ខេត្តបន្ទាយមានជ័យ៖ បេីយោងតាមសេចក្ដីជូនដំណឹងរបស់លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃសៅរ៍ទី១៩ ខែមិថុនា ឆ្នាំ២០២១នេះ បានចុះហត្ថលេខាសម្រេចបញ្ចប់ការបិទខ្ទប់ ក្នុងការធ្វើដំណេីរចេញ-ចូល ជាបណ្តោះអាសន្នលើទីតាំងមួយផ្នែកនៃភូមិអូរនាង សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
គួរជម្រាបដែរថា រដ្ឋបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ សូមជូនដំណឹងដល់បងបប្អូនប្រជាពលរដ្ឋ និង សាធារណៈជនឱ្យបានជ្រាបថា៖ មានករណីជាសះស្បើយអ្នកជំងឺកូវីដ-១៩ ចំនួន៧២នាក់ និងយោងតាមលទ្ធផលតេស្តរហ័ស (Rapid Test) ជាមួយនិងមន្ទីរពិសោធន៍ជាតិភ្នំពេញ(NIPH) នៅថ្ងៃទី១៨ ខែមិថុនាម្សិលមិញនេះ បានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ថ្មី ដែលជាករណីឆ្លងនៅក្នុង ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ និងពលករវិលត្រឡប់មកពីប្រទេសថៃ លើបុរស ស្ត្រីជនជាតិខ្មែរ ចំនួន៤៧នាក់ នៅក្នុងខេត្តបន្ទាយមានជ័យ។
ជាមួយគ្នានេះ រដ្ឋបាលខេត្ត សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ និងសាធារណៈជន ដែលបានប៉ះពាល់ ដោយផ្ទាល់ សូមរួសរាន់មកជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ ដោយប្រយោលជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ទាំង៤៧នាក់ខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះ ក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។
ក្នុងករណីមានការប្រែប្រួលសុខភាពខុសប្រក្រតី ដូចជា ឡើងកម្ដៅលើសពី៣៧អង្សាសេ ក្អក កណ្ដាស់ ហៀរសំបោរ ឈឺបំពង់ក មានកំហាក ថប់ដង្ហើម…។ល។ ត្រូវប្រញ៉ាប់ទំនាក់ទំនងទៅក្រុម ឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ឬមន្ទីរពេទ្យខេត្ត ក្រុង ស្រុក ឬមណ្ឌលសុខភាពឃុំ សង្កាត់ និងអាជ្ញាធរ មូលដ្ឋាន តាមរយៈទូរស័ព្ទលេខ០១២ ៧២៤០៤២ / ០១២ ៩៤៨៧៧៩។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណៈជន មេត្តាជ្រាប ជាព័ត៌មាន និងបន្តចូលរួមអនុវត្តតាមវិធានការ “៣ការពារ ៣កុំ” ជាដាច់ខាត៕ដោយ៖សហការី