លោករដ្ឋមន្ត្រី វេង សាខុន :ឡជីវឧស្ម័នបានដើរតួនាទីយ៉ាងសំខាន់ក្នុងផលិតកម្មចិញ្ចឹមសត្វទំពារអៀង (គោ ក្របី ចៀម និងពពែ) និងសត្វជ្រូកផងដែរ !

ចែករំលែក៖

ភ្នំពេញ, នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានបង្ហោះលើផេកផ្លូវការលោកថា, ឡជីវឧស្ម័នបានដើរតួនាទីយ៉ាងសំខាន់ក្នុងផលិតកម្មចិញ្ចឹមសត្វទំពារអៀង (គោ ក្របី ចៀម និងពពែ) និងសត្វជ្រូកផងដែរ តាមរយ:ការប្រើប្រាស់ថាមពលកកើតឡើងវិញបានពីលាមកសត្វ ចេញជាចំហេះសម្រាប់ចំអិនអាហារ ភ្លើងបំភ្លឺលំនៅឋាន កាកសំណល់ឡជាជីធម្មជាតិមានគុណប្រយោជន៍សម្រាប់ផលិតកម្មបន្លែ និងឈើហូបផ្លែ។ មិនតែប៉ុណ្ណោះ ឡជីវឧស្ម័នបានចូលរួមកាត់ បន្ថយ និងលុបបំបាត់ពពួកបរ៉ាសិតដែលមាននៅក្នុងលាមកសត្វ និងរក្សាបរិស្ថាន (ក្លិន) ក្នុងភូមិ ឋាន និងក្នុងកសិដ្ឋានបានល្អ និងជាពិសេសជួយកាត់បន្ថយការបំភាយឧស្ម័នផ្ទាំងកញ្ចក់ចូលទៅក្នុងបរិយាកាស ហើយនេះគឺជាកត្តាសំខាន់មួយដែលធ្វើឲ្យមានការប្រែប្រួលអាកាសធាតុ។ ទាំងថាមពល និងកាកសំណល់បានពីឡជីវឧស្ម័ន បានចូលរួមចំណែកលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាកសិករនៅជនបទបានយ៉ាងល្អប្រសើរតាមរយ:ការកាត់បន្ថយការប្រើប្រាស់ថាមពល អគ្គីសនី ប្រេងឥន្ធន: ការកាប់បំផ្លាញឈើសម្រាប់ធ្វើអុស និងព្យូង និងជីគីមីប្រើលើដំណាំ។

