ខេត្តកណ្តាល៖ អ្នករស់នៅលើបែចិញ្ចឹមត្រី និងផ្ទះបណ្តែតទឹកដែលចល័តពីខណ្ឌច្បារអំពៅទៅឈប់ចតដើម្បីស្នាក់នៅលើផ្ទៃទឹកទន្លេមេគង្គក្រោម ក្នុងភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ត្រូវបានកម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកចុះបណ្តេញចេញពីភូមិសាស្ត្រស្រុកកៀនស្វាយមិនឱ្យឈប់ចតស្នាក់នៅឡើយ ។
យុទ្ធនាការនេះធ្វើឡើងពេញមួយថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ដឹកនាំដោយលោក សុខ ពិសិដ្ឋ អភិបាលរងស្រុក , លោកវរសេនីយ៍ឯក ព្រំ សំណាង អធិការនគរបាលស្រុក និងលោក អ៊ួន សុផាត មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក ព្រមទាំងមានការចូលរួមពីផ្នែករដ្ឋបាលជលផល និងសង្កាត់រដ្ឋបាលជលផលកៀនស្វាយផងដែរ ។
យុទ្ធនាការថ្ងៃដំបូងនេះកម្លាំងចម្រុះស្រុកបានចែកចេញជាពីរគោលដៅ , គោលដៅទី១-ប្រើទូកម៉ាស៉ីនចាំស្ទាក់នៅចំណុចព្រំប្រទល់ខណ្ឌច្បារអំពៅនិងស្រុកកៀនស្វាយ ដោយមិនឱ្យឈប់សំចតស្នាក់នៅក្នុងភូមិសាស្ត្រស្រុកឡើយ និងគោលដៅទី២- ចុះត្រួតពិនិត្យតាមទីតាំងដែលមានបែចិញ្ចឹមត្រីនិងបញ្ជីឈ្មោះអ្នករស់នៅចាស់ ជាលទ្ធផលកម្លាំងចម្រុះរកឃើញអ្នករស់នៅលើបែចិញ្ចឹមត្រីចូលមកស្នាក់នៅថ្មីលើផ្ទៃទន្លេក្នុងភូមិស្តៅកន្លែង ឃុំដីឥដ្ឋចំនួន១០គ្រួសារ មាន២៥បែចិញ្ចឹមត្រីត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពស្រុកធ្វើការណែនាំនិងសម្រេចឱ្យម្ចាស់បែអូសចេញពីភូមិសាស្ត្រស្រុកកៀនស្វាយ ។
ក្នុងយុទ្ធនាការនេះដែរលោក សុខ ពិសិដ្ឋ អភិបាលរង តំណាងលោកអ៊ូ ឈាង អភិបាលស្រុកកៀនស្វាយ បានណែនាំដល់ម្ចាស់បែចិញ្ចឹមត្រីនិងផ្ទះបណ្តែតទឹកដែលមានបំណងចូលមកឈប់សំចតស្នាក់នៅថ្មីលើផ្ទៃទឹកទន្លេក្នុងភូមិសាស្ត្រស្រុកកៀនស្វាយត្រូវតែរុះរើ ឬចល័តចេញដោយខ្លួនឯងមិនឱ្យចូលមកស្នាក់នៅឡើយ បើរឹងរូសគណៈបញ្ជាការឯកភាពស្រុកនិងចាត់វិធានការរដ្ឋបាលមិនទទួលខុសត្រូវរាល់ការខូចខាតឡើយ ។ ដោយឡែកអ្នកតាំងទីលំនៅចាស់និងមានបែចិញ្ចឹមត្រីដែរនោះ រដ្ឋបាលស្រុកបានចុះស្រង់ស្ថិតិរួចរាល់ហើយ រង់ចាំតែមានផែនការពីថ្នាក់លើតែប៉ុណ្ណោះ ។
លោកអភិបាលរងបានបន្តថា អ្នកចិញ្ចឹមត្រីក្នុងបែ អ្នករស់នៅលើផ្ទះបណ្តែតទឹកមានបែចិញ្ចឹមត្រីខាងក្រោមធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ជីវៈចម្រុះនៅក្នុងទឹក ទឹកកខ្វក់ ដែលបង្កឱ្យបាត់បង់សណ្តាប់ធ្នាប់ ប៉ះពាល់ដល់ផ្លូវនាវាចរ ប៉ះពាល់ដល់ប្រព័ន្ធអេកូឡូហ្ស៊ី មានចរន្តទឹកហូរ គោករាក់ ពិសេសការប្រើប្រាស់ចំណីសម្រាប់ចិញ្ចឹមត្រី និងការបញ្ចេញកាកសំណល់ ការបន្ទោបង់ពាសវាលពាសកាលក្នុងទន្លេ ធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ជីវៈចម្រុះក្នុងទឹក ខូចគុណភាពទឹក បំពុលបរិស្ថាន និងប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ដែលបានប្រើប្រាស់ទឹកមិនស្អាតផងដែរ៕
ដោយ៖ សណ្តោស