ក្រសួងរ៉ែ និងថាមពល៖​ បង្ហាញទិដ្ឋភាពទូទៅនៃការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាស លើកដំបូងរបស់កម្ពុជានៅតំបន់អូរខ្វាវ

ចែករំលែក៖

ភ្នំពេញ​៖ បេីយោង​តាមផេកផ្លូវការហ្វេសប៊ុករបស់ក្រសួងរ៉ែ និងថាមពល នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះ បានបង្ហាញនូវរូបភាព ទិដ្ឋភាពទូទៅនៃការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាស ជាលក្ខណៈឧស្សាហកម្មលើកដំបូងរបស់កម្ពុជា នៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី ក្រោយពីបានសិក្សាស្រាវជ្រាវ ស្វែងរកអស់រយៈពេលប្រមាណ ១៤ឆ្នាំ កន្លងមកនេះ ដែលវិនិយោគដោយក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីតធីត Renaissance Minerals (Cambodia) Limited របស់ប្រទេសអូស្ត្រាលី។

គួរជម្រាបថា​ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ប្រមុខរាជរដ្ឋភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន​ បានផ្ញើសារលិខិត ជូនជនរួមជាតិពីដំណឹងដ៏រីករាយ នៃជោគជ័យលើកដំបូង លើការធ្វើអាជីវកម្មរ៉ែមាស ដែលអាចផលិតមាសសុទ្ធបានប្រមាណ ៣តោនក្នុងមួយឆ្នាំ។​

សម្តេចតេជោ​ ហ៊ុន​ សែន​ បានសម្រេចប្រកាសឱ្យដំណើរការការដ្ឋានអាជីវកម្មរ៉ែមាស និងរោងចក្រចម្រាញ់រ៉ែមាស ស្ថិតនៅតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ចាប់ពីថ្ងៃទី២១ ខែមិថុនា តទៅ។​ បន្ថែមពីនេះ​ សម្ដេចតេជោ​ ថ្លែង​ថា ការសិក្សាបានបង្ហាញថា រ៉ែមាសដែលក្រុមហ៊ុនបានសិក្សារួចមកនោះ គឺអាចផលិតមាសសុទ្ធបានប្រមាណ ៣តោន ក្នុងមួយឆ្នាំ សម្រាប់រយៈពេល ៨ឆ្នាំដំបូង។ ក្រុមហ៊ុនរំពឹងថានឹងអាចពង្រីកលទ្ធភាពអាជីវកម្មបន្ថែមទៀត ក្រោយរយៈពេលដំបូងនេះ។

សម្តេច​នាយករដ្ឋមន្រ្តីកម្ពុជា​ បានថ្លែង​បន្តថា រ៉ែមាសដែលក្រុមហ៊ុនធ្វើអាជីវកម្មនេះ នឹងផ្តល់ផលប្រយោជន៍ជាចំណូលដុលជាមធ្យមប្រមាណ ១៨៥លានដុល្លារ ក្នុងមួយឆ្នាំ ដែលក្នុងនោះចំណូលថវិកាជាតិពីសួយសារ និងសារពើពន្ធផ្សេងៗជាមធ្យមប្រមាណ ៤០លានដុល្លារ ក្នុងមួយឆ្នាំ។

លេីសពីនេះ​ សម្តេចតេជោ ហ៊ុន​ សែន​ បានថ្លែង​គូសបញ្ជាក់យ៉ាងដូច្នេះថា៖ ថវិកាទាំងនេះនឹងត្រូវយកមកប្រើប្រាស់ក្នុងចរន្តថវិកាជាតិដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម៕ដោយ​៖សហការី​

...

ប្រភពពី​៖ហ្វេសប៊ុក​ក្រសួងរ៉ែ​ និងថាមពល

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print