ភ្នំពេញ៖ ទាក់ទិនទៅនិងភាពមិនប្រក្រតីក្នុងការដំណើរការនិតិវិធី របស់ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ លោក តូង ពុទ្ធារ៉ា សម្រេចឃុំខ្លួន ស្ត្រី២នាក់ក្នុងជម្លោះដីធ្លី និងមានប្រតិកម្មពីសម្ដេចតេជោនាយករដ្ឋមន្ត្រីនោះ លោក អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានកោះហៅជាបន្ទាន់ដល់ប្រធាននិងព្រះរាជអាជ្ញា ទូទាំងប្រទេសប្រជុំ ពាក់ព័ន្ធគោលការណ៍ឃុំខ្លួនបណ្ដោះអាសន្ន ក្នុងរឿងទំនាស់ដីធ្លី ដែលនិងត្រូវប្រព្រឹតទៅនៅថ្ងៃទី១៨ ខែមីនា វេលាម៉ោង១៥រសៀល។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលិខិត្យរបស់ក្រសួងយុត្តិធម៌ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ ចុះហត្ថលេខាដោយលោក រដ្ឋមន្ត្រី អង្គ វង្សវឌ្ឍនា។
លិខិតនេះ បានបញ្ជាក់ថា ការប្រជុំក្នុងគោលបំណងធានាឲ្យដំណើរការនៃកិច្ចប្រជុំប្រព្រឹតទៅដោយរលូននិងប្រកបដោយលទ្ធផលល្អប្រសើរ សូមឲ្យប្រធាននិងព្រះរាជអាជ្ញាប្រមូលទិន្នន័យនិងរាយការណ៍ជូនអង្គប្រជុំស្ដីពីការឃុំខ្លួនបណ្ដោះអាសន្នក្នុងសំណុំរឿងទំនាស់ដីធ្លី។ បើទោះជាលោករដ្ឋមន្ត្រីមិនបានបញ្ជាក់ពីភាពមិនប្រក្រតីរបស់ចៅក្រមស៊ើបសួរលោក តូង ពុទ្ធារ៉ា ក៏ដោយ ប៉ុន្តែមន្ត្រីក្រសួងនេះបានបង្ហើបថា ចៅក្រម ស៊ើបសួរ តូង ពុទ្ធារ៉ា បានធ្វើឲ្យលោករដ្ឋមន្ត្រីឈឺក្បាល បន្ទាប់ពីមានប្រតិកម្មដោយសម្ដេចតេជោ ហ៊ុន សែន ។
គួររំលឹកថា ករណីចៅក្រមស៊ើបសួរ តូង ពុទ្ធារ៉ា ឃុំខ្លួនស្ត្រីឈ្មោះ យូ រ៉ន និង អ៊ីត រុំ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦ គ្រាដែលឲ្យពួកគាត់ចូលខ្លួនដោះស្រាយធ្វើជាតំណាងប្រជាពលរដ្ឋចំនួន១៦៥គ្រួសារ រស់នៅភូម៌ថ្មី ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មិនត្រឹមតែសម្ដេចតេជោប្រតិកម្ម និងសម្ដែងនូវការខកចិត្តសោកស្ដាយចំពោះអំពើរដ៏អយុត្តិធម៌នេះប៉ុណ្ណោះទេ មជ្ឈដ្ឋានទូទៅបានថ្កោលទោសយ៉ាងខ្លាំងទៅលើតុលាការខេត្តកំពង់ស្ពឺ ពិសេសបុគ្គលលោក តូង ពុទ្ធារ៉ា សង្ស័យថា គាត់អាចនិងប្រព្រឹតនូវអំពើពុករលួយណាមួយ ក៏ដូចជាជះចំហាយប្រតិកម្មនេះ ប៉ះពាល់ទៅដល់កិត្តិយសយ៉ាងធ្ងន់ធ្ងរលើមន្ត្រីតុលាការខ្លះដែលស្អាតស្អំ។
