ភ្នំពេញ, ការចេះខ្លាចជំងឺកូវីដ-១៩ និងមិនមើលស្រាលវីរុសកូវីដ-១៩ គឺដើម្បីការពារអាយុជីវិតខ្លួនឯង” នេះជា (អត្ថបទដោយ៖ លោកស្តីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ជាអ្នកនាំពាក្យក្រសួងសុខាភិបាល ជា ប្រធានគណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ និងជាប្រធានអនុគណៈកម្មការអប់រំ បណ្តុះបណ្តាល និងទំនាក់ទំនង សាធារណៈ នៃគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩), ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១។
បច្ចុប្បន្ននេះ មនុស្សម្នានៅលើសាកលលោក កំពុងតែវីវក់ជាមួយនឹងការវ៉ៃលុកនៃវីរុសកូវីដ-១៩ ដែលបានធ្វើឱ្យមាន ការប៉ះពាល់ដល់សុខភាពសាធារណៈ និងសេដ្ឋកិច្ចប្រទេសជាតិ ព្រមទាំងប្រាក់ចំណូលគ្រួសារផងដែរ។ ស្ថានភាពចម្លងជំងឺ កូវីដ-១៩ នៅតែជាក្តីព្រួយបារម្ភរបស់មនុស្សនៅលើសាកលលោក ជាមួយនឹងការរាតត្បាតយ៉ាងខ្លាំងក្លាពីវីរុសបំប្លែងថ្មី ដែល កំពុងតែចរាចរយ៉ាងសកម្មនៅលើភពផែនដីយើងនេះ និងកំពុងតែញាំញីការរស់នៅរបស់ប្រជាជនទូទៅ។ យើងសង្កេតឃើញ ថា ការចម្លងវីរុសកូវីដ-១៩ នាពេលថ្មីៗនេះ ហាក់មានសភាពលឿន និងខ្លាំង គឺមានពពួកវីរុសកូវីដ-១៩ ដែលពិភពលោកក៏ កំពុងតែបារម្ភពីការចម្លងរបស់វា (Variant of concern)នោះ គឺពពួក B.1.1.7 (Alpha) និងពពួក B.1.617.2 (Delta)។
នៅប្រទេសកម្ពុជា វីរុសកូវីដ-១៩ ដែលបម្លែងថ្មីនេះ ក៏បានរកឃើញដោយការវិភាគរបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា លើវត្ថុ សំណាកអ្នកដំណើរដែលបានចូលមកកម្ពុជាតាមច្រកផ្លូវគោក និងផ្លូវអាកាស ដែលកន្លងមកក្រសួងសុខាភិបាល បានចេញ សេចក្តីជូនព័ត៌មានរួចហើយដែរ។ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ក៏មានការរកឃើញបន្ថែមទៀតដោយវិទ្យាស្ថានប៉ាស្ទ័រ កម្ពុជានូវពពួក B.1.617-2 (Delta) ចំនួន ០៧នាក់ (ខេត្តបន្ទាយមានជ័យ ០១នាក់ ខេត្តឧត្តរមានជ័យ ០២នាក់ ខេត្ត សៀមរាប ០២នាក់ ខេត្តកំពង់ចាម ០១នាក់ និងខេត្តកំពត ០១នាក់) ដែលក្រសួងសុខាភិបាល ទើបតែចេញសេចក្តីជូន ព័ត៌មាន សាធារណជន នៅថ្ងៃនេះរួចហើយដែរ។
នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ តាមការប្រកាសរបស់ក្រសួងសុខាភិបាល គឺមានអ្នកឆ្លងថ្មីរហូតដល់ ៧៩៩នាក់ (សរុប៖ ៤១ ៥៨១នាក់) និងមានអ្នកស្លាប់បាត់បង់ជីវិតចំនួន ១៤នាក់ (សរុប៖ ៣៩៤នាក់) ដែលជាចំនួនសម្រាប់ថ្ងៃទី១៧ ខែ មិថុនា ឆ្នាំ២០២១ និងនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ (ក្រសួងបានជូនព័ត៌មាននៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១) មាន ករណីឆ្លងថ្មីចំនួន ៤៧១នាក់ (សរុប៖ ៤២ ០៥២នាក់) និងករណីស្លាប់ចំនួន ២០នាក់ (សរុប៖ ៤១៤នាក់)។ បើតាមតួលេខ ខាងលើនេះ គឺជាចំនួនគួរឱ្យមានការព្រួយបារម្ភ ហើយដែលបងប្អូនមួយចំនួនក៏តែងតែចោទសួរថា ហេតុអ្វីបានជាចំនួនឆ្លងនិង ស្លាប់នៅតែមានច្រើនបែបនេះ? ដើម្បីឆ្លើយទៅនឹងសំណួរនេះបាន បុគ្គលគ្រប់រូប ចាំបាច់ត្រូវតែបន្តយកចិត្តទុកដាក់ការពារខ្លួន និងមានការប្រុងប្រយ័ត្នខ្ពស់មែនទែន ចូលរួមកាត់ផ្តាច់កុំឱ្យមានការឆ្លងបន្តពីមនុស្សម្នាក់ទៅម្នាក់ទៀត ទោះជានៅក្នុងគ្រួសារ នៅ ក្នុងសហគមន៍ ឬនៅទីតាំងណាក៏ដោយ។ វិធានការកាត់ផ្ដាច់ការចម្លង វីរុសកូវីដ ១៩ នេះ គឺ សម្ដេចរគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញឱ្យអនុវត្តតាំងពីពាក់កណ្ដាលខែធ្នូ ឆ្នាំ២០២១ ដែលមាន ៣ការពារ និង ៣កុំ ហើយនិងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ចាប់តាំងពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ មកម្ល៉េះ។ ការអនុវត្តន៍កន្លងមក ក៏ដូចជាបច្ចុប្បន្ន គឺនៅមានខ្វះចន្លោះលើចំណុច ៣កុំ ដែលត្រូវយកចិត្តទុកដាក់បន្ថែមទៀតលើការកែប្រែ ឥរិយាបទរបស់បុគ្គល និងម្ចាស់ទីតាំងប្រមូលផ្ដុំទាំងឡាយ ឱ្យមានការចូលរួម អនុវត្តវិធានការ ៣កុំ នេះជាចាំបាច់ រួមជាមួយ នឹងការអនុវត្តន៍ច្បាប់ជាធរមានផងដែរ។
ការទទួលខុសត្រូវរបស់បុគ្គល និងសហគមន៍ គឺជាចំណុចសំខាន់មួយនៅក្នុងបរិបទបច្ចុប្បន្ននេះ ដែលត្រូវតែជម្រុញ ឱ្យមានការអនុវត្តន៍ស្របតាមវិធីសាស្ត្រ “រដ្ឋាភិបាល និងសង្គមជាតិទាំងមូល (the whole of government and society approaches)” ដើម្បីបំពេញនូវចន្លោះប្រហោងរបស់បុគ្គល និងសហគមន៍ ឬអាចនិយាយប្រៀបធៀបបានថា “បំពេញដីកន្លែង គ្រហុកៗ” ដើម្បីឈានទៅរកការធ្វើដំណើរលើផ្លូវបានរលូន សំដៅកាត់ផ្តាច់បាននូវការចម្លងជំងឺបន្តគ្នា ជាពិសេសទប់ស្កាត់ការ រាតត្បាតនៅក្នុងសហគមន៍ក្នុងទ្រង់ទ្រាយធំ។
