ក្រុងប៉ោយប៉ែត៖ សមត្ថកិច្ចការពារព្រំដែន ចាប់ឃុំជនជាតិថៃប្រុស-ស្រី ចំនួន១៨នាក់ ខណៈកំពុងលួចឆ្លងចេញពីប្រទេសថៃ ចូលកម្ពុជា នៅបរិវេណព្រំដែនស្រុកគោកឃ្យូង ខេត្តស្រះកែវ។ សមត្ថកិច្ចតាមបន្ទាត់ព្រំដែនរាយការណ៍ថា នៅវេលាម៉ោង៣និង២៥នាទី ទាបភ្លឺ ឈានចូលថ្ងៃទី១២ មិថុនា ២០២១ មេបញ្ជារការកងកម្លាំងបូរផា បានបញ្ជារឲ្យកងកម្លាំងការពារព្រំដែន ត្រូវធ្វើការរឹតបន្តឹងឲ្យបានតឹងរឹង រហូតដល់យប់កណ្ដាលអាធ្រាតកន្លងមក សមត្ថកិច្ចទាហានស្រុកតាប ព្រះយ៉ា កងកម្លាំងបូរផា បានទទួលសេចក្ដីរាយការណ៍ថាមានជនជាតិខ្លួន(ថៃ)លួចចេញពីប្រទេសដោយខុសច្បាប់ ទើបសមត្ថកិច្ចដាក់កម្លាំង ដោយសហការជាមួយកងរយទី៤ នគបាលល្បាតព្រំដែនទី១២ បញ្ជូនកម្លាំងតាមឃ្លាំមើលនៅក្នុងភូមិសាស្រ្តភូមិណង យ៉ាកែវ ឃុំគោកឃ្យូង ស្រុកគោកឃ្យូង ខេត្តស្រះកែវ រហូតជួបប្រទះក្រុមមនុស្សគួរឲ្យសង្ស័យចំនួន១៨នាក់ក្នុងនោះប្រុស១២នាក់ និងស្រី៦នាក់ ខណៈកំពុងឆ្លងដែនចូលទៅខាងប្រទេសកម្ពុជា ទើបសមត្ថកិច្ចបង្ហាញខ្លួនចាប់ឃុំ នាំយកមកសួរចម្លើយនៅទីបញ្ជារការកងរយទី៤។ សមត្ថកិច្ចបន្តថា ជនជាតិថៃទាំង១៨នាក់ខាងលើ ទទួលសារភាពថា ចង់ឆ្លងទៅធ្វើការនៅកាស៊ីណូក្រុងប៉ោយប៉ែត ប្រទេសកម្ពុជាពិតមែន ក្រោយពីសមត្ថកិច្ចសួរចម្លើយជនជាតិថៃ ទាំងអស់ឆ្លើយថាបាននាំគ្នាធ្វើដំណើរមកពីច្រើនខេត្តរបស់ប្រទេសថៃ ចង់ទៅធ្វើជាបុគ្គលិកកាស៊ីណូអនឡាញ នៅទីក្រុងប៉ោយប៉ែត ប្រទេសកម្ពុជា ដោយបានទាក់ទងតាមហ្វេសបុកដែលប្រកាសស្វែងរកការងារ ថែមទាំងឃើញថា កូវីដ-១៩ ផ្ដើមធូរស្រាលហើយនៅប្រទេសកម្ពុជា ព្រោះរកចំណូលបានយ៉ាងល្អ ក្រោយពីរសួរនាំរួចទើបសមត្ថកិច្ចធ្វើកំណត់ហេតុចាប់ឃុំ និងបញ្ជូនទៅឲ្យជំនាញស្រុកគោកឃ្យូង ចាត់ការតាមច្បាប់បន្ត រួមទាំងអនុវត្តតាមវិធានរបស់សុខាភិបាលដើម្បីធ្វើតេស្តរកមេរោគកូវីដ១៩៕ ដោយ៖វណ្ណា