សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី ៤ ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២១ ក្រោមប្រធានបទ “TVET”

ចែករំលែក៖

ភ្នំពេញ, សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៤ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១

–សូមថ្វាយបង្គំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ!

– សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី! សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ ក្មួយៗ សិក្ខាកាម សិស្ស និស្សិត មាតាបិតា អាណាព្យាបាល កម្មករ និយោជិត និយោជក ដៃគូអភិវឌ្ឍ និងបងប្អូនជនរួមជាតិទាំងអស់ជាទីស្រលាញ់រាប់អាន!

ក្នុងនាមរាជរដ្ឋាភិបាល ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ក្នុងការចូលរួមអបអរសាទរជាមួយសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិក្ខាកាម សិស្ស និស្សិត មាតាបិតា អាណាព្យាបាល កម្មករនិយោជិត និយោជក ដៃគូអភិវឌ្ឍ និងបងប្អូនជនរួមជាតិទាំងអស់ ក្នុងឱកាសដ៏ មហោឡារិកនៃការប្រារព្ធ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៤ ដែលនឹងប្រព្រឹត្ត ទៅនៅថ្ងៃអង្គារ ៦កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ក្រោមប្រធានបទ TVET ធ្វើឱ្យជំនាញកាន់តែប្រសើរ និងប្រាក់ចំណូលខ្ពស់”។ ក្នុងស្មារតីបន្ត អនុវត្តវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដ៏កាចសាហាវ ការរៀបចំទិវាជាតិក្នុងឆ្នាំនេះ ត្រូវបាន បន្តធ្វើក្នុងទម្រង់ជាយុទ្ធនាការតាមគ្រប់ប្រព័ន្ធផ្សព្វផ្សាយ ដូចដែលបានរៀបចំនៅឆ្នាំ២០២០ កន្លងមកដែរ ក្នុងគោលបំណងដើម្បីបង្កើនការយល់ដឹងទូលំទូលាយទូទាំងប្រទេសអំពីសារៈសំខាន់នៃការអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ នៅក្នុងការអភិវឌ្ឍជំនាញឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាព សំដៅលើក កម្ពស់សមត្ថភាពរបស់ប្រជាពលរដ្ឋគ្រប់រូប ក្នុងការចាប់យកឱកាសការងារកាន់តែល្អ និងលើកស្ទួយកម្រិត ជីវភាពកាន់តែប្រសើរឡើង។

កន្លងមក និងពេលបច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការអភិវឌ្ឍប្រព័ន្ធអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ ជាអាទិភាពខ្ពស់បំផុតក្នុងគ្រប់ក្របខ័ណ្ឌគោលនយោបាយជាតិ ហើយបានធ្វើការ វិនិយោគយ៉ាងសន្ធឹកសន្ធាប់លើវិស័យនេះ ដើម្បីខិតខំរត់តាមឱ្យទាន់មហិច្ឆតាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងការប្រែប្រួលយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា និងទីផ្សារការងារ ព្រមទាំងក្តីរំពឹងកាន់តែខ្ពស់របស់ប្រជាពលរដ្ឋ ក្នុងការមានការងារធ្វើល្អ និងកម្រិតជីវភាពកាន់តែប្រសើរឡើង។ ជាក់ស្ដែងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦នេះ បានផ្តល់អាទិភាពខ្ពស់ជាងគេបំផុតលើការអភិវឌ្ឍ ធនធានមនុស្សតាមរយៈការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ការពង្រឹងគុណភាពវិស័យអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សំដៅកសាងបាននូវកម្លាំងពលកម្មដែលមានជំនាញច្បាស់លាស់ គំនិតច្នៃប្រឌិត និងភាពប្រកួតប្រជែងខ្ពស់ និងធានាឱ្យបាននូវ “យុវជនម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត” ។ ដើម្បី សម្រេចបានគោលដៅទាំងនេះ រាជរដ្ឋាភិបាលបាននិងកំពុងបន្តខិតខំជំរុញការអនុវត្តគោលនយោបាយ ជាតិស្ដីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥ និងគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០១៧-២០២៥ និងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ ២០១៥-២០២៥ ព្រមទាំងបានខិតខំធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ផ្តោត អាទិភាពខ្ពស់លើការលើកកម្ពស់គុណភាពគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈសាធារណៈ ដោយពង្រីកការវិនិយោគលើការកសាងហេដ្ឋារចនាសម្ព័ន្ធទាំងផ្នែករឹងរួមមាន អគារសិក្សា រោងជាង បន្ទប់ ពិសោធន៍ មជ្ឈមណ្ឌលស្រាវជ្រាវ អភិវឌ្ឍន៍ និងនវានុវត្តន៍ មូលដ្ឋានសម្ភារនិងបរិក្ខារ និងផ្នែកទន់ រួមមាន ប្រព័ន្ធធានាគុណភាពនិងអភិបាលកិច្ច គុណភាព សមត្ថភាពគ្រូ កញ្ចប់ស្ដង់ដាបណ្តុះបណ្តាលនិងប្រព័ន្ធ វាយតម្លៃផ្អែកលើសមត្ថភាព ការទំនាក់ទំនងជាមួយឧស្សាហកម្ម និងការចុះកម្មសិក្សាអនុវត្តផ្ទាល់នៅ កន្លែងធ្វើការ ដែលបច្ចុប្បន្ននេះមានគ្រឹះស្ថានចំនួន ២៥ ត្រូវបានទទួលស្គាល់គុណភាពពីអង្គការស្តង់ដា អន្តរជាតិ (ISO)។

