ខេត្តស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀង បង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ ចំនួន២៧នាក់ ដែលទើបរកឃើញថ្មីនិងជាសះស្បើយ១១នាក់តាមក្រសួងសុខាភិបាលថ្ងៃទី១៧ខែមិថុនាឆ្នាំ២០២១។
បច្ចុប្បន្នអ្នកជំងឺកូវីដ១៩ទាំងអស់នេះ ត្រូវបានបញ្ជូនទៅព្យាបាលនៅមណ្ឌលព្យាបាលជំងឺកូវីដ១៩ បាវិត ចំនួន១៤នាក់, មន្ទីរពេទ្យបង្អែកស្វាយជ្រំ ចំនួន៤នាក់ និងមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល ចំនួន៩នាក់។
រដ្ឋបាលខេត្តស្វាយរៀង ក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ១៩ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព ក្នុងករណីមានអាការខុសប្រក្រតី ត្រូវផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកវត្ថុវិភាគសំណាក។
សូមជម្រាបថា គិតត្រឹមថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តស្វាយរៀង រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុបចំនួន១៣១១នាក់, ជាសះស្បើយ ចំនួន៨៧១នាក់, កំពុងសម្រាកព្យាបាល ចំនួន៤៣២នាក់ និងស្លាប់ចំនួន៧នាក់។
រដ្ឋបាលខេត្តបានបញ្ជាក់ទៀតថាសូមបងប្អូនតាមដានសុខភាព អនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ របស់សម្ដេចតេជោហ៊ុនសែន។
ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ-១៩ (COVID-19) ដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត📞088 783 6666 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត ។
សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕
ដោយ៖ យឹម សុថាន