ខេត្តព្រះវិហារ៖ លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងនៅចំពោះមុខមន្ត្រីឧទ្យានុរក្សនៅស្នាក់ការអូរកក់ ក្នុងដែនជម្រកសត្វព្រៃព្រះរការ ក្នុងភូមិសាស្ត្រ ខេត្តព្រះវិហារ កាលពីពេលថ្មីៗនេះថា៖ «មន្រ្តីឧទ្យានុរក្សដែលកំពុងបំពេញតួនាទី ដើម្បីបុព្វហេតុបរិស្ថាន និងធម្មជាតិបច្ចុប្បន្ន បានពុះពារប្រឈមនឹងឧបសគ្គ និងហានិភ័យខ្ពស់គ្រប់យ៉ាង ដើម្បីអនុវត្តកាតព្វកិច្ចរបស់ខ្លួនជាប្រចាំនៅសមរភូមិ នៃការងារគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិ ព្រៃឈើ សត្វព្រៃក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភរិក្សជីវៈចម្រុះរបស់កម្ពុជា»។
មន្រ្តីនាំពាក្យក្រសួងបរិស្ថានរូបនេះ បានលើកឡើងទៀតថា៖ «បច្ចុប្បន្ន អ្វីដែលមន្ត្រីឧទ្យានុរក្សរបស់យើងកំពុងធ្វើ គឺមិនមែនគ្រាន់តែធ្វើក្នុងនាមតែជាមន្ត្រីឧទ្យានុរក្ស ដែលត្រូវបំពេញជាតួនាទីទៅតាមភារកិច្ចនៃឯកសណ្ឋានជាមន្ត្រីឧទ្យានុរក្សប៉ុណ្ណោះទេ តែពួកគាត់ធ្វើក្នុងនាមជាឪពុកម្តាយ ដែលកំពុងតែថែរក្សា និងការពារនូវមរតកធនធានធម្មជាតិដ៏សម្បូរបែប សម្រាប់កូនចៅជំនាន់ក្រោយ»។ ការបញ្ជាក់បែបនេះ ក្នុងអំឡុងពេលដែលលោក នេត្រ ភក្រ្តា បានដឹកនាំប្រតិភូក្រសួងបរិស្ថាន និងក្រុមអ្នកសារព័ត៌មាន ចុះបំពេញទស្សនកិច្ច និងស្វែងយល់ពីការគ្រប់គ្រង និងអភិរក្សតំបន់ការពារធម្មជាតិ និងជីវៈចម្រុះ និងការអភិវឌ្ឍសហគមន៍មូលដ្ឋាន ព្រមទាំងជីវភាពរបស់ពលរដ្ឋនៅក្នុងសហគមន៍តំបន់ការពារធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ ។
ជាមួយគ្នានោះ លោក នេត្រ ភក្ត្រា ក៏បានសម្តែងនូវការកោតសរសើរពីការលះបង់ និងការប្តេជ្ញាចិត្តខ្ពស់របស់មន្ត្រីឧទ្យានុរក្សទាំងអស់ក្នុងការថែរក្សា និងការពារធនធានធម្មជាតិ សត្វព្រៃ ទីជម្រកធម្មជាតិ និងប្រព័ន្ធអេកូឡូស៊ីដែលកម្ពុជាមាន។
មន្ត្រីជាន់ខ្ពស់រូបនេះ បានបញ្ជាក់ទៀតថា មន្រ្តីឧទ្យានុរក្សអនុវត្តកាតព្វកិច្ចរបស់ខ្លួនជារៀងរាល់ថ្ងៃ ដោយមិនខ្លាចនឿយហត់ និងបានលះបង់ខ្ពស់ក្នុងបុព្វហេតុការពារនូវធនធានធម្មជាតិ សត្វព្រៃដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន។ ទាំងនេះវាក៏បង្ហាញពីទឹកចិត្តមោះមុត ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសដូចជា ការបរបាញ់សត្វព្រៃខុសច្បាប់ ការកាប់ព្រៃឈើខុសច្បាប់ និងនេសាទខុសច្បាប់ជាដើម។
