ភ្នំពេញ, ក្រសួងប្រៃសណីយ៍ ចេញសេចក្តីជូនដំណឹង ស្តីពីការដាក់ឱ្យដំណើរការសាកល្បងកម្មវិធីបំប្លែងសំឡេងភាសាខ្មែរ ទៅជាអត្ថបទ។ នេះយោងតាមចេញសេចក្តីជូនដំណឹង របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលអង្គភាព”នគរដ្រេហ្គន”ទទួលបាននៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១។
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជម្រាបជូនសាធារណជនទាំងអស់ មេត្តាជ្រាបថា តាមរយៈ ការស្រាវជ្រាវនិងអភិវឌ្ឍលើបច្ចេកវិទ្យាភាសា បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា បានបង្កើត “កម្មវិធីបំប្លែង សំឡេងទៅជាអត្ថបទ – Khmer Automatic Speech Recognition – Khmer ASR ” ដែលប្រើប្រាស់បច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត ( Artificial intelligence )។ កម្មវិធីនេះអាចប្រើប្រាស់ក្នុងទូរសព្ទដៃតាមប្រព័ន្ធប្រតិបត្តិការ Android និង iOS ក្នុងការបំប្លែងសំឡេង និយាយដោយផ្ទាល់ជាភាសាខ្មែរ ឬពីឯកសារសំឡេងក្នុងទម្រង់ជា WAV, Mp3, M4a និង OGG ទៅជាអត្ថបទភាសាខ្មែរដោយស្វ័យប្រវត្តិ ដើម្បីជាជំនួយដល់ការសរសេរអត្ថបទឱ្យ កាន់តែឆាប់រហ័ស និងងាយស្រួល។ នៅដំណាក់កាលនេះ កម្រិតបំប្លែងត្រឹមត្រូវ (Accuracy) មានប្រមាណ ៩០%។
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមណែនាំក៏ដូចជាលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក សិស្ស និស្សិត និងប្រជាពលរដ្ឋទាំងអស់ដំឡើង “កម្មវិធីបំប្លែងសំឡេងទៅជាអត្ថបទ (Khmer ASR)” ដើម្បីជាជំនួយដល់កិច្ចការសរសេរប្រចាំថ្ងៃដោយស្កេន QR Code ខាងក្រោម។ ដើម្បីធ្វើឱ្យកម្មវិធីនេះ កាន់តែ ប្រសើរ ក្រសួងរីករាយនឹងទទួលមតិយោបល់ពីសាធារណជន ដោយចុចលើពាក្យ “ មតិត្រឡប់ ” នៅក្នុងកម្មវិធី។ សម្រាប់ព័ត៌មានបន្ថែមពាក់ព័ន្ធ នឹងបច្ចេកទេសនៃការប្រើប្រាស់នេះ សាធារណជនអាចចូលទៅគេហទំព័ររបស់ Khmer ASR ដែលមានអាសយដ្ឋាន https://rnd.cadt.edu.kh/khmer-asr ឬទំនាក់ទំនងតាមរយៈអីមែល [email protected] 1
សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន៕
ដោយ, សុខ ខេមរា