ភាគច្រើន យើងតែងឮថា មនុស្សខ្លាចកូវីដ-១៩ ក៏ប៉ុន្តែ ការខ្លាចរបស់យើង ហាក់ដូចជាមិនបានឆ្លើយតបទៅនឹងស្ថាន ភាពឆ្លងនៃជំងឺនេះ ដែលនៅតែមានការឆ្លងក្នុងចំនួនរាប់រយនាក់ជារៀងរាល់ថ្ងៃ។ បើយើងខ្លាច យើងត្រូវតែខិតខំធ្វើយ៉ាងណាកុំ ឱ្យមានការឆ្លង ដោយមានការប្រុងប្រយ័ត្នខ្ពស់ និងការពាររៀងៗខ្លួន ជាពិសេសមិនត្រូវបង្កឱ្យមានការជួបជុំណាមួយ ឬការ ចល័តរបស់បុគ្គលជាច្រើនដែលមិនមានភារកិច្ចចាំបាច់ (រហូតដល់កន្លែងខ្លះ មានការកកស្ទះមនុស្សនៅលើដងផ្លូវផងក៏មាន) ដែលបង្កជាបរិយាកាសដ៏ល្អសម្រាប់វីរុសកូវីដ-១៩ ធ្វើការចម្លងបន្ត ឬធ្វើចរាចរបានដោយងាយស្រួល។
ការខ្លាចរបស់មនុស្ស ចាំបាច់ ត្រូវសម្ដែងចេញជាសកម្មភាពការពារខ្លួនឱ្យបានហ្មត់ចត់ ជាជាងការមើលស្រាលលើ លទ្ធភាពចម្លងដ៏លឿន និងសាហាវរបស់វីរុសកូវីដ-១៩ ជាពិសេសពពួកបម្លែងថ្មី ដែលនាំឱ្យបុគ្គល និងក្រុមគ្រួសារ ធ្លាក់ចូល ទៅក្នុងជ្រោះមហន្តរាយនៃជំងឺកូវីដ-១៩ និងអាចឈានដល់ការហួសសមត្ថភាពទទួលគ្រប់គ្រងជំងឺកូវីដ-១៩ នៅតាមមន្ទីរ ពេទ្យនានាផងក៏អាចថាបានដែរ ប្រសិនបើបុគ្គលខ្លះ នៅមិនទាន់បានយល់ច្បាស់ ចូលរួមការពារខ្លួនពីការចម្លងឱ្យបានល្អទ នោះ ដោយនៅតែគិតថា មិនអីទេៗ។ មនុស្សមួយចំនួន អាចគិតថា ខ្លួនមិនអីទេ បើមិនពាក់ម៉ាស់ មិននៅគម្លាតគ្នា ឬចូលទៅ កន្លែងប្រមូលផ្តុំគ្នាដែលបិទជិតមិនមានខ្យល់ចេញចូល ដោយសារមិនឃើញមានកើតបញ្ហាអ្វី តែភ្លេចគិតថា “ការដែលគិតថា មិនអីទេៗ” នេះហើយ ដែលធ្វើឱ្យបុគ្គលភ្លេចខ្លួន ភ្លេចពីការឆ្លងវីរុសកូវីដ-១៩ រហូតដល់គិតថា មិនមានវីរុសកូវីដ-១៩ នេះពិត ប្រាកដផងដែរ។ ក៏ប៉ុន្តែ នៅពេលណាមួយនោះ វីរុសកូវីដ-១៩ បានចូលលុកលុយសួតរបស់បុគ្គលដែលបានឆ្លងរួចបាត់ទៅ ហើយ ទម្រាំនឹងដឹង គឺចង់ហួសពេល ឬក៏ហួសពេលបាត់ទៅហើយៗក៏មានការឆ្លងមកដល់សមាជិកក្រុមគ្រួសារទៀតផងដែរ។ បុគ្គលមួយចំនួន គាត់បានខិតខំការពារខ្លួនណាស់ដែរ តែនៅមានចំណុចដែលប្រហែសតែមួយភ្លែត ក៏រងនូវការលុកពីវីរុស កូវីដ-១៩តែម្តង។ ហេតុការណ៍ទាំងអស់នេះ បានធ្វើឱ្យហាក់ដូចជាយល់ថា ខ្លួនបានការពារត្រឹមត្រូវដែរ តែហេតុអ្វីក៏នៅតែឆ្លង? ដែលហាក់ដូចជាមិនទាន់បានយល់ និងអនុវត្តបានត្រឹមត្រូវ អំពីវិធានការការពារដែលបានដាក់ចេញ។ តំណាងអង្គការសុខ ភាពពិភពលោកប្រចាំនៅកម្ពុជា បានលើកឡើងរួចហើយដែរថា ៣ការពារ និង ៣កុំ គឺជាវិធានការដ៏ល្អប្រសើរណាស់ ដែល កម្ពុជា អាចទប់ស្កាត់បាននូវការចម្លងបន្តគ្នា ប្រសិនបើបុគ្គលអនុវត្តវិធានការទាំងនេះបានយ៉ាងត្រឹមត្រូវពិតប្រាកដ។
