ក្រសួងកសិកម្ម បញ្ជាក់ពីចម្ងល់ពាក់ព័ន្ធនឹងតម្រូវការ និងការផ្គត់ផ្គង់ត្រីនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ, កន្លងទៅថ្មីៗនេះ មានចម្ងល់មួយចំនួនពាក់ព័ន្ធនឹងតម្រូវការ និងការផ្គត់ផ្គង់ត្រីនៅកម្ពុជា ចំពោះករណីនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន បណ្តាញសារព័ត៌មាន ក្រុមហ៊ុន ពាណិជ្ជករសហគមន៍នេសាទ និងវារីវប្បករទាំងអស់ ជ្រាបថា បច្ចុប្បន្នប្រជាជនយើងមានការកើនឡើង ជារៀងរាល់ឆ្នាំ ផ្អែកតាមតួលេខបណ្ដោះអាសន្ននៃជំរឿនទូទៅ ប្រជាជនសរុបតាមវិធីសាស្ត្រឃើញរាប់ (de-facto) នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ មានចំនួន ១៥ ២៨៨ ៤៨៩នាក់ ដែលកើនឡើងចំនួន ១៤,១% រយៈពេល១១ឆ្នាំ រវាង ឆ្នាំ២០០៨ និងឆ្នាំ២០១៩ ដែលធ្វើឱ្យតម្រូវការត្រីសាច់សម្រាប់បរិភោគមានការកើនឡើងផងដែរ។ បើតាមការស្រាវជ្រាវ ប្រជាជនម្នាក់បរិភោគត្រីប្រមាណ ៥២,៤គីឡូក្រាមក្នុងមួយឆ្នាំ ប៉ុន្តែចំពោះប្រជាជនដែលរស់នៅតំបន់ទំនាបលិចទឹក បរិមាណនៃការបរិភោគត្រីបានកើនឡើងដល់ទៅប្រមាណ ៧៥,៦គីឡូក្រាមក្នុងមួយឆ្នាំ។ ឆ្លើយតបទៅនឹងតម្រូវការ ខាងលើនេះ ពិសេសក្នុងបរិបទនៃការរាតត្បាតជាសកលនៃជំងឺឆ្លងកូវីដ-១៩នេះ រាជរដ្ឋាភិបាលកម្ពុជាបានលើកទឹក ចិត្តប្រកបដោយភាពកក់ក្ដៅ ដើម្បីអនុវត្តតម្រោងវារីវប្បកម្ម ពិសេសការចិញ្ចឹមត្រីអណ្ដែង និងកង្កែបក្នុងតង់ប្លាស្ទិក ដោយប្រើរយៈពេលខ្លី ចំណាយដើមទុនតិច និងទទួលបានប្រាក់ចំណូលខ្ពស់ នៅតាមខេត្តគោលដៅចំនួន១១ និង ខេត្តទទួលរងគ្រោះជំនន់ទឹកភ្លៀងចំនួន៤នាពេលកន្លងមក។ លើសពីនេះ ក្រសួងបានសហការយ៉ាងល្អប្រសើរជាមួយ សមាគមវារីវប្បករនៅកម្ពុជាផងដែរ។ អនុវត្តតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វារីវប្បកម្មឆ្នាំ២០១៦-២០៣០ ជាលទ្ធផល ជាក់ស្តែងផលិតកម្មវារីវប្បកម្មក្នុងឆ្នាំ២០២០នេះ បានកើនឡើងរហូតដល់ជាង ៣០% បើប្រៀបធៀបនឹងឆ្នាំ២០១៩។

