ភ្នំពេញ ៖ ផ្លូវវិមានឈ្នះ=ឈ្នះ នៅជិតរង្វង់មូលគល់ស្ពានព្រែកព្នៅ(អាតីតស្ពានលីយ៉ងផាត់) ស្ថិតក្នុងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កំពុងបង្កការកកស្ទះជារៀងរាល់ថ្ងៃ ដែលអាជ្ញាធរបានបើកដៃឲ្យឈ្មួញដាក់ភ្លើង ដាក់ឆ័ត្រជួលឲ្យអាជីវករលក់ដូរត្រីយ៉ាងអនាធិបតេយ្យស្ទើរតែពាក់កណ្តាលថ្នល់ទៅហើយ ដែលធ្វើឲ្យការធ្វើដំណើរឆ្លងកាត់ទីនេះ មានការកកស្ទះ និងរអ៊ូរទាំជាខ្លាំង។
ប្រជាពលរដ្ឋម្នាក់សុំមិនបញ្ចេញឈ្មោះ មានទីលំនៅក្បែកន្លែងលក់ដូរត្រីនៅជិតគល់ស្នានព្រែកព្នៅនេះបានលើកឡើងថា ដំបូងឡើយកន្លែងនេះគ្មានអ្នកលក់ដូត្រីសាច់អ្វីទេ តែតាំងពីអាជ្ញាធរខណ្ឌព្រែកព្នៅដេញមិនឲ្យលក់នៅលើផ្លូវជាតិលេខ៥ ចំណុចយឿត្រីពោធិមង្គល មកអ្នកលក់ដូរទាំងនោះបែរជាមកលក់នៅលើផ្លូវវិមានឈ្នះ ឈ្នះ ក្នុងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ នៅជិតរង្វង់មូលគល់ស្ពានព្រែកព្នៅនេះតែម្តង ហើយរៀងរាល់យប់រហូតដល់ព្រឹកអ្នកលក់មានម៉ូតូ មានរថយន្តបានមកចតពាសវាលពាសកាលទៅតាមទំនើងចិត្តគ្មានសណ្ដាប់ធ្នាប់ឡើយ បង្កឲ្យមានការកកស្ទះជាខ្លាំង។
ប្រភពដដែលបានឲ្យដឹងទៀតថា ជារៀងរាល់ព្រឹកអ្នកលក់ដូរត្រីយ៉ាងអនាធិបតេយ្យនេះ មិនត្រឹមតែរំខានដល់អ្នកជិតខាងទេ អ្នកធ្វើដំណើរឆ្លងកាត់ទីនេះបានរិះគន់គ្រប់ៗគ្នា ព្រោះវាមានការលំបាក យ៉ាងខ្លាំងរាល់ការធ្វើដំណើររបស់ពួកគាត់មកដល់ទីនេះម្តងៗនោះ។ តទៅទីនេះបើអាជ្ញាធរមិនមានចំណាត់ការទេ ច្បាស់ជានិងខ្លាយទៅជាកន្លែងស្អុយរលួយ ដោយសារតែអ្នកលក់ទាំងនោះបានបោះចោលសំរាម និងចាក់ទឹកត្រីដែលនៅសេសសល់ ពាសពេញផ្លូវនោះ។
ទាក់ទងនិងបញ្ហានេះ ក្រុមការងារយើងបានធ្វើការទំនាក់ទំនងតាមទូរស័ព្ទទៅលោកស្រីជុំ សារ៉ុម ចៅសងកាត់ស្វាយប៉ាក បានប្រាប់ថា លោកស្រីមិនទាន់បានដឹងទេ ដោយសារតែជាប់ប្រយុត្នប្រឆាំងនិងជំអឺកូវីដ១៩។ ចំណែកលោក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវ អ្នកយកព៌តមានយើងបានទាក់ទងទៅតាមទូរស័ព្ទដែរ ដោយទូរស័ព្ទហៅចូល តែពុំមានអ្នកលើក៕
ដោយ ៖ ព្រែកសំរោង