានរោងចក្រច្រើន នៅជុំវិញរាជធានីភ្នំពេញផងដែរ”។
គិតត្រឹមយប់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១នេះ បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសចំនួន ២ ៧៧០ ៤៣៧នាក់ បានចាក់វ៉ាក់សាំងដូស ទី០១រួចរាល់ និងចំនួន២ ២៣៥ ១៤៨នាក់ បានចាក់ដូសទី០២រួចរាល់ ស្មើនឹង ២៧.៧០% នៃចំនួនប្រជាពលរដ្ឋគោលដៅចាក់វ៉ាក់សាំងសរុប ១០លាននាក់ ដែលក្នុងចំណោមអ្នកដែលបានចាក់រួចនោះ ភាគច្រើននៅរាជធានីភ្នំពេញ៕
ដោយ៖ សូរិយា