អន្តរជាតិ៖ បើយោងតាមក្រុមអ្នកវិទ្យាសាស្ត្រវេជ្ជសាស្ត្រថៃ បានបញ្ជាក់ថា ខណៈដែលអាជ្ញាធរសុខាភិបាលថៃ នៅថ្ងៃសុក្រទី១១ខែមិថុនា ឆ្នាំ២០២១នេះ បានរាយការណ៍ស្ដីពីអ្នកជំងឺកូវីដ-១៩ ស្លាប់ជាង ៤០នាក់បន្ថែមទៀត។ ហើយអ្នកកេីតកូវីដជិត ៩០ភាគរយ នៃករណីឆ្លងជំងឺដ៏កាចសាហាវមួយនេះ នៅមួយរយៈពេលចុងក្រោយនេះ បង្កឡើងដោយវីរុសកូរ៉ូណាបំប្លែងរូបឈ្មោះAlpha គឺជាប្រភេទវីរុសដែលគេរកឃើញដំបូងនៅប្រទេសអង់គ្លេស និងចម្លងខ្លាំងបំផុត។
បើតាមលោក ស៊ូផាគិត ស៊ីរីឡាក់ អគ្គនាយកនៃនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រ បានបញ្ជាក់ថា ជាក់ស្ដែងការសិក្សាលើ ៤.១៨៥ករណី ចាប់ពីខែមេសាដល់ខែមិថុនា បានរកឃើញថា វីរុសកូរ៉ូណាប្រភេទAlpha ដែលបានចម្លងមនុស្សភាគច្រើនបំផុតនៅប្រទេសថៃ គឺមានចំនួន ៣.៧០៣នាក់ ស្មើនឹង៨៨,៤៨ភាគរយ។
អគ្គនាយករូបនេះ បានបញ្ជាក់បន្ថែមទៀតថា ក្នុងចំនួនជាង៤ពាន់នាក់ខាងលើនេះ មានតែ៣៤៨នាក់(៨,៣២%)ឆ្លងវីរុសប្រភេទDeltaជាប្រភេទវីរុសកូរ៉ូណាបំប្លែងខ្លួនដែលគេរកឃើញដំបូងនៅឥណ្ឌា និងមាន៩៨នាក់(២,៣៤%) ជាប្រភេទវីរុសកូរ៉ូណាB.1 (dade G), B.1 (dade GH), B.1.1.1 (dade GR)ដែលគេរកឃើញដំបូងនៅចិន។ មិនតែប៉ុណ្ណោះ ក្រៅពីនេះ ២៦នាក់(០,៦២%) ជាវីរុសប្រភេទBetaដែលគេរកឃើញនៅអាហ្វ្រិក និង១០នាក់ទៀត(០,២៤%)ជាវីរុសបំប្លែងខ្លួនB.1.524។
បន្ថែមពីនេះ លោក ស៊ូផាគិត វីរុសកូរ៉ូណា បានសង្កត់ធ្ងន់ថា៖ ពូជឥណ្ឌា Delta ឆ្លងខ្លាំងជាងAlpha តែមិនបង្កជំងឺធ្ងន់ធ្ងរដូចAlphaទេ ហើយវ៉ាក់សាំងក៏នៅតែអាចបង្ក្រាបវាបាន។ ដោយឡែកវីរុសប្រភេទBeta ចម្លងយឺតជាង Delta និងAlpha តែវានៅតែបង្កការស្លាប់ខ្លាំងជាវីរុសដើម។
គួរបញ្ជាក់ថា បេីយោងតាមការសិក្សារបស់ក្រសួងសុខាភិបាលអង់គ្លេស និងអង្គការសុខភាពពិភពលោក (WHO) វីរុសកូរ៉ូណាប្រភេទ Alpha នេះ គ្រោះចម្លងខ្លាំង និងអាចសម្លាប់មនុស្សក្នុងកម្រិតខ្ពស់ បើធៀបនឹងវីរុសដើម។
ដោយឡែកទោះបីយ៉ាងណាក៏ដោយ លោក ស៊ូផាគិត បាននិយាយថា វ៉ាក់សាំង នៅតែអាចកំទេចវីរុសប្រភេទនេះ ដោយមានប្រសិទ្ធភាពផងដែរ៕ដោយ៖ស តារា