ខេត្តបន្ទាយមានជ័យ៖ ដេីម្បីចូលរួមចំណែកក្នុងការជួយសង្គ្រោះនិងសម្រាលបន្ទុកប្រជាកសិករ ដែលប្រកបរបរចិញ្ចឹមកង្កែបក្នុង សហគមន៍ ស្ថិតនៅភូមិភ្នៀត សង្កាត់ភ្នៀត និងភូមិកំព្រីង សង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ កំពុងមានទីផ្សារថយចុះយ៉ាងគំហុកនោះ។
ដោយមេីលឃេីញពីសុខទុក្ខប្រជាពលរដ្ឋ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមាជ័យ និងក្រុមការងារ បានទៅជួយទិញកង្កែបសាច់ពីសហគមន៍ខាងលើនេះ ចំនួនមួយតោនហើយយកទៅ ចែកជូន កងកម្លាំងប្រដាប់អាវុធ នៃកងឯកភាពនានា សម្រាប់ធ្វើជាម្ហូបខណៈពួកគេបាននឹងកំពុងឈរជើងទ្រោលសភាពការណ៍ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ការទប់ស្កាត់លំហូរពលករខ្មែរឆ្លងដែន ខុសច្បាប់ ការស្រាវជ្រាវរកគ្រួដារពលរដ្ឋក្រីក្រ និងរងផលប៉ះពាល់ខ្លាំងពីការរីករាលដាលនៃជំងឺដ៏កាច់សាហាវមួយនេះ និងផ្តល់ជូនមណ្ឌលជីវិតថ្មីភ្នំបាក់(បន្សាបអ្នកជាប់សារធាតុញៀន)មួយចំនួនផងដែរ។
ជាក់ស្ដែងចំពោះសកម្មភាពរបស់អាជ្ញាធរខេត្ត គឺក្នុងគោលបំណងជួយសម្រាល ដល់ការលំបាករបស់ប្រជាកសិករចិញ្ចឹម និងជួយសម្រាលដល់ការហូបចុករបស់កងកម្លាំងមួយផ្នែក។
គួរជម្រាបថា កាលពីថ្ងៃទី១២-១៣ ខែមិថុនា បន្ទាប់ពីកសិករអ្នកចិញ្ចឹមកង្កែប បានលើកឡើងថា៖ ពួកគាត់លក់កង្កែបសាច់មិនដាច់ ហើយបានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាព ក្នុងការសងបំណុល និងការទិញចំណីឱ្យវាស៊ី។
ជាក់ស្ដែងលោក ស្រី សុខា រស់នៅភូមិភ្នៀត សង្កាត់ភ្នៀតជាកសិករចិញ្ចឹមបង្កែប បានបញ្ជាក់ថា គាត់បាន ប្រកបរបរចិញ្ចឹមកង្កែបជាច្រើនឆ្នាំមកហើយ ប៉ុន្តែឆ្នាំនេះ គាត់ចិញ្ចឹមកង្កែបចំនួនប្រាំមួយស្បៃ មានការលំបាករបស់ពួកគាត់គឺ ទី១.គ្មានប្រាក់បង់ការ ប្រាក់ខ្ចីបុល និងទី២. អត់ប្រាក់ទិញចំណីឲ្យវាកង្កែបស៊ី។
ប្រជាកសិកររូបនេះ បន្តថា ក្នុងឆ្នាំនេះ គាត់បានចិញ្ចឹមកង្កែបចំនួនប្រាំមួយស្បៃ។ ក្នុងមួយស្បៃ ប្រហែល១.០០០ក្បាល។ ខណៈឆ្នាំកន្លងទៅ វាមានទីផ្សារហើយមានម៉ូយមកទិញកង្កែប សាច់ហើយបានតម្លៃខ្ពស់។ ប៉ុន្តែក្នុងឆ្នាំនេះពិសេសក្នុងពេលការរាតត្បាតខ្លាំងនូវ ជំងឺកូវីដបានធ្វើឱ្យទីផ្សារកង្កែបបាត់បង់ដោយសារតែបណ្តាកន្លែងដែលធ្លាប់តែ បញ្ជាទិញកង្កែបត្រូវបានផ្អាក ព្រោះសកម្មភាពអាជីវកម្មក៏ត្រូវបានផ្អាក ឬកាត់បន្ថយដែរ។
ដោយឡែកលោក ពុធ ឈួង កសិករចិញ្ចឹមកង្កែប នៅភូមិភ្នៀត សង្កាត់ភ្នៀតឱ្យដឹងថា សព្វថ្ងៃចិញ្ចឹមកង្កែបចំនួន១១ស្បៃ ក្នុងមួយស្បៃក មានជាង១.០០០ក្បាល។ កង្កែបទាំងនេះសល់ពេញស្បៃព្រោះលក់មិនទាន់ចេញ។ បន្ថែមពីនេះ លោក បានសំណូមពរដល់អាជ្ញាធរដែនដី ក៏ដូចជាមន្ទីរជំនាញកសិកម្ម និងមន្ទីរពាណិជ្ជកម្មជួយរកទីផ្សារលក់លក់បង្កែបចេញដើម្បីយកលុយបង់ការប្រាក់ និងបានទិញចំណីឲ្យបង្កែបដែលនៅតូចៗបន្ថែមទៀត ។
បើតាមលោក ហួត សាវឺ ចៅ សង្កាត់ភ្នៀត ក៏បានបញ្ជាក់ដែរថានៅក្នុងទូទាំងសង្កាត់ភ្នៀតនេះ គឺមានកសិករចិញ្ចឹមកង្កែបចំនួន៥៨គ្រួសារ ។
គួរបញ្ជាក់ថា កង្កែបសាច់នៅសហគមន៍ខាងលើនេះ គិតរហូតមកទល់ថ្ងៃទី១៧ ខែមិថុនាមិ្សលមិញនេះ អាចលក់ចេញវិញខ្លះៗហើយ ជាពិសេសនោះ ដោយមានការជួយទិញពីអាជ្ញាធរតែម្តង៕ដោយ៖សហការី