ភ្នំពេញ ៖ រថយន្តអាបែនដឹកដីមួយគ្រឿងបេីកបញ្ច្រាស់ផ្លូវត្រូវបុរសម្នាក់ជិះម៉ូតូទៅប៉ះដៃចង្កូតខ្ទាតអូសជិត២០ម៉ែត្រទៅបុករថយន្តស្ទួចដែលចតស្ងៀមបណ្ដាលឲ្យបោកក្បាលស្លាប់ក្នុងថ្លុកឈាម បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋកាលពីវេលាម៉ោង ៥ និង៣០នាទីល្ងាច ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ក្នុងភូមិបាគួ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ វី វាស្នា ភេទប្រុស អាយុ៣២ឆ្នាំមុខរបរជាងភ្លើង ស្នាក់នៅភូមិស្ពានថ្ម សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ខាងលេីបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូម៉ាកduke ធុនធំពណ៌សលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CZ-0003 ធ្វើដំណើរតាមបណ្ដោយផ្លូវ៥០ម៉ែត្រទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន គ្រានោះក៏មានរថយន្តអាបែនដឹកដីមួយគ្រឿងមិនចាំស្លាកលេខធ្វេីដំណេីរបញ្ច្រាស់ផ្លូវ ធ្វេីឲ្យជនរងគ្រោះគេចប៉ះដៃចង្កូតដួលអូសជិត២០ម៉ែត្រ ទៅបុករថយន្តស្ទួចកំពុងចតស្ងៀមនៅចញ្ចេីមផ្លូវ បណ្ដាលឲ្យបោកក្បាលនិងរថយន្តស្លាប់យ៉ាងអាណោចអាធម៏ក្រោមរថយន្តស្ទួច ។ ចំណែករថយន្តអាបែនដឹកដីបានបន្តដំណើរទៅមុខគេចបាត់ស្រមោល ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់នឹងសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដង្កោ ធ្វើការវាស់វែងយករថយន្តស្ទួចនិងម៉ូតូជនរងគ្រោះទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ ។ រីឯសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វេីកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ ៖ ភារ៉ា ដង្កោ