ចាប់តាំងពីឆ្នាំ២០២០ មក គ្រឹះស្ថានសិក្សានៅទូទាំងប្រទេសទាំងសាធារណៈ ឯកជន និងអង្គការ សមាគម ត្រូវបានផ្អាកដំណើរការសិក្សា និងសកម្មភាពនានាជាបន្តបន្ទាប់ ទៅតាមដំណាក់កាលនៃការឆ្លង រីករាលដាលនៃជំងឺកូវីដ-១៩។ កត្តានេះ បានធ្វើឱ្យមានការផ្លាស់ប្តូររបៀបនៃការបង្រៀន និងរៀននៅក្នុង ថ្នាក់រៀន មកធ្វើការរៀបចំការបង្រៀន និងរៀនពីចម្ងាយ ឬតាមអនឡាញជំនួសវិញ។ នៅគ្រប់គ្រឹះស្ថាន សិក្សានានា បាននិងកំពុងខិតខំអនុវត្តកម្មវិធីបណ្តុះបណ្តាលពីចម្ងាយ ឬតាមអនឡាញជូនដល់សិក្ខាកាម សិស្ស និស្សិត ដើម្បីធានាបាននូវនិរន្តរភាពនៃការទទួលបានការអប់រំ និងបណ្ដុះបណ្ដាល ប្រកបដោយ ប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព តាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ការផលិតវីដេអូនិងឯកសារ នានាសម្រាប់ការបង្រៀន និងរៀនពីចម្ងាយ ឬតាមអនឡាញ និងការប្រើប្រាស់បណ្តាញសង្គមនានាសម្រាប់ ការទំនាក់ទំនង។ ថ្មីៗនេះ តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងដាក់ឱ្យដំណើរការ ប្រព័ន្ធជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈពីចម្ងាយ ឬតាមអនឡាញ ព្រមទាំងបំពាក់មូលដ្ឋាន ឧបករណ៍បច្ចេកវិទ្យាព័ត៌មាន ក៏ដូចជាការអភិវឌ្ឍនិងកែលម្អកម្មវិធីសិក្សា និងបំប៉នសមត្ថភាពគ្រូបច្ចេកទេសនូវ វិធីសាស្ត្របង្រៀនបែបគន្លងថ្មីសម្រាប់គាំទ្រដល់ការបង្រៀន និងរៀនពីចម្ងាយ ឬតាមអនឡាញរបស់ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិក្ខាកាម សិស្ស និស្សិត នៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។

កម្មវិធីបណ្តុះបណ្តាលត្រូវបានរៀបចំឱ្យមានភាពបត់បែនស្របតាមស្ថានភាពជាក់ស្តែងរបស់ប្រជា ពលរដ្ឋ ក្នុងទម្រង់ជារយៈពេលខ្លី និងរយៈពេលវែង ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ហើយអាចធ្វើឡើងនៅតាមគ្រឹះស្ថានសិក្សា សហគ្រាស សហគមន៍ និងដោយចល័ត។ ដើម្បីផ្ដល់លទ្ធភាពទទួលបានការបណ្តុះ បណ្តាលប្រកបដោយសមធម៌ រាជរដ្ឋាភិបាលបានពង្រីកការផ្ដល់អាហារូបករណ៍កាន់តែច្រើនឡើងសម្រាប់ យុវជនដែលបានបោះបង់ការសិក្សា ប្រជាពលរដ្ឋក្រីក្រ ស្ត្រី ជនពិការ កុមារកំព្រា ជនជាតិដើមភាគតិច ជនងាយរងគ្រោះ ជាលទ្ធផលរយៈពេល៥ឆ្នាំ ចុងក្រោយនេះ មានសិក្ខាកាម សិស្ស និស្សិត និងកម្មករ និយោជិតជាង ២០ម៉ឺននាក់ បានទទួលការបណ្តុះបណ្តាល និងបញ្ចប់ការសិក្សាដោយជោគជ័យ ក្នុងការ ទទួលបានជំនាញថ្មី និងលើកកម្ពស់ជំនាញរបស់ខ្លួន ហើយបានចាប់យកឱកាសការងារ ល្អៗ និងបង្កើតមុខ របរដោយខ្លួនឯង និងបានបង្កើនប្រាក់ចំណូលក្នុងគ្រួសារ និងជួយលើកស្ទួយសេដ្ឋកិច្ចជាតិបានយ៉ាងច្រើន។

