ប្រជាកសិករ​ប្រមាណ​ជា ២ ពាន់​គ្រួសារ​ ទូទាំង​ខេត្តស្ទឹងត្រែង​ ទទួល​បានពូជដំណំ​ ពីអភិបាលខេត្ត និងមន្ទីរ​កសិកម្ម​ខេត្ត

ចែករំលែក៖

ខេត្ត​ស្ទឹងត្រែង​៖ ដើម្បីចូលរួមចំណែក ដោះស្រាយ​នូវ សន្តិសុខ​ស្បៀង បង្កើន​ប្រាក់ចំណូល លើ​ក្រុមគ្រួសារ កសិករ​នីមួយៗ​ នៅក្នងខេត្តស្ទឹងត្រែង​ រដ្ឋបាលខេត្ត និងមន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្ត ចែក​ពូជ​ដំណាំ សាកវប្បកម្ម និង​ដំណាំ​ក​សិ​-​ឧស្សាហកម្ម ដល់​ប្រជាពលរដ្ឋ នៅតាម​បណ្ដា​ឃុំ ស្រុក ក្រុង ប្រមាណ​ជា ២ ពាន់​គ្រួសារ។​ ជាមួយគ្នានេះ​ ក្នុង​ពិធី​ចែក​ពូជ​ដំណាំ​កសិកម្ម​នេះ មន្ត្រី​ជំនាញ បានធ្វើ​ការណែនាំ ពី​វិធី​បច្ចេកទេស បង្ហាញជូន ដល់​បងប្អូន​កសិករ ដើម្បីឱ្យ​យក​ពូជ​ទាំងនេះ ទៅ​ដាំ​ដុះ បាន​ទិន្នផល​ខ្ពស់​។​

​នៅក្នុងពិធីនេះដែរ ​អភិបាលខេត្ត​ស្ទឹងត្រែង លោក ម៉ុម សារឿន​ បាន​មានប្រសាសន៍ឱ្យដឹងនៅ​ព្រឹក​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២១​នេះថា ដើមរដូវ​វស្សា​នេះ គឺជា​ឱកាស​សម្រាប់​បង្កបង្កើន​ផល របស់​កសិករ​ទូទាំង​ខេត្ត​។ បន្ថែមពីនេះ​ លោក​សុំ​ឲ្យ​កសិករ​ទាំងអស់ រួសរាន់​ខិតខំ​ដាំ​ដំណាំ ក្រោយពី​បាន​ពូជ​ពី មន្ទីរ​កសិកម្ម បានផ្ដល់​ជូន​។​

​មិនតែប៉ុណ្ណោះ​ លោក ម៉ុម សារឿន​ បាន​ផ្ដាំផ្ញើ​ជំរុញ ដល់​កសិករ​ដាំ​ដំណាំ ឲ្យ​ទាន់​ដើមរដូវ​វស្សា និង​ចិញ្ចឹមសត្វ​, ត្រី​កាន់តែច្រើន ដើម្បី​ផ្គត់ផ្គង់​ជីវភាព ប្រចាំថ្ងៃ លក់​ទៅកាន់​ទីផ្សារ​។​

​ដោយឡែក ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត លោក ទុំ នី​រ៉ូ ក៏បានឱ្យដឹងដែរថា​ ពូជ​ដំណាំ ដែល​ចែកជូន ដល់​សមាជិក បណ្តុំ​អាជីវកម្ម​នោះ រួមមាន ស្រូវ​, ក្រូចពោធិ៍សាត់​, ចន្ទី និង ឫស្សី​ផ្អែម រួមទាំង​សម្ភារៈ មួយចំនួនទៀត​។ ពូជ​ទាំងអស់ ដែល​មន្ទីរ​កសិកម្ម ចែកជូន​ប្រជាពលរដ្ឋ នេះ​គឺជា​ពូជ​ថ្មី ដែល​ធន់​នឹង​អាកាសធាតុ ធន់​នឹង​ជំងឺ ថែមទាំង​ផ្ដល់​ទិន្នផល​ច្រើន​។​

​គួរបញ្ជាក់ថា​ បេីយោង​តាមរបាយការណ៍ មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តស្ទឹងត្រែង បាន​បង្ហាញថា ផលិតផល សម្រេចបាន កន្លងមកនេះ បណ្ដុំ​អាជីវកម្ម​ទូទាំង​ខេត្ត សរុប ១២៧ ស្មើ​ជាង ៥ ពាន់​គ្រួសារ​។ បណ្ដុំ​អាជីវកម្ម​ទាំងនោះ មានដូចជា បណ្ដុំ​អាជីវកម្ម​កៅស៊ូ​, ស្វាយចន្ទី​, ស្រូវ​, ដំឡូង​មី​, ស្វាយកែវ​រមៀត​, ចិញ្ចឹម​មាន់​, ជ្រូក​, គោ​, ឫស្សី​ផ្អែម​, ម្នាស់​, ក្រូចពោធិ៍សាត់​, ត្រី , បន្លែ និង​ច្បារ​ពូជ ជាដើម​៕ដោយ៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print