ខេត្តត្បូងឃ្មុំ ៖ លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ កាលពីព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធ Zoom Meeting អំពីផែនការ២០៦ ពិធីរំលឹកខួបលើកទី៤៤ និងសម្ពោធសិលាចារឹក សមិទ្ធផលនានា និងបញ្ចុះបឋមសិលាសាងសង់ អគារមិត្តភាពកម្ពុជា-វៀតណាម ក្នុងភូមិសាស្ត្រ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
សមាសភាពដែលបានចូលរួមប្រជុំរួមមាន ៖ លោក លោកស្រីស្នងការរង លោកនាយការិយាល័យ លោកមេបញ្ជាការវរសេនាតូចការពារព្រំដែនគោកទាំង២ លោកអធិការក្រុង-ស្រុក ពាក់ព័ន្ធមួយចំនួន តាមប្រព័ន្ធ Zoom Meeting នៅអង្គភាពរៀងៗខ្លួន ។
របៀបវារៈលេីកិច្ចប្រជុំមានខ្លឹមសារមួយចំនួនដូចខាងក្រោម៖
១. ការរៀបចំកងកម្លាំងឱ្យបានត្រឹមត្រូវទៅតាមផែនការ ។
២. មេបញ្ជាការនៅតាមគោលដៅនីមួយៗ ត្រូវរៀបចំកម្លាំងរបស់ខ្លួន និងធ្វើផែនការលំអិតច្បាស់លាស់ ។
៣. គ្រប់កងកម្លាំងដែលត្រូវទៅបំពេញបេសកកម្ម ត្រូវធ្វើ តេសលឿន (Rapid Test) រកជំងឺកូវីដ-១៩ ដោយមន្ទីរសុខាភិបាលខេត្ត ។
៤. ត្រូវឧស្សាហ៍ធ្វើរដ្ឋបាលចំហរ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋយើង ។
៥. ការងារផ្សេងៗ
លោកឧត្តមសេនីយ៍ស្នងការ នៅក្នុងកិច្ច ប្រជុំបានក្រើនរំលឹកដល់មន្ត្រីនគរបាលក្រោមឱវាទទាំងអស់ ត្រូវអនុវត្តទាំងអស់គ្នាឱ្យបានខ្ជាប់ខ្ជួន តាមវិធានរបស់ក្រសួងសុខាភិបាល និង ៣ការពារ ៣កុំ របស់រាជរដ្ឋាភិបាល ដើម្បីការពារ ទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ៕
ដោយ៖ វណ្ណៈ