ដើម្បីអាយុជីវិតផ្ទាល់ខ្លួនឯង សូមបងប្អូនប្រជាពលរដ្ឋ ចូលរួមបន្តអនុវត្តវិធានការខាងលើ ឱ្យបានគ្រប់ៗគ្នា ដោយការ ទទួលខុសត្រូវខ្ពស់របស់បុគ្គល និងសហគមន៍ នៅក្នុងការកាត់ផ្តាច់ការចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ដើម្បីចៀសវាងការ ចម្លងទ្រង់ទ្រាយធំក្នុងសហគមន៍ ដែលអាចមានផលវិបាកធំធេងជាងពេលនេះទៅទៀត។ យើងត្រូវហ៊ានប្រឈម និងសុខចិត្ត លំបាកក្នុងពេលខ្លី ជាជាងលំបាកក្នុងពេលវែង នៅពេលអនុវត្តវិធានការនានា ដែលអាចឱ្យយើងបានរួចចាកផុត មិនធ្លាក់ចូល ទៅក្នុងជ្រោះមហន្តរាយសុខភាពសាធារណៈ និងការប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចគ្រួសារ និងសង្គមក្នុងរយៈពេលយូរ ដែល យើងនឹងអាចពិបាកនឹងស្ទារមកវិញផងដែរ។ ចាំបាច់ណាស់ ដែលបុគ្គល ត្រូវតែគិតគូរពីសុខភាពផ្ទាល់ខ្លួន ជាជាងគិតគូរពីការ ជួបជុំគ្នា ការបើកដំណើរការទីតាំងណាមួយដែលខ្វះការត្រៀមរៀបចំបង្ការហានិភ័យ និងមានកិច្ចការពារទុកជាមុន និងការធ្វើ ដំណើរចល័តច្រើនកុះករ នៅក្នុងបរិបទនៃការរាតត្បាតអ៊ីរុសកូវីដ-១៩ បម្លែងថ្មីនេះ ។
បើយើងចេះខ្លាចវីរុសកូវីដ-១៩ យើងមិនត្រូវមើលស្រាលពីលទ្ធភាពនៃការចម្លងវីរុសកូវីដ-១៩ ឡើយ ដោយត្រូវចេះប្រើ ប្រាស់នូវវិធានការ ៣ការពារ និង ៣កុំ ឱ្យបានគ្រប់ៗគ្នា ព្រមទាំងស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ហើយបន្ទាប់ពី ចាក់វ៉ាក់សាំងរួចហើយ ក៏ត្រូវតែបន្តអនុវត្តវិធានការការពារទាំងនេះ ឱ្យបានហ្មត់ចត់ កុំឱ្យមានការឆ្លងបន្តគ្នា។
សូមជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានសុខភាពល្អបរិបូណ៌ ចៀសផុតពីការចម្លងវីសកូវីដ-១៩ ឱ្យបាន គ្រប់ៗគ្នាដោយត្រូវចងចាំ និងអនុវត្តយ៉ាងខ្ជាប់ខ្ជួន៖ ៣ការពារ + ៣កុំ + ចាក់វ៉ាក់សាំង ដែលនឹងជួយអាយុជីវិតមនុស្ស ហើយ ឆាប់បានវិលត្រឡប់ទៅរកសភាពរស់នៅធម្មតា តែតាមបែបគន្លងថ្មី។
សូមអរគុណ។