ខេត្តកំពង់ឆ្នាំង, រដ្ឋបាលខេត្តកំពង់ឆ្នាំង បានចេញសេចក្ដីជូនដំណឹង ស្តីពីករណីមរណភាពបុរសជនជាតិខ្មែរចំនួន ១នាក់ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ឈ្មោះ គ្រី ភារិទ្ធ អាយុ ៣១ឆ្នាំ រស់នៅភូមិហង្សឈូក ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ជាអ្នកជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។
រដ្ឋបាលខេត្តកំពង់ឆ្នាំង សូមជូនដំណឹងជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា បុរសជនជាតិខ្មែរឈ្មោះ គ្រី ភារិទ្ធ អាយុ ៣១ឆ្នាំ រស់នៅភូមិហង្សឈូក ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានចូលមកសម្រាក ព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ដោយអាការៈហត់ខ្លាំង ក្អកស្លេស ក្តៅខ្លួនខ្លាំង ហើយឈឺសន្លាក់ និងឈឺសាច់ដុំ វេលាម៉ោង ១៥ និង០៤នាទី ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ លទ្ធផលតេស្ដរហ័សរកឃើញវិជ្ជមានជំងឺកូវីដ-១៩។ ដោយសារ ស្ថានភាពជំងឺមានសភាពធ្ងន់ធ្ងរ ត្រូវបានដាក់អ្នកជំងឺសង្គ្រោះព្យាបាលនៅអគារសង្គ្រោះបន្ទាន់ ផ្នែកជំងឺកូវីដ-១៩។ ដោយការវិវត្តន៍របស់ជំងឺកាន់តែធ្ងន់ធ្ងរឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ ទោះបីក្រុមគ្រូពេទ្យខិតខំថែទាំសង្គ្រោះព្យាបាល តាមបច្ចេកទេសយ៉ាងណាក៏ដោយ អ្នកជំងឺបានមរណភាពនៅវេលាម៉ោង ១៦និង៥០នាទី ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១។
ការសន្និដ្ឋានរបស់គ្រូពេទ្យ ៖ អ្នកជំងឺឈ្មោះ គ្រី ការិទ្ធ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរខាងលើ បានមរណភាព ដោយសារជំងឺរលាកសួតធ្ងន់ធ្ងរបណ្តាលមកពីជំងឺកូវីដ-១៩។ រដ្ឋបាលខេត្តកំពង់ឆ្នាំង សូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមកំ ជាទីបំផុតជាមួយក្រុមគ្រួសារសព និងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមចំណែកក្នុងការទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺកូវីដ-១៩ ទាំងអស់គ្នា។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕
ដោយ, សិលា