សង្ស័យតៃកុងងងុយដេកទើបបើករថយន្តបុកស្ត្រីម្នាក់រួចកិនពីលើបណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័មនៅកន្លែងកើតហេតុ

ចែករំលែក៖

ភ្នំពេញ ៖ ស្ត្រីម្នាក់បានស្លាប់យ៉ាងអាណោចអាធ័មភ្លាមៗ នៅនឹងកន្លែងកើតហេតុខណៈដែលគាត់កំពុងដើរសុខៗ ស្រាប់តែមានយុវជនម្នាក់បើករថយន្តមកបុកគាត់ពីក្រោយរួចកិនពីលើថែមទៀត។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានធ្វើឱ្យការភ្ញាក់ផ្អើលនៅវេលាម៉ោង៣និង៥០នាទីរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះង៉ែត សុធារី ហៅមុំ មានអាយុជាង៥០ឆ្នាំ ស្នាក់នៅម្តុំផ្សារថី្ម ខណ្ឌដូនពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញស្ត្រីម្នាក់ដើរលើផ្លូវបេតុងក្នុងទិសដៅពីលិចទៅកើត ហើយរំពេចនោះក៏ស្រាប់តែមានរថយន្តដឹកស៊ីម៉ងត៍មួយគ្រឿងម៉ាកCANTER ពណ៌ខ្មៅ ពាក់ស្លាកលេខ ចង្កូតស្តាំ KPS 0092បើកបរដោយយុវជនម្នាក់ និងរួមដំណើរដោយយុវជនម្នាក់ទៀតជាព្រូ បើកបរក្នុងទិសដៅស្របគ្នាមកពីក្រោយស្ត្រីរងគ្រោះហើយស្រាប់តែរេចង្កូតទៅបុកស្រ្តីរងគ្រោះដែលកំពុងតែដើរលើផ្លូវបណ្ដាលឲ្យដួល រួចរថយន្តបានបើកកិនចំពីលើក្បាល បណ្ដាលឲ្យស្ត្រីនោះស្លាប់យ៉ាងអាណោចអាធ័មនៅនឹងកន្លែងកើតហេតុ ចំណែកឯរថយន្តបានបន្តដំណើរទៅមុខបានប្រហែល២០ម៉ែត្រទើបបានឈប់ ហើយភ្លាមៗនោះប្រជាពលរដ្ឋបានឃាត់រថយន្ដនិងតៃកុងរថយន្តបង្កហេតុប្រគល់ឲ្យសមត្ថកិច្ចនាំខ្លួនទៅសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរេះទី២ ដើម្បីចាត់ការតាមនីតិវិធី។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់រួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់។ ចំណែកសពជនរងគ្រោះក្រោយពីសមត្ថកិច្ចធ្វើកំណត់ហេតុរួចបានប្រគល់ឲ្យទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

...

ដោយ៖ និន សុភ័ស្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print