ខេត្តបន្ទាយមានជ័យ÷នគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនបានបញ្ជូនជនសង្ស័យចំនួន០៦នាក់ ករណីនាំមនុស្សឆ្លងដែនខុសច្បាប់ទៅសាលាដំបូងខេត្ត នៅថ្ងៃទី២១ខែមិថុនា ឆ្នាំ២០២១នេះដើម្បីចាត់ការតាមច្បាប់ ។
លោក បោន សីហា អធិការស្តីទី ក្រុងប៉ោយប៉ែតបានឲ្យដឹងថា ជនសង្ស័យជាមេខ្យល់( អ្នករត់ម៉ូតូឌុប)និងប្រជាជនខ្មែរសរុបចំនួន១២នាក់ ត្រូវបានកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៩១១ឃាត់ខ្លួនហើយបានបញ្ជូនមកនគរបាលជំនាញផ្នែកប្រឆាំងការជួញដូរមនុស្សនិងការអនីតិជននៃអធិការរដ្ឋាននគរបាលក្រុងប៉ោយប៉ែតនៅវេលាម៉ោង០៣និង៤៥នាទីរសៀលថ្ងៃទី១៩ខែមិថុនា ឆ្នាំ២០២១។ ក្នុងនោះមាន វត្ថុតាងទូរស័ព្ទដៃ៦គ្រឿង,ម៉ូតូកង់បី១គ្រឿងនិងម៉ូតូ២គ្រឿង។
ជនសង្ស័យ មានឈ្មោះ ១.សុខា រ៉ាវុធ ភេទប្រុសអាយុ២០ឆ្នាំ ស្នាក់នៅភូមិបាលិលេយ្យ សង្កាត់និងក្រុងប៉ោយប៉ែត,២-ខេមរា សូរ៉ាវីត ហៅម៉ៅ ភេទប្រុសអាយុ៣២ឆ្នាំ ស្នាក់នៅភូមិក្បាលស្ពាន២ សង្កាត់និងក្រុងប៉ោយប៉ែត,៣-លី វ៉ន ភេទប្រុសអាយុ១៧ឆ្នាំ ស្នាក់នៅភូមិព្រៃព្រិច សង្កាត់និងក្រុងប៉ោយប៉ែត (អ្នកទាំង០៣នាក់នេះជាមេខ្យល់)។៤/-ឈ្មោះ ជីង ហៅ ណាន ភេទប្រុសអាយុ១៧ឆ្នាំ ស្នាក់នៅភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ,៥- ឈ្មោះប៉ែន ឆៃណាម ភេទប្រុសអាយុ១៨ឆ្នាំ ស្នាក់នៅភូមិប្រជាធម្មកើត សង្កាត់ផ្សារ កណ្តាល ក្រុងប៉ោយប៉ែត,៦/-ឈ្មោះយួម សឿម ភេទប្រុសអាយុ ៣៥ឆ្នាំ នៅភូមិសាមគ្គីមានជ័យ សង្កាត់និងក្រុងប៉ោយប៉ែត(០៣នាក់នេះជាអ្នកពាក់ព័ន្ធដឹកជញ្ជូនពលករដើម្បីឆ្លងដែន)។
លោកឌី សុជាតិ ស្នងការរងទទួលផែនការងារ នគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនឲ្យដឹងថាជនសង្ស័យជាមេខ្យល់ចំនួន០៣នាក់និងអ្នកពាក់ព័ន្ធចំនួន០៣នាក់ ត្រូវបានកម្លាំងនគរបាលជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធីច្បាប់នៅថ្ងៃទី២១ខែមិថុនា ឆ្នាំ២០២១នេះហើយដែរ។ ចំណែកប្រជាពលរដ្ឋទាំង៦នាក់ បញ្ជូនទៅធ្វើចត្តាឡីស័ក នៅវិទ្យាល័យនិមិត្ត ក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ៕
ដោយ÷វណ្ណា