ដោយចង់បញ្ជាក់ពីផលលំបាករបស់មន្រ្តីឧទ្យានុរក្សដែលតែងជួបប្រទះកន្លងមក រដ្ឋលេខាធិការក្រសួងបរិស្ថាន បានសង្កត់ធ្ងន់ថា៖ «មន្រ្តីរបស់យើងត្រូវប្រឈមនឹងហានិភ័យ ស្ថានភាពលំបាក និងប្រឈមនឹងគ្រោះថ្នាក់ដោយចៃដន្យផ្សេងៗ ពិសេសជនល្មើសអាចបង្កគ្រោះថ្នាក់នៅពេលមន្រ្តីយើងចុះអនុវត្តច្បាប់។ ក្រៅពីនេះពួកគាត់ក៏ប្រឈមទៅនឹងកត្តាផ្សេងៗទៀតដូចជា ជំងឺ ការឆ្លងកាត់ឧបសគ្គលំបាកៗជាច្រើនក្នុងពេលបំពេញការងារដូចជាទឹកជំនន់ សត្វដែលអាចបង្កគ្រោះថ្នាក់។ល»។
ទន្ទឹមនឹងនេះ អ្នកនាំពាក្យក្រសួងបរិស្ថាន ក៏បានជំរុញ និងលើកទឹកចិត្តដល់មន្រ្តីឧទ្យានុរក្សមិនត្រូវរុញរាឡើយក្នុងការអនុវត្តច្បាប់ បើទោះបីត្រូវប្រឈមនឹងហានិភ័យនៃការក្លាយជាគោលដៅរបស់ជនល្មើសពោលគឹធ្វើយ៉ាងណាការពារតំបន់ការពារធម្មជាតិ ឱ្យបានជាប់គង់វង្សយូរអង្វែងដល់កូនចៅយើងជំនាន់ក្រោយរបស់យើង។
អ្នកនាំពាក្យក្រសួងបរិស្ថាន បានសង្កត់ធ្ងន់ថា បើទោះជាបច្ចុប្បន្ន ចំនួនមន្ត្រីឧទ្យានុរក្សនៅមានកម្រិតនៅឡើយ តែក្រសួងបរិស្ថាន បានដាក់ចេញនូវយុទ្ធសាស្ត្រចំនួន៤ ដើម្បីបង្កើនប្រសិទ្ធភាពការពារ និងអភិរក្សធនធានធម្មជាតិ។ យុទ្ធសាស្ត្រទាំងនោះ មានដូចជាការល្បាតចល័តរបស់មន្ត្រីឧទ្យានុរក្ស ការរួមសហការជាមួយសហគមន៍នៅក្នុងតំបន់ការពារធម្មជាតិ និងនៅជាប់តំបន់ការពារធម្មជាតិ និងការអប់រំផ្សព្វផ្សាយពីសារប្រយោជន៍ព្រៃឈើ ទៅកាន់ប្រជាពលរដ្ឋ និងការបង្កើត សេដ្ឋកិច្ចមូលដ្ឋានជូនប្រជាពលរដ្ឋ។
មិនតែប៉ុណ្ណោះ លោក នេត្រ ភក្ត្រា ក៏បានកោតសរសើរចំពោះវីរភាព និងការលះបង់ដ៏មានតម្លៃ របស់មន្រ្តីឧទ្យានុរក្ស ហើយជាមួយគ្នាក៏បានបង្ហាញការកោតសរសើរពីស្ថាប័នពាក់ព័ន្ធក្នុងនេះដូចជាអាជ្ញាធរមូលដ្ឋាន ប្រជាសហគមន៍ និងពិសេសស្ថាប័នតុលាការដែលតែងបានចូលរួមអនុវត្តច្បាប់នាកន្លងមក សំដៅធ្វើយ៉ាងណាចូលរួមការពារធនធានធម្មជាតិរបស់យើងឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលទាំងពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះ នៅទូទាំងប្រទេសកម្ពុជា មន្ត្រីឧទ្យានុរក្សមានចំនួនសរុបជាង ១,២០០នាក់ ហើយក្នុងនេះមានមន្ត្រីឧទ្យានុរក្សជាស្ត្រីចំនួន ៤២នាក់ កំពុងឈរជើងនៅតាមតំបន់ការពារធម្មជាតិទាំង ២០ខេត្ត៕ដោយ៖សហការី