ខេត្តពោធិ៍សាត់៖ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃក្រសួងមហាផ្ទៃសហការជាមួយនគរបាលខេត្តពោធិ៍សាត់ដឹកនាំដោយព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តពោធិ៍សាត់ បង្រ្កាបទីតាំងបម្រើសេវ៉ាកម្មផ្លូវភេទឃាត់ខ្លួនមេបនម្នាក់និងរំដោះនារីៗ ៦នាក់។
ប្រតិបត្តិការនគរបាលក្រសួងមហាផ្ទៃសហការគ្នាបង្រ្កាបទីតាំងបម្រើផ្លូវភេទខាងលើប្រព្រឹត្តឡើងកាលពីវេលាម៉ោង ៧និង៣០នាទីយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិបន្ទាយដីលើ សង្កាត់បន្ទាយដី ក្រុងខេត្តពោធិ៍សាត់។
លោកឧត្តមសេនីយ៍ត្រី លី ឡាយ អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃក្រសួងមហាផ្ទៃនិងមន្រ្តីក្រោមឱវាទជាច្រើនរូបទៀតប្រាប់ថា ក្នុងកិច្ចប្រតិបត្តិការខាងលើនេះដឹកនាំដោយលោក លី ភារ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត។
លោកឧត្តមសេនីយ៍ត្រីបន្តថា ក្នុងកិច្ចការបង្រ្កាបខាងលើកម្លាំងយើងធ្វើការឃាត់ខ្លួនស្រ្តីជាមេបនម្នាក់ឈ្មោះ គឹម ដានី ហៅ ប៉ ភេទស្រីអាយុ ៤៥ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិសង្កាត់កើតហេតុនិងរំដោះនាងៗរងគ្រោះចំនួន ៦នាក់ផងដែរ។ លោកបន្តទៀតថា ករណីនេះកម្លាំងយើងកំពុងបំពេញសំណុំបែបបទដើម្បីបន្តតាមនិតិវិធី៕ ប៉ឹម ពិន