លើសពីនេះ កម្មករនិយោជិតដែលកំពុងត្រូវបានព្យួរការងារ ឬបាត់បង់ការងារដោយសារវិបត្តិ ជំងឺកូវីដ-១៩ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជា្ជជីវៈ បានរៀបចំ ឱ្យមានវគ្គបណ្តុះបណ្តាលពិសេសមួយដែលមានភាពបត់បែន និងផ្តោតលើគុណភាពក្រោយពេលបញ្ចប់ការ សិក្សាលើកម្រិតសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈ១ ព្រមទាំងបានផ្តល់នូវប្រាក់ឧបត្ថម្ភក្នុងអំឡុងពេលសិក្សា ដោយសិក្ខាកាមម្នាក់ទទួលបាន ២០ម៉ឺនរៀល ក្នុង ១ខែ ដើម្បីផ្ដល់ឱកាសឱ្យពួកគាត់ទទួលបាននូវជំនាញ មួយច្បាស់លាស់សម្រាប់ចាប់យកការងារថ្មីនៅក្នុងទីផ្សារការងារ ដែលកំពុងមានតម្រូវការខ្ពស់នាពេលបច្ចុប្បន្ន និងទៅអនាគត ហើយអាចប្រកបមុខរបរដោយខ្លួនឯងបាន និងបានធ្វើការបណ្តុះបណ្តាលជំនាញទន់ជូន ដល់កម្មករនិយោជិតនៅតាមបណ្តារោងចក្រ សហគ្រាស ចំនួន ៦៨ ០០០នាក់ផងដែរ។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ និងក្រសួងស្ថាប័នពាក់ព័ន្ធនានា ក្នុងការខិតខំអនុវត្តដោយជោគជ័យនូវគោលនយោបាយ អាទិភាពនិងការកែទម្រង់ស៊ីជម្រៅ ដែលរាជរដ្ឋាភិបាលបានដាក់ចេញសម្រាប់វិស័យអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ។ ខ្ញុំក៏សូមយកឱកាសនេះ អំពាវនាវដល់គ្រប់តួរអង្គពាក់ព័ន្ធសូមបន្តចូលរួម៖

១- បន្តការគាំទ្រក្នុងការអនុវត្តគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និង វិជ្ជាជីវៈឆ្នាំ២០១៧-២០២៥ ក្នុងការអភិវឌ្ឍធនធានមនុស្សពោរពេញដោយសមត្ថភាពជំនាញ ដោយក្នុង ដំណាក់កាលនេះ គ្រប់គ្រឹះស្ថានសិក្សាទាំងអស់ ត្រូវបន្តរៀបចំកម្មវិធីបណ្តុះបណ្តាលពីចម្ងាយ ឬតាមអនឡាញ និងបត់បែនតាមស្ថានភាពជាក់ស្តែង។

២- បន្តជំរុញលើកទឹកចិត្ត និងបង្កើនការចុះឈ្មោះចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បី ឱ្យមានចំណេះដឹង ជំនាញច្បាស់លាស់ ឥរិយាបថការងារ និងសីលធម៌វិជ្ជាជីវៈល្អ ដូចដែលប្រធានបទន ទិវាជាតិនេះបានលើកឡើង “TVET ធ្វើឱ្យជំនាញកាន់តែប្រសើរ និងប្រាក់ចំណូលខ្ពស់”។

៣- គ្រប់ស្ថានីយ៍វិទ្យុ ទូរទស្សន៍របស់រដ្ឋ និងឯកជន ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយនានា សូមបន្តជួយ ផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីបង្កើនការយល់ ដឹងនូវសារៈសំខាន់នៃវិស័យនេះជូនសាធារណជន។

៤- ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិក្ខាកាម សិស្ស និស្សិត មាតាបិតា អាណាព្យាបាល កម្មករនិយោជិត និយោជក ផ្នែកឯកជន អង្គការមិនមែនរដ្ឋាភិបាល ដៃគូអភិវឌ្ឍ និងបងប្អូនជនរួមជាតិទាំងអស់ ចូលរួមសហការផ្សព្វផ្សាយទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៤ ឆ្នាំ២០២១ ក្រោមប្រធានបទ “TVET ធ្វើឱ្យជំនាញកាន់តែប្រសើរ និង ប្រាក់ចំណូលខ្ពស់” នេះ ឱ្យបានផុលផុសឱឡារិកអធិកអធមទូទាំងប្រទេសតាមប្រព័ន្ធផ្សព្វផ្សាយនានា។

ជាទីបញ្ចប់ ជាមួយនឹងឱកាសនៃការប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមថ្វាយព្រះពរនិងប្រគេនពរព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងជូនពរចំពោះ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិក្ខាកាម សិស្ស និស្សិត និងបងប្អូនជនរួមជាតិទាំងអស់ទូទាំងប្រទេស សូមចៀសផុតពីជំងឺកូវីដ-១៩ និងសូមប្រកបដោយពុទ្ធពរ ទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

...


ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print