ភ្នំពេញ, សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍មុននេះបន្តិចថា, នៅរសៀលថ្ងៃសៅរ៍ ទី១២ ខែមិថុនា ឆ្នាំ២០២១នេះ វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ស៉ីណូហ្វាម(Sinopharm Vaccine) របស់ចិនចំនួន១លានដូសទៀត បានដឹកមកដល់ប្រទេសកម្ពុជាទៀតហើយ។
សម្តេចតេជោ បន្តថា, រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះឱ្យបានលឿន តាមដែលអាចធ្វើទៅបានជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន។ ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន។
សម្តេចតេជោបានថ្លែងបញ្ជាក់ថា, គិតត្រឹមថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ កម្ពុជាទទួលបានវ៉ាក់សាំងជាង៨លានដូសរួចហើយ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ វ៉ាក់សាំងកូវីដ១៩ ដែលកំពុងទទួលបាន ហើយកំពុងដំណើរការជូនប្រជាពលរដ្ឋនេះ គឺភាគច្រើនបំផុតជារបស់ប្រទេសចិន។
រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុចាប់ពី ១៨ឆ្នាំឡើង ប្រមាណ១៣លាននាក់ ត្រូវនឹងវ៉ាក់សាំងប្រមាណ ២៦លានដូស។ នៅក្នុងខែមិថុនានេះ វ៉ាក់សាំងប្រមាណ ៤.៥លានដូស នឹងដឹកមកដល់ប្រទេសកម្ពុជា ដែលជាការជួយឱ្យកម្ពុជាមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ កម្ពុជានឹងសម្រេចការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋចំនួន ១០លាននាក់ នៅក្នុងឆ្នាំ២០២១នេះ ឬយ៉ាងយូរបំផុតនៅដើមឆ្នាំ២០២២៕
ដោយ, សុខ ខេមរា