ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តធុនត្រាមួយគ្រឿងខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តមួយគ្រឿងទៀត បណ្តាលឲ្យការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបណ្ដាលឲ្យមានអ្នករងរបួសនោះទេ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤ និង៥០នាទីល្ងាចថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ស្ថិតក្នុងបុរីឈូកវ៉ា២ ក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្ត nissan មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ 2X 1014បើកបរដោយបុរសម្នាក់ និងរួមដំណើរជាគ្រួសារធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ត្រង់ចំណុចកើតហេតុ ត្រង់ផ្លូវបែកជាបួន ក៏មានរថយន្តមួយគ្រឿងទៀតម៉ាកធុនត្រាពណ៍ខ្មៅពាក់ស្លាកលេខ 2I 1188 បើកបរដោយបុរសម្នាក់ក្នុងទិសដៅត្បូងទៅជើង ស្រាប់តែជ្រុលបុកចំពាក់កណ្ដាលរថយន្ត nissan ពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបណ្ដាលឲ្យមានអ្នករងរបួសនោះទេ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់រួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរខណ្ឌ ធ្វើការវាស់វែងយករថយន្តទាំងពីរទៅរក្សាទុកនៅអធិការរដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់៕
ដោយ៖ និន សុភ័ស្ដ