អន្តរជាតិ៖ បើតាមសារព័ត៌មាន The Nation នៅព្រឹកថ្ងៃសុក្រ ទី១១ ខែមិថុនា ឆ្នាំ២០២១នេះ បានចុះផ្សាយថា រដ្ឋាភិបាលថៃ ចង់យកវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនចិន Sinovac សម្រាប់ការចាក់លើកុមារមានអាយុចាប់ ៣ឆ្នាំ ឡើងទៅជាមុនសិន មុននឹងអនុញ្ញាតឱ្យប្រើប្រាស់លើកុមារ នៅក្នុងប្រទេសថៃ។ ប៉ុន្តែខ្លួនកំពុងរង់ចាំការបញ្ជាក់ពីសុវត្ថិភាព និងប្រសិទ្ធភាពនៃវ៉ាក់សាំង Sinovac ដោយភាគីចិន និងអង្គការសុខភាពពិភពលោក (WHO) អនុម័តសិន។ នេះបើតាមការបញ្ជាក់ពីក្រសួងសុខាភិបាលថៃ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។
ជាក់ស្ដែងលោក គាតធិភូម វង្សរ៉ាឈីត (Kiattiphum Wongrachit) លេខាធិការអចិន្រ្តៃយ៍ នៃក្រសួងសុខាភិបាលថៃ បានលើកឡើងថា ចំពោះការសិក្សាមួយនៅក្នុងប្រទេសចិន កំពុងធ្វើឡើងនៅឡើយ ដើម្បីស្វែងរកប្រសិទ្ធភាព, សុវត្ថិភាព និងកម្រិតដូសដែលត្រូវប្រើប្រាស់ ព្រមទាំងកំណត់រយៈពេលនៃការចាក់វ៉ាក់សាំង លើកុមារដែលមានអាយុចាប់ពី ៣ឆ្នាំឡើងទៅ។
បន្ថែមពីលើនេះ លេខាធិការអចិន្រ្តៃយ៍ នៃក្រសួងសុខាភិបាលថៃ ក៏បានកត់សម្គាល់ផងដែរពីយុទ្ធនាការចាក់វ៉ាក់សាំង នៅក្នុងប្រទេសថៃនាពេលបច្ចុប្បន្នដោយនិយាយថា ៣០ភាគរយនៃអ្នកដែលបានចាក់វ៉ាក់សាំង មានអាការៈគ្រុនក្ដៅតិចតួច និងរងផលប៉ះពាល់តិចតួចបំផុតពីវ៉ាក់សាំង ហើយផលប៉ះពាល់ទាំងនេះ នឹងបាត់ទៅវិញក្រោយរយៈពេលពី ២៤ ទៅ ៤៨ម៉ោង។
គួរបញ្ជាក់ថា វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនចិន Sinovac ចំនួន ១លានដូសបន្ថែមទៀតបានទៅដល់ប្រទេសថៃ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ដែលនេះធ្វើឱ្យចំនួនវ៉ាក់សាំង Sinovac ដែលថៃទិញពីចិនកើនដល់ ៧.៥លានដូស។ ជាមួយគ្នានេះវ៉ាក់សាំង Sinopharm របស់ចិនដូចគ្នា ក៏នឹងមកដល់ប្រទេសថៃក្នុងពេលឆាប់ៗនេះ។ ខណៈដែលវ៉ាក់សាំងចិនទាំងពីរនេះ សុទ្ធតែត្រូវបានអង្គការ WHO ប្រកាសទទួលស្គាល់ជាផ្លូវការអំពីប្រសិទ្ធភាព និងសុវត្ថិភាពដូចគ្នា៕ដោយ៖ស តារា