ភ្នំពេញ ៖ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលខណ្ឌដង្កោ បានបើកការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យ៤នាក់ជាបន្តបន្ទាប់ដែលពួកគេបានក្លែងឯកសណ្ឋានជាមន្ត្រីនគរបាលជាតិជិះរថយន្តអត់ស្លាកលេខដើរអុកឡុកប្រជាពលរដ្ឋនៅមូលដ្ឋាន ។ នេះបេីយោងតាមប្រភពព័ត៌មានពីលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោបានឱ្យដឹងនៅរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ។
លោកវរសេនីយ៍ឯក ជឹម សុីថា អធិការនគរបាលខណ្ឌដង្កោ បានឱ្យដឹងទៀតថា កាលពីយប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានជិះល្បាតនៅភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ ហេីយឃេីញក្រុមជនសង្ស័យខាងលេីមានសកម្មភាពមិនប្រក្រតី ក៏បានចុះទៅធ្វើការសាកសួរ តែខាងជនសង្ស័យដែលគ្រងឯកសណ្ឋានជាមន្ត្រីនគរបាលជាតិនិងមានសញ្ញាសម្គាល់របស់នគរបាលប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃនិងមានពាក់ឋានន្តរស័ក្តិសុទ្ធតែវរសេនីយ៍ទោនិងវរសេនីយ៍ត្រី បានធ្វេីឫកពាព្រងេីយមិនញញើតសមត្ថកិច្ចមូលដ្ឋាននោះឡើយថែមទាំងអង្គុយចុចទូរស័ព្ទហើយខ្ជិលនិយាយជាមួយមន្ត្រីមូលដ្ឋានសូម្បីតែមួយម៉ាត់។
បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោបានរាយការណ៍ជូនថ្នាក់លើដើម្បីសុំគោលការណ៍ដោយសារតែជនសង្ស័យស្លៀកពាក់ឯកសណ្ឋាននិងមានកាតសម្គាល់ខ្លួនជា
មន្ត្រីនគរបាលជាតិ ទើបធ្វើឲ្យកម្លាំងជំនាញខណ្ឌដង្កោពិបាកនិឹងធ្វើការបន្តិច។ បន្ទាប់ពីទទួលបានបទបញ្ជាពីនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិទទួលបន្ទុកការងារបង្ក្រាបគ្រឿងញៀននៃក្រសួងមហាផ្ទៃ ទើបកម្លាំងជំនាញខណ្ឌដង្កោបើកការស្រាវជ្រាវនិងឃាត់ខ្លួនបានជនសង្ស័យ៣នាក់នៅយប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១។
លុះព្រឹកឡើងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចបានធ្វេីការស្រាវជ្រាវរហូតដល់ភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ ទើបឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀត។
ក្រោយមក កម្លាំងនគរបាលខណ្ឌដង្កោបានប្រគល់ជនសង្ស័យទាំង៤នាក់និងវត្ថុតាងខាងលើទៅឲ្យមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃបន្តនីតិវិធីនិងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមច្បាប់ ៕
ដោយ ៖ ភារ៉ា ដង្កោ