បាក់ស្រុតសាលារៀននៅក្នុងទីក្រុង Antwerp ប្រទេសប៊ែលហ្ស៊ិក បណ្តាលឲ្យមនុស្ស៥នាក់ស្លាប់និង៩នាក់រងរបួស ភ្លាមៗព្រះមហាក្សត្រ Philippe និងនាយករដ្ឋមន្ត្រីប៊ែលហ្ស៊ិចលោក Alexander De Croo បានទៅកាន់កន្លែងកើតហេតុត្រួតពិនិត្យស្ថានភាព។
នៅថ្ងៃទី ១៩ខែមិថុនា ក្រុមពន្លត់អគ្គិភ័យ ទីក្រុងAntwerp ប្រទេសប៊ែលហ្ស៊ិកបានឲ្យដឹងថា បានរកឃើញសាកសព២នាក់នៅក្រោមគំនរអគារបាក់បែកធ្វើឲ្យអ្នកស្លាប់កើតឡើងដល់៥នាក់។ ការដ្ឋានសាងសង់សាលារៀនបានបាក់ស្រុតកាលពីថ្ងៃទី ១៨ខែមិថុនា។ ជនរងគ្រោះគឺជាកម្មករសាងសង់សាលារៀន។
កម្លាំងប៉ូលិស បានឲ្យដឹងថា សាកសពពីរនាក់បានស្គាល់អត្តសញ្ញាណ គឺជនជាតិ ព័រទុយហ្គាល និង រ៉ូម៉ានី ចំណែក៣នាក់មិនទាន់ដឹងអត្តសញ្ញាណ នៅឡើយទេ។ នៅពេលនេះកម្លាំងប៉ូលិសកំពុងស្វែងរកជនជាតិរុស្ស៊ីម្នាក់និងព័រទុយហ្គាល់២នាក់ផ្សេងទៀតនៅបាត់ខ្លួននៅឡើយ។
កម្លាំងប៉ូលិសបែលហ្សុិកបានឲ្យដឹងថា ក្រៅពីអ្នកស្លាប់នៅមានមនុស្ស ៩នាក់ផ្សេងទៀតរងរបួស ក្នុងនោះមាន៣នាក់របួសធ្ងន់ត្រូវសង្គ្រោះបន្ទាន់។ មូលហេតុបណ្តាលឲ្យបាក់ស្រុតការដ្ឋានសាងសង់សាលារៀននៅមិនទាន់ដឹងនៅឡើយទេ។ ការដ្ឋាននោះសាងសង់ដោយក្រុមហ៊ុន Democo ។
ព្រះមហាក្សត្រPhilippe និងនាយករដ្ឋមន្ត្រី Alexander De Croo បានទៅកាន់កន្លែងកើតហេតុនៅថ្ងៃទី ១៩ ខែមិថុនា ដើម្បីត្រួតពិនិត្យស្ថាភាព ជាក់ស្តែង៕
កន្លែងគ្រោះថ្នាក់នៅថ្ងៃទី ១៨ មិថុនានៅបែលហ្ស៊ិកដែលបានសម្លាប់កម្មករ ៥ នាក់និងរងរបួសជាច្រើននាក់ទៀត។ (រូបភាព៖AFP )