ខេត្តបន្ទាយមានជ័យ÷ ពលករ ចំនួន ១៦នាក់ ដែលបម្រុងលួចឆ្លងដែនខុសច្បាប់ ត្រូវបានកម្លាំង វរសេនាតូចលេខ៥១១ កងពលតូចថ្មើរជើងលេខ៥១ ឃាត់ខ្លួនបាននៅវេលាម៉ោង ១និង២៥នាទីយប់ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១នេះ ខណៈពេលដែលពួកគេបម្រុងលួចឆ្លងដែនទៅប្រទេសថៃ ចំនួន ១៦នាក់ ក្នុងនោះស្រី ចំនួន ១០នាក់ ត្រង់ចំនុចភូមិសាស្ត្រ ភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ដោយមានបទបញ្ជាពីលោក ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ និងដឹកនាំកម្លាំងផ្ទាល់ដោយ លោកវរសេនីយ៍ត្រី លឹម វណ្ណារិទ្ធ មេបញ្ជាការវរសេនាតូចថ្មើរជើងលេខ៥១១ បានដឹកនាំកម្លាំងល្បាត២៤ម៉ោងលើ២៤ម៉ោង ដោយប្តូរវេនគ្នា សហការជាមួយកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ ដើម្បីទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់ និងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ មិនឲ្យចូលទៅក្នុងសហគមន៍។
ខណៈកងកម្លាំងចម្រុះល្បាត ក៏បានជួប ពលករបម្រុងលួចឆ្លងដែនចេញទៅប្រទេសថៃ ត្រូវបានកម្លាំង វរសេនាតូចលេខ៥១១ កងពលតូចថ្មើរជើងលេខ៥១ ឃាត់ខ្លួនបានតែម្តង។
សូមបញ្ជាក់ថា ក្រោយពីឃាត់ខ្លួនបាន លោកមេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១១ ក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋ កុំបន្តចាញ់បោកមេខ្យល់ ដែលតែងតែបញ្ចុះបញ្ចូល នាំពលករឆ្លងដែនដោយខុសច្បាប់ ដោយមិនគិតពីសុវត្ថិភាព និងខាតបង់ប្រាក់ជាបន្តបន្ទាប់ ជាពិសេសសូមបន្តចូលរួមអនុវត្តវិធានការ ៣កុំ ៣ការពារ ឲ្យបានទាំងអស់គ្នា។
បច្ចុប្បន្នពលករទាំង១៦នាក់ ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាល ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និងបន្តស្រាវជ្រាវរកមេខ្យល់ និងអ្នកពាក់ព័ន្ធចាត់វិធានការតាមផ្លូវច្បាប់៕
ដោយ៖ សូរិយា