លោករដ្ឋមន្ត្រីបន្តថា, យល់ច្បាស់ពីគុណប្រយោជន៍របស់ឡជីវឧស្ម័ននេះ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៥ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះ MOU ជាមួយអង្គការអភិវឌ្ឍន៍ហូឡង់ដ៌ (SNV) ដើម្បីបង្កើតវិស័យឡជីវឧស្ម័នលក្ខណៈគ្រួសារកំរិតជាតិហៅថា “កម្មវិធីឡជីវឧស្ម័នជាតិ National Biodigester Programme NBP”។ ដើម្បីលើកកម្ពស់សុខុមាលភាព សេដ្ឋកិច្ចគ្រួសារ ថែរក្សាបរិស្ថាន រួមចំណែកកាត់បន្ថយការបំភាយឧស្ម័នផ្ទាំងកញ្ចក់ និងការផ្សារភ្ជាប់ប្រព័ន្ធកសិកម្មចំរុះ (ចិញ្ចឹមសត្វ ត្រី ដាំបន្លែ ស្រូវ និងឈើហូបផ្លែ) គឺជាកម្មវត្ថុនៃការអនុវត្តកម្មវិធីឡជីវឧស្ម័នជាតិ។ ចាប់តាំងពីឆ្នាំ២០០៦ កម្មវិធីឡជីវឧស្ម័នជាតិបានចាប់ផ្តើមអនុវត្តក្នុងខេត្តគោល ដៅចំនួន ០៦។ ដោយទទួលបានការគាំទ្រពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វជាសេនាធិការ កម្មវិធីឡជីវឧស្ម័នជាតិនៅឆ្នាំ២០២០ កម្មវិធីនេះសម្រេចការសាងសង់ឡជីវឧស្ម័នបានចំនួន ២៨ ៦៨៥ឡ (ខ្នាតផ្សេងៗគ្នា) នៅក្នុងខេត្តគោលដៅចំនួន១៦ (បាត់ដំបង បន្ទាយមានជ័យ កំពង់ចាម កំពង់ឆ្នាំង កណ្តាល កំពត កែប ព្រះសីហនុ កំពង់ ស្ពឺ កំពង់ធំ ពោធិសាត់ ព្រៃវែង សៀមរាប ស្វាយរៀង ត្បូងឃ្មុំ និងតាកែវ) និងមានកសិករទទួលផលដោយផ្ទាល់ចំនួន ១៥៧.៧៦៧នាក់ និងបានចូលរួមចំណែកកាត់បន្ថយការបំភាយឧស្ម័នកាបូនិចជាង ៨៥២ ២៩២តោន។ យោងតាមរបាយការណ៍របស់កម្មវិធីឡជៅវឧស្ម័នថ្នាក់ជាតិ (១៧/៦/២០២១) ដែលបានធ្វើការពិសោធន៍សាកល្បងបង្ហាញ ថា បើកសិករមានឡជីវឧស្ម័នមួយគាត់អាចសន្សំអុស ឬធ្យូងបាន ២តោន/ឆ្នាំ និងរួមចំណែកកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់បាន CO2= ៣.២តោន/១ឡ។ បើកសិករប្រើកាកសំណល់ឡជីវឧស្ម័ន ០១ គាត់ចំណេញបាន ១លានរៀល/ឆ្នាំ ពីការមិនទិញជីគីមី។ គ្រួសារកសិករចំនួន ២៥០០គ្រួសារក្ននោះមាន ១៥% បានភ្ជាប់បង្គន់អនាម័យជាមួយឡជីវឧស្ម័ន។
យល់ឃើញអំពីសារប្រយោជន៍របស់ឡជីវឧស្ម័ន អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក្រោមការគាំទ្រ និងចង្អុលបង្ហាញពីលោករដ្ឋមន្រ្តី វេង សាខុន បានកៀងគរ និងស្វែងរកការគាំទ្របន្ថែមពីសាធារណៈរដ្ឋប្រជាមានិតចិន ក្រោមផែនការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ ជ្រុង ជ្រោយរវាងសាធារណរដ្ឋប្រជាមានិតចិន និងរាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការអភិវឌ្ឍន៍វិស័យកសិកម្ម។ តាមរយៈកិច្ចសហប្រតិបត្តិការជាដៃគូរនេះភាគីចិនបានឧបត្ថម្ភឡជីវឧស្ម័នចំនួន ១ ៨៥០ឡ រួមទាំងសម្ភារសម្រាប់ដំណើរការសាងសង់ឡ ការប្រើប្រាស់ថាមពលកកើតឡើងវិញ និងមធ្យោបាយគាំទ្រ (រថយន្ត៦គ្រឿង និងម៉ូតូ១៤គ្រឿង) ការបណ្តុះបណ្តាលមន្ត្រីជំនាញ និងក្រុមជាង ១០៣នាក់ផងដែរ។ ឡជីវឧស្ម័នជំនួយនេះ បានតម្លើង និងដាក់ឱ្យប្រើប្រាស់នៅក្នុងខេត្តគោលដៅចំនួន១០ ក្នុងនោះមានខេត្តកណ្តាល (៦០ឡ) កំពង់ស្ពឺ (១០ឡ) តាកែវ (២៧០ឡ) កំពង់ចាម (២១០ឡ) ត្បូងឃ្មុំ (៣០០ឡ) ព្រៃវែង (២០០ឡ) ស្វាយរៀង (២០០ឡ) ព្រះវិហារ (២០០ឡ) ពោធិ៍សាត់ (២០០ឡ) និងកំពង់ឆ្នាំង(២០០ឡ)។ គម្រោងនេះអនុវត្តជាដៃគូដោយ មានការចូលរួមគាំទ្រជាឡ ជំនាញបច្ចេកទេស សម្ភារបរិក្ខា និងមធ្យោបាយគាំទ្រពីភាគីចិន និងការគាំទ្រពីរាជរដ្ឋភិបាលក្នុងការតម្លើងឡទាំងនោះដោយឥតគិតថ្លៃជូនកសិករចំនួន១ ៨៥០ គ្រួសារ។ គិតជាទឹកប្រាក់សរុបគាំទ្រជាជំនួយឥតសំណងពីភាគីចិនប្រមាណជាង១,៧លានដុល្លានិងពីរាជរដ្ឋាភិបាលចំនួនជាង០,២លានដុល្លារ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print