សម្ដេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់គិតពីសុខទុក្ខប្រជាពលរដ្ឋ ក្នុងក្របខណ្ឌទូទាំងប្រទេស ខ្ពស់បំផុត ជាមួយនិងប្រតិកម្មដោយអំពើអយុត្តិធម៌ដោយចៅក្រមស៊ើបសួរលោក តូង ពុទ្ធារ៉ា សម្ដេចបានបញ្ជាឲ្យកូនប្រុសរបស់សម្ដេច២នាក់ ចេញដំណើរជាបន្ទាន់ទាំងយប់ ទៅដោះស្រាយយកខ្លួនធានាស្ត្រីរងគ្រោះកំពុងជាប់ឃុំ ឲ្យមានសេរីភាព។ វត្តមានលោក ហ៊ុន ម៉ានី និងលោក ហ៊ុន ម៉ានិត កូនប្រុសសម្ដេចតេជោនៅខេត្តកំពង់ស្ពឺធ្វើកិច្ចការនេះរហូតដល់ម៉ោង១១យប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦ ស្ត្រីរងគ្រោះត្រូវបានចៅក្រមនិងព្រះរាជអាជ្ញាសម្រេចឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន។ ស្ត្រីទាំងពីរនាក់បង្ហាញពីភាពក្ដុកក្ដួលមិននឹកស្មានដល់ថា សម្ដេចតេជោគិតគូពីសុខទុក្ខ និងការពារយុត្តិធម៌ដល់ប្រជាពលរដ្ឋក្នុងកម្រិតនេះទេ ជាមួយនិងវត្តមាននៅចំពោះមុខកូនសម្ដេចតេជោ ស្ត្រីទាំងពីរនាក់មិនដឹងជារកពាក្យអ្វីមកថ្លាថ្លែង ដឹងគុណដល់សម្ដេចតេជោ ហ៊ុន សែន ជាពិសេសវត្តមានលោក ហ៊ុន ម៉ានី និងលោក ហ៊ុន ម៉ានិត ដែលបន្ទៀបខ្លួនដ៏សាមញ្ញក្នុងមនោសញ្ចេតនាដ៏ជ្រាលជ្រៅបំផុតជាមួយនិងប្រជាពលរដ្ឋ កាន់តែធ្វើឲ្យគាត់ ពាំនាំពីទិដ្ឋភាពជាក់ស្ដែងនៅទីនោះ បានទៅកាត់ពួកគាត់ជាជនរងគ្រោះក្នុងជម្លោះដីធ្លីទាំង១៦៥គ្រួសារនិងទៅកាន់ពលរដ្ឋក្នុងភូមិ-ឃុំរបស់គាត់ថា ថ្នាក់ដឹកនាំបានគិតគូពីសុខទុក្ខ ស្វែងរកយុត្តិធម៌ ការពារជូនប្រជាពលរដ្ឋ។
ប្រជាពលរដ្ឋទាំង១៦៥គ្រួសារបានអះអាងថា ពួកគាត់រស់នៅក្នុងទីតាំងដំមានទំនាស់តាំងពីឆ្នាំ១៩៧៩ មកម៉្លេះ ប៉ុន្តែមានឈ្មោះ ប្រាក់ សៅ ជាអនុភូមិ លោក អ៊ុង សាមុត ជាដន្លងលោក ប្រាក់ សៅ ជាកូនប្រសារមេភូមិថ្មី លោក អ៊ឹម វិត, ឈ្មោះ ទូច សុភ័ក្រ និងឈ្មោះ ជីវ គុំ (ហៅគុំកំបុត) បានរំលោភបំពាននិងចេញប្លង់កម្មសិទ្ធិឲ្យទៅឈ្មោះ វណ្ណរា, ហង្ស សាត និងឈ្មោះ ផៃ វិចិត្រ ក្លាយទៅជារឿងទំនាស់ដីធ្លីនិងធ្វើឲ្យពួកគាត់ត្រូវបាត់បង់ដីធ្លី គ្មានជម្រកជាមួយនិងជីវភាពខ្វះខាតទៀតផង។
