ភំ្នពេញ៖ ចោរឆក់កាបូបម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ចតុមុខឃាត់ខ្លួនបានភ្លាមៗ ខណៈដែលជនសង្ស័យបានធ្វើសកម្មភាពឆក់កាបូបស្ពាយ ពីស្រ្តីជនជាតិបរទេសម្នាក់កំពុងតែដើរនៅមុខសួនឌ្រីមលែន បានសម្រេចហើយព្យាមយាមបើកម៉ូតូរត់គេចខ្លួន តែត្រូវស្រ្តីរងគ្រោះស្រែកឆោឡោ ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានដេញតាមចាប់បានជនសង្ស័យម្នាក់នៅក្នុងទឹកដីសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រីឯបក្ខពួកម្នាក់ទៀតរត់គេចខ្លួនបាត់តែម្តង ។
ករណីឆក់កាបូបស្ពាយជនបរទេសខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៣ និង៤០នាទីរសៀលថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៦ នៅចំណុចសួនឌ្រីមលែន៍ ផ្លូវសុរាម្រិត ភូមិ២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។
ជនសង្ស័យដែលត្រូវឃាត់ខ្លួន ឈ្មោះ អាប៊ី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរនិងទីកន្លែងស្នាក់នៅមិនពិតប្រាកដ (ជាអ្នកបើកម៉ូតូ) និងបក្ខពួកម្នាក់ទៀតដែលរត់គេចខ្លួនបាត់នោះ ឈ្មោះ ហ៊ាន ភក្តី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១៧០ ផ្លូវ២១បេតេ ភូមិសន្សំកុសល សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ(ជាអ្នកធ្វើសកម្មភាពឆក់រត់គេចខ្លួនបាត់) ។
ចំណែកឯស្ត្រីរងគ្រោះឈ្មោះ STAUF PAULINAELISABETH ភេទស្រី អាយុ៣៧ឆ្នាំជនជាតិអាល្លឺម៉ង់ ជាអ្នកទេសចរណ៍មានទីលំនៅផ្ទះលេខ២២ ក្នុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កើតថ្ងៃទី១៤.០១.១៩៩៧. កាន់លិខិតឆ្លងដែនលេខ C79MMMX79។
តាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញស្ត្រីជនជាតិបរទេសម្នាក់ កំពុងតែ ដើរតាមសួនក្បែរមជ្ឍមណ្ឌឌ្រីមលែន ដោយមានស្ពាយកាបូបជាប់នឹងខ្លួន ខណៈនោះស្រាប់តែលិចមុខជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿង ម៉ាកអាយខន ពណ៌សលាយឈាមជ្រូក ពាក់ស្លាកលេខភ្នំពេញ1AH-3134 មកក្បែរហើយបានធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះបានសម្រេចតែម្តង ។ បន្ទាប់ពីឆក់កាបូបបានសម្រេចហើយ ជនសង្ស័យ បាននាំគ្នាជិះម៉ូតូគេចខ្លួន ក៏ត្រូវបានស្ត្រីរងគ្រោះស្រែកឆោឡោផ្អើលដល់សមត្ថកិច្ចដែលកំពុងល្បាតនោះក្បែរនោះ នាំគ្នាអន្តរាគមន៍ ដេញតាមចាប់ខ្លួនរហូតចូលដល់ក្នុងទឹកដីសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ភ័យក៏ផ្តួលម៉ូតូចោលរត់គេចខ្លួនតែត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់ រីឯឈ្មោះ ហ៊ាន ភក្តីដែលជាបក្ខពួកបានរត់គេចខ្លួនបាត់ ។
ក្រោយកើតហេតុវត្ថុតាងចាប់យកពីជនសង្ស័យរួមមានកាបូបស្ពាយ១មានលុយចំនួន១៥ដុល្លា និងកូនសោផ្ទះចំនួន២បានប្រគល់ឲ្យស្រ្តីរងគ្រោះវិញ ម៉ូតូ១គ្រឿង ម៉ាកអាយខុន ពណ៌ផ្កាឈូកពាក់ស្លាកលេខភ្នំពេញ1AH-3134 ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕
ដោយ៖ ស ដារ៉ា