ជាការពិត ធនធានមនុស្សពាក់ព័ន្ធនឹងការងារវារីវប្បកម្មមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការធ្វើវារីវប្បកម្មនៅកម្ពុជា។ ជាក់ស្តែង មន្ត្រីជំនាញវារីវប្បកម្មត្រូវបានទទួលការបណ្ដុះបណ្ដាលក្នុង និងក្រៅប្រទេស និងបានយកចំណេះជំនាញនេះ ទៅបណ្ដុះបណ្ដាលដល់កសិករឱ្យចេះចិញ្ចឹមត្រីនៅស្ទើរតែគ្រប់រាជធានី ខេត្តដែលមានសក្តានុពលផលិត។ ទោះជា យ៉ាងនេះក្តី យើងទទួលស្គាល់ថា មូលហេតុចម្បងនៃតម្រូវការ និងការផ្គត់ផ្គង់ត្រីនៅកម្ពុជា នៅតែបន្តជួបប្រទះបញ្ហា ប្រឈមមិនទាន់អាចដោះស្រាយបាននៅឡើយ ដោយមូលហេតុសំខាន់ៗដូចខាងក្រោម៖
ក.ការថមថយផលត្រីពីធម្មជាតិ ដោយសារ៖
-កំណើនប្រជានេសាទ
-បច្ចេកទេសខ្ពស់នៃការនេសាទ និងជនប្រព្រឹត្តបទល្មើសមានល្បិចកលក្នុងការធ្វើនេសាទខ្ពស់
–ការរេចរិលបរិស្ថាន និងការបាត់បង់ជម្រកត្រីសម្រាប់ពងកូន
-ការប្រែប្រួលអាកាសធាតុ ការប្រែប្រួលរបបទឹកទន្លេមេគង្គ និងការប្រើប្រាស់ដីធ្លី -កិច្ចសហការ និងសមត្ថកិច្ចទទួលខុសត្រូវ ក្នុងការបង្ក្រាបបទល្មើសជលផលនៅមានកម្រិត ក្រោយពីប្រមុខរាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយកំណែទម្រង់នៃការផ្ទេរសិទ្ធិអំណាចទៅថ្នាក់ក្រោមជាតិ។
ខ.មានបដិបក្ខក្នុងការគ្រប់គ្រងទីផ្សារត្រីនៅកម្ពុជា រួមមាន៖

–មិនមានការព្រមព្រៀងណាមួយ
មាននិន្នាការគាំទ្រការនាំចូលក្នុងគោលបំណងគាំទ្រការធ្វើពាណិជ្ជកម្មសេរី និងគាំទ្រផលិតផលដែលមាន តម្លៃទាបដើម្បីចែកចាយនៅលើទីផ្សារសម្រាប់ប្រជាជនកម្ពុជាដែលទទួលបានប្រាក់ចំណូលទាប។
គ.ការប្រកួតប្រជែងទីផ្សារក្នុងស្រុក ៖

-វារីវប្បករមិនអាចផលិត និងផ្គត់ផ្គង់ទីផ្សារក្នុងស្រុកក្នុងតម្លៃប្រកួតប្រជែងជាមួយផលិតផលនាំចូលបានដោយមូលហេតុ៖
១) . ការជ្រើសរើសទីតាំងចិញ្ចឹមមានលក្ខណៈភូមិសាស្ត្រមិនសមស្រប (ខ្វះប្រភពទឹក, បរិស្ថានជុំវិញមិនគាប់ប្រសើរ )
២).ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ការងារប្រតិបត្តិការ និងចំណីក្នុងការចិញ្ចឹមមានតម្លៃខ្ពស់
៣).បណ្ដាញហេដ្ឋារចនាសម្ព័ន្ធទីផ្សារ និងការចែកចាយភាគច្រើនគ្រប់គ្រងដោយបណ្តាញអាជីវករនាំចូលត្រី។
ឃ.យន្តការត្រួតពិនិត្យនៃការនាំចូលមានភាពស្មុគស្មាញទាំងបរិមាណ គុណភាព និងកាតព្វកិច្ចនានាសម្រាប់ អ្នកនាំចូល និងមានសមត្ថកិច្ចទទួលខុសត្រូវជាច្រើន។

ង.វិស័យវិនិយោគឯកជនលើការធ្វើវារីវប្បកម្មនៅខ្វះទុន និងខ្វះចំណេះដឹងក្នុងការសិក្សាពីតម្រូវការទីផ្សារក្នុង និងក្រៅប្រទេស គួបផ្សំជាមួយតម្លៃនៃការដឹកជញ្ជូនក្នុងស្រុក និងការនាំចេញ តម្លៃសេវាក្នុងការផលិតកែច្នៃ និងស្តុក នៅមានតម្លៃខ្ពស់។

ក្នុងបរិការណ៍នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងសកម្ម តាម អភិក្រម ។រដ្ឋ ឯកជន ដៃគូអភិវឌ្ឍន៍ និងសហគមន៍- ដើម្បីរួមចំណែកដោះស្រាយនូវបញ្ហាប្រឈមទាំងឡាយដូចបាន រៀបរាប់ខាងលើ។

អាស្រ័យហេតុនេះ សូម សាធារណជន បណ្ដាញសារព័ត៌មាន ក្រុមហ៊ុន ពាណិជ្ជករ សហគមន៍នេសាទ និង វារីវប្បករទាំងអស់ ជ្រាបជាព័ត៌មានតាមការគួរ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print