ភ្នំពេញ, អាជ្ញាធររាជធានីភ្នំពេញ បានផ្អាកសកម្មភាពអាជីវកម្ម/ផលិតកម្មរបស់ សិប្បកម្មវេចខ្ចប់សម្លៀកបំពាក់ ធាន ឈឹង ដែលមាន ទីតាំងស្ថិតនៅភូមិគង្គាផុស សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលន ជំងឺកូវីដ-១៩ សម្រាប់រយៈពេល ០៦ (ប្រាំមួយ) ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ រហូតដល់ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ។
បុគ្គលិក និងកម្មករ-និយោជិត ដែលបម្រើការងារតាមសិប្បកម្មដូចក្នុងប្រការ១ នៃសេចក្ដីសម្រេចនេះ ត្រូវចូលរួមសហការ ជាមួយអាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញ និងមន្ត្រីសុខាភិបាល ដើម្បីទៅយកសំណាកវិភាគរកមេរោគ នៅទីតាំងដែលបានរៀបចំ និងត្រូវធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។
និយោជក ម្ចាស់ ឬ អ្នកគ្រប់គ្រងសិប្បកម្មដូចក្នុងប្រការ១នៃសេចក្ដីសម្រេច ត្រូវចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញ និងមន្ត្រីសុខាភិបាល ដើម្បីស្រាវជ្រាវ និងកំណត់អ្នកប៉ះពាល់ផ្សេងៗទៀតព្រមទាំងចូលរួមសហការអនុវត្តរាល់វិធានការរដ្ឋបាល និងវិធានការសុខាភិបាលឱ្យបានម៉ឺងម៉ាត់។
ក្នុងអំឡុងពេលនៃការអនុវត្តវិធានការផ្អាកសកម្មភាពអាជីវកម្ម ផលិតកម្ម ត្រូវបានហាមឃាត់រាល់ការចេញ-ចូល និងរាល់ការជួបជុំ ឬ ការប្រមូលផ្តុំមនុស្ស ក្នុងមូលដ្ឋានសិប្បកម្ម លើកលែងតែករណីចាំបាច់ដូចខាងក្រោម ៖
– ការចេញ-ចូល និងការជួបជុំក្នុងចំណោមបុគ្គលិក និងកម្មករ-និយោជិត នៅក្នុងទីតាំងកំណត់ដែលត្រូវផ្តល់សំណាក
– ការចេញ-ចូល និងការជួបជុំរបស់បុគ្គលិកសុខាភិបាល ដើម្បីអនុវត្តវិធានការសុខាភិបាល ជាអាទិ៍ ការយកវត្ថុសំណាកមកវិភាគរកមេរោគកូវីដ-១៩ និងការចាក់វាំកំសាំងការពារជំងឺកូវីដ-១៩ និងការជួបជុំរបស់ បុគ្គលិកសុខាភិបាលដែលបំពេញការងារសង្គ្រោះបន្ទាន់ផ្សេងទៀត
– ការចេញ-ចូល និងការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ ក្នុងការបំពេញការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ។
រាល់ការចេញ-ចូល និងការជួបជុំ ឬ ការប្រមូលផ្តុំមនុស្សដែលត្រូវបានលើកលែងខាងលើនេះ ត្រូវអនុវត្ត វិធានការសុវត្ថិភាពផ្នែកសុខាភិបាលឱ្យបានម៉ឹងម៉ាត់ ជាអាទិ៍ កាតព្វកិច្ចពាក់ម៉ាស កាតព្វកិច្ចរក្សាតម្លាតសុវត្ថិភាព ការ ធ្វើអនាម័យដើម្បីសម្លាប់មេរោគ ការវាស់កម្ដៅ និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវ ប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ “៣. ការពារ និង៣អ៊ុំ” របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ត្រូវបានប្រគល់ភារកិច្ចជូន រដ្ឋបាលខណ្ឌឫស្សីកែវ សហការជាមួយមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ និងភាគីពាក់ព័ន្ធ ដើម្បីចុះត្រួតពិនិត្យជាប្រចាំចំពោះមូលដ្ឋានសិប្បកម្ម។
សូមអាននូវខ្លឹមសារទាំងស្រុងអាជ្ញាធររាជធានីភ្នំពេញ សម្រេចផ្អាកសកម្មភាពអាជីវកម្ម ផលិតកម្ម សិប្បកម្មវេចខ្ចប់សម្លៀកបំពាក់ ធាន ឈឹង នៅភូមិគង្គាផុស សង្កាត់ទួលសង្កែ២ រយៈពេល៦ថ្ងៃ ដើម្បីទប់ស្កាត់កូវីដ-១៩៕
ដោយ, សិលា