ការឃុំខ្លួនប្រជាពលរដ្ឋរងគ្រោះត្រូវបានគេទម្លាយឲ្យដឹងថា តុលាការនិងភាគីម្ខាងទៀត សង្ស័យក្នុងរឿងផលប្រយោជន៍ ទើបមានចេតនាឃុំខ្លួនតំណាងប្រជាពលរដ្ឋ ដើម្បីជាការបំបាក់ស្មារតី ខ្លាចរអា និងមិនរ៉ាំងស្ទះដល់អំពើទុចរិតរំលោភយកដីពីប្រជាពលរដ្ឋរបស់ពួកគេ ប៉ុន្តែការកសាងអំពើរល្អ ភាពអយុត្តិធម៌ក្នុងសង្គម បង្កឡើងដោយក្រុមមនុស្សល្មើសច្បាប់ អ្នកច្បាប់ពុករលួយ ពិតជាមិនអាចគេចផុតពីក្រសែភ្នែកសម្ដេចតេជោឡើយ ដើម្បីមានវត្តមានការពារប្រជាពលរដ្ឋរបស់សម្ដេចគ្រប់ពេលវេលា។ ដូច្នេះ គេគ្រប់គ្នាកំពុងតែរង់ចាំដោយក្ដីអន្ទះសារ ថាតើចៅក្រមស៊ើបសួរលោក តូង ពុទ្ធារ៉ា អាចប្រឈមទៅនិងផ្លូវច្បាប់យ៉ាងណាចំពោះកិច្ចប្រជុំដែលនិងត្រូវធ្វើឡើងនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦ ខាងមុខតាមការកោះហៅរបស់លោក អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌?
បន្ទាប់ពីមានរឿងអំពើមិនប្រក្រតីពីចៅក្រមស៊ើបសួរ លោក តូង ពុទ្ធារា និងប្រតិកម្មពីសម្ដេចតេជោ ហ៊ុន សែន កន្លងទៅថ្មីៗនេះ ក៏មានប្រភពអាចជឿទុកចិត្តបាន ចេញពីមន្ត្រីតុលាការសាលាដំបូងរាជធានីភ្នំពេញបានបង្ហើបថា បើរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ចាត់វិធានការប្រជុំកំណែទម្រង់ប្រព័ន្ធតុលាការ ពិសេសសំដៅទៅលើប្រធាន និងព្រះរាជអាជ្ញារាជធានី-ខេត្តពីគោលការនៃការឃុំខ្លួនបណ្ដោះអាសន្នក្នុងទំនាស់ដីធ្លី ឲ្យមាននិតិវិធីច្បាស់លាស់ប្រកបដោយតម្លាភាព យុត្តិធម៌នោះ ក្រសួងយុត្តិធម៌ក៏ដូចជា ឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម ក្រុមប្រឹក្សាវិន័យ គួរមានវិធានការស៊ើបអង្កេត តាមដានផងដែរចំពោះ សកម្មភាពរបស់លោក យូ ប៉ុនឡេង ប្រធានសាលាឧទ្ទរណ៍ ដែលតែងតែប្រើប្រាស់អំណាចឥទ្ធិពល ដោយមិនឈប់ឈរ លូកលាន់ អន្តរាគមន៍ មកសាលាដំបូងរាជធានីភ្នំពេញក្នុងរឿងទំនាស់ដីធ្លីនោះផង។ មន្ត្រីតុលាការបន្តបង្ហើបថា បើលោក យូ ប៊ុនឡេង ជាប្រធានសាលាឧទ្ទរណ៍ អ្នកច្បាប់ បែរជាចេញមុខ អន្តរាគមន៍ លូកលាន់កិច្ចការផ្ទៃក្នុងរបស់មន្ត្រីតុលាការសាលាដំបូងរាជធានីភ្នំពេញជាញឹកញាប់ ក្នុងចេតនាប្រយោជន៍ គឺធ្វើឲ្យការអនុវត្តច្បាប់គ្មានគតិយុត្តិ អំពើពុករលួយ អំពើអយុត្តិធម៌ បញ្ហាបក្សពួកនិយម ពិសេសយន្តការគឃ្លើនទៅនិងកំណែទម្រង់ប្រព័ន្ធតុលាការនៅតែកើតមាន ហើយអ្នកក្រ ពិសេសប្រជាពសរដ្ឋតូចតាច អ្នកគ្មានបុណ្យស័ក្តិ ពិតជាគ្មានរំពឹងទទួលបាននូវយុត្តិធម៌ក្នុងសង្គមឡើយ។ គេហ៊ានអះអាងថា លោក យូ ប៊ុនឡេង ប្រធានសាលាឧទ្ទរណ៍ មានរឿងរាប់កញ្ឆេរ ក្នុងវត្តមានយកអំណាចឥទ្ធិពល តួនាទីជាអ្នកច្បាប់ក្នុងស្ថាប័នរដ្ឋអន្តរាគមន៍មកមន្ត្រីតុលាការ ក្នុងសុំណុំរឿងដែលគាត់ចូលដៃចូលជើង ឬមានប្រយោជន៍។ ដូច្នេះ លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាចនិងដាក់ភាពសង្ស័យ ចាត់ទុកជាកម្មវត្ថុ រាល់ការទិទៀនរិះគន់ពីមន្ត្រីតុលាការមកលើលោក យូ ប៊ុនឡេង ដើម្បីកំណែទម្រង់និងលុបបំបាត់ ជាគម្រូល្អឲ្យអ្នកច្បាប់ ពិសេសប្រធាន ព្រះរាជអាជ្ញា រាជធានី-ខេត្តបញ្ឈប់នូវវប្បធម៌អន្តរាគមន៍ ឬ អនុវត្តខុសនិតិវិធី លើមូលដ្ឋានគតិយុត្តិ។ ពាក់ព័ន្ធពីការលើកឡើងពីមន្ត្រីតុលាការជុំវិញលោក យូ ប៊ុនឡេង ដូចខាងលើនោះ នគរដ្រេហ្គនមិនអាច ទាក់ទងបានទេពីលោកប្រធានសាលាឧទ្ទរណ៍រូបនេះ នារសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦ ដោយគ្មានលេខទូរស័ព្ទ។
កន្លងទៅប្រជាពលរដ្ឋទូទៅ បង្ហាញពីការឈឺចុកចាប់ដោយមិនអាចនិងថ្លែងបាន រាល់ភាពអយុត្តិធម៌ដែលខ្លួនធ្លាប់បានរងគ្រោះដោយបុគ្គលមន្ត្រីតុលាការខ្លះពុករលួយ មុខលុយ បក្សពួកនិយម ពិសេសពួកគាត់ក្នុងនាមអំណាចឆន្ទានុសិទ្ធិ មុនសម្រេចថ្លឹងថ្លែងផ្ដល់យុត្តិធម៌ណាមួយ មិនបានគិតទៅលើផ្លូវច្បាប់នោះទេ បែរជា ជ្រូតជ្រៀបក្នុងឧត្តមគតិរបស់ខ្លួនជាទម្លាប់ទៅហើយ រឿងតូចរឿងធំ ខុសឬត្រូវ អស់លោកមន្ត្រីតុលាការខ្លះមិនខ្វល់ មិនឈឺក្បាលទាល់តែសោះ សំខាន់គេមានគំនិតអាត្មានិយមគិតខ្ពស់បំផុតនិងសំខាន់គឺ (ថ្លឹងលុយ ថ្លឹងមនោសញ្ចេតនា) ខាងណាច្រើនជាងត្រូវតែឈ្នះ ។ រឿងរ៉ាវខ្លះរហូតដល់មានពាក្យលេចលឺថា បុគ្គលនៃមន្ត្រីតុលាការមុខលុយខ្លះ កុំថាឡើយពួកគេជាន់កប្រជាពលរដ្ឋរងគ្រោះ ធ្វើបាបនាយទុន ដើម្បីតែលុយ ពេលខ្លះសាច់ខ្លួនឯងមានជាបងប្អូនសាច់ញាតិ ម៉ែឪ មិត្តភក្តិក៏គេហ៊ានស៊ីដោយមិនញញើត និងគ្មានឧត្តមគតិខ្មាសអៀន ឬខ្លាចច្បាប់សូម្បីតែបន្តិច៕ សុខ ខេមរា