ភ្នំពេញ ៖ មានករណីអគ្គីភ័យមួយបានឆាបឆេះបន្ទប់ឡៅតឿមួយកន្លែងនៅក្នុងបុរីចំការដូង ជាប់ផ្លូវ២១៧ ក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ បង្កការភ្ញាក់ផ្អេីលដល់អ្នកជិតខាង ព្រមទាំងសមត្ថកិច្ចចុះអន្តរាគមន៍បាញ់ពន្លត់កាលពីវេលាម៉ោង៨ និង១០នាទីយប់ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ។
សមត្ថកិច្ចដែលចុះអន្តរាគមន៍ក្នុងករណីអគ្គីភ័យខាងលេីបានប្រាប់ឲ្យដឹងថា នៅពេលកេីតហេតុ ពួកគាត់បានទទួលដំណឹងថាមានអគ្គីភ័យឆេះផ្ទះល្វែងក្នុងបុរីចំការដូង ត្រង់ចំណុចខាងលេី ទេីបពួកគាត់ប្រញាប់ចេញមកជួយអន្តរាគមន៍បាញ់ពន្លត់ ដោយអ្នកខ្លះយកទឹកក្នុងផ្ទះ អ្នកខ្លះយកបំពង់ពន្លត់អគ្គីភ័យមកបាញ់ និងអ្នកខ្លះក៏បានត្រៀមរថយន្តពន្លត់អគ្គីភ័យមកជួយអន្តរាគមន៍បាញ់ពន្លត់ផងដែរ ។ ប៉ុន្តែបន្តិចក្រោយមក សមត្ថកិច្ចខណ្ឌដង្កោ និងម្ចាស់ផ្ទះបានសហការគ្នាយកបំពង់ពន្លត់អគ្គីភ័យនិងទឹកក្នុងផ្ទះ ទាំងជះនិងបាញ់ទឹក ហេីយក៏រលត់ទៅវិញជាស្ថាពរត្រឹមរយៈពេលជាង១០នាទីប៉ុណ្ណោះ ដោយមិនបានប្រេីប្រាស់រថយន្តពន្លត់អគ្គីភ័យនោះឡេីយ ។
ក្នុងករណីនេះ សមត្ថកិច្ចបានបញ្ចាក់ពីមូលហេតុថា បណ្ដាលមកឆ្លងចរន្តអគ្គិសនី បានធ្វេីឲ្យឆេះនិងខូចខាតសម្ភារៈគេងចំនួនតូចប៉ុណ្ណោះ ដោយមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះឡេីយ៕
ដោយ ៖ ភារ៉